• 2023-03-07 04:49:30
  • ភាពយន្ត

ម៉ង់ ចាន់កញ្ញា បង្ហើបអារម្មណ៍ចង់សម្ដែងភាពយន្ដ ខណៈអាជីពចម្រៀងក៏មមាញឹកនៅដើមឆ្នាំ២០២៣

  • 2023-03-07 04:49:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាចម្រៀងអាជីព ម៉ង់ ចាន់កញ្ញា បានប្រឡូកក្នុងវិស័យសិល្បៈតាំងពីឆ្នាំ២០១០ ប៉ុន្ដែរយៈពេលជាង ១០ឆ្នាំមកនេះ កញ្ញាពុំដែលមានឱកាសបង្ហាញសមត្ថភាពសម្ដែងក្នុងខ្សែភាពយន្ដឲ្យផលិតកម្មណាមួយដូចជាការងារច្រៀងឡើយ។ តាមរយៈបទសម្ភាសន៍ខ្លីមួយជាមួយ Sa-bay នៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៣ នេះ កញ្ញាបង្ហាញអារម្មណ៍ចង់សម្ដែងខ្សែភាពយន្ដ។

តារាចម្រៀងសម្រស់ និងកម្ពស់បានរូបនេះ និយាយថា បើសិនជាមានឱកាស គឺចង់សម្ដែងទាំងរឿងបុរាណ និងរឿងបែបបច្ចេកវិទ្យាទំនើប ហើយចំពោះតួអង្គវិញមិនរើសច្រើនឡើយ គឺចង់សាកទាំងអស់។ ដោយទឹកចិត្ដស្រឡាញ់សិល្បៈពេក កញ្ញាថាភ្លក្សរសជាតិសិល្បៈឲ្យបានច្រើនទម្រង់ ឲ្យតែមានឱកាស កញ្ញានឹងមិនឲ្យរំលងឡើយ ហើយក៏រង់ចាំការផ្ដល់ឱកាសពីផលិតករ ឬផលិតកម្មផ្សេងៗដែរ។

តាមពិតកញ្ញា ម៉ង់ ចាន់កញ្ញា ធ្លាប់ប្រឡងចម្រៀងក្នុងកម្មវិធី “មហោស្រពខ្មែរជាសកល” ជាប់ចំណាត់ថ្នាក់លេខ៥ កាលពីឆ្នាំ២០១០។ ក្រោយមក គឺនៅឆ្នាំ២០១៤ កញ្ញា ក៏បានប្រឡងចម្រៀងក្នុងកម្មវិធីមួយទៀតរបស់ស្ថានីយទូរទស្សន៍ប៉ុស្ដិ៍លេខ១១ ជាប់ចំណាត់ថ្នាក់លេខ១។ បន្ទាប់ពីនោះ កញ្ញាក៏បានប្រឡងក្នុងកម្មវិធី Cambodia Idol រដូវកាលទី២ ប៉ុន្ដែត្រូវបានគណកម្មការជម្រុះនៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។

បន្ទាប់ពីឆ្លងកាត់បទពិសោធន៍ច្រើនដង ហើយមានទឹកដមសំឡេងល្អ ទទួលបានការគាំទ្រច្រើនពីមហាជនផងនោះ ម៉ង់ ចាន់កញ្ញា ក៏ចាប់អាជីពចម្រៀងរហូតមកដល់សព្វថ្ងៃ ប៉ុន្ដែឥឡូវនេះកញ្ញាចង់ភ្លក្សរសជាតិសម្ដែងមួយទៀត៕

ជិន សុភ័ក្ដ្រ

មតិយោបល់