• 2023-03-15 03:19:41
  • ភាពយន្ត

នៅពេលរឿងចេញហើយខ្វះការគាំទ្រ តើគួរបន្ទោសផលិតករ ឬទស្សនិកជន? លៀក លីដា ផ្ដល់ចម្លើយដ៏សមហេតុផល

  • 2023-03-15 03:19:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នកឯកទេសផលិតភាពយន្ដទាំងនៅក្នុងស្ថាប័នរដ្ឋ និងឯកជន បានមើលឃើញថា វិស័យភាពយន្ដកម្ពុជា បានងើបឡើងវិញបន្ដិច ក្រោយពីរាំងស្ទះដំណើរការទីផ្សារ និងផលិតដោយសារវិបត្ដិជំងឺកូវីដ-១៩ អូសបន្លាយជិត ៣ឆ្នាំ។ ទន្ទឹមគ្នានេះក៏មានផលិតករ ប្រកាសក្ស័យធន បិទទ្វារផលិតកម្ម និងខ្លះដកឃ្លាពីការផលិតទៅរកជំនួញផ្សេង ដោយថាខ្វះការគាំទ្រពីមហាជន។

ជាក់ស្ដែងថ្មីៗ ផលិតករ ស៊ុម ភារិន បានប្រកាសថាខ្លួនខាតបង់ប្រាក់ខ្ទង់ម៉ឺនដុល្លារ លើការផលិតភាពយន្ដ ដោយសារចំណាយច្រើន តែចំណូលបានមកវិញតិច ព្រោះមិនសូវមានអ្នកគាំទ្រ ឬទស្សនា។ មុនប្រកាសការខាតបង់នេះ គេឃើញលោកសម្ពោធចាក់បញ្ចាំងខ្សែភាពយន្ដមួយ គឺរឿង “សាកសព ១០០ឆ្នាំ” ប៉ុន្ដែមិនសូវមានអ្នកគាំទ្រ ឬទស្សនិកជនចូលមើលច្រើន។

បន្ដិចក្រោយមក ក៏ស្រាប់តែផលិតករម្នាក់ទៀត គឺលោក ហ៊ុយ យ៉ាឡេង ប្រកាសថាខ្លួនជំពាក់បំណុលគេច្រើនដោយសារតែផលិតរឿងបានហើយខ្វះអ្នកគាំទ្រ។ លោកបង្ហាញមូលហេតុថា ពេលលោកខ្វះថវិកាផលិតរឿង ជំរុញឲ្យលោកបង្ខំចិត្ដរត់ទៅខ្ចីបុលគេពីមួយទៅមួយ ដើម្បីថតបញ្ចប់ខ្សែភាពយន្ដដែលខ្លួនគិតថានឹងទទួលបានការគាំទ្រខ្លាំង។ តែផ្ទុយទៅវិញខ្សែភាពយន្ដរឿង “គ្រោះជីវិតកូវីដ-១៩” ដែលលោកផលិតនោះមិនសូវមានអ្នកគាំទ្រ រហូតដល់ថ្នាក់លោកប្រកាសដកឃ្លាមួយរយៈចេញពីវិស័យភាពយន្ដ ហើយរត់ទៅលក់ដីឡូត៍នៅខេត្ដសៀមរាប។

អ្វីដែលកាន់តែភ្ញាក់ផ្អើលនៅក្នុងវិស័យភាពយន្ដ ក្រោយស្ថានភាពជំងឺកូវីដ-១៩ បានស្ងប់ស្ងាត់គឺមានផលិតកម្មថ្មីមួយទៀត គឺផលិតកម្មក្រុងពិជ័យរបស់លោក ចាន់ណា ចំណាន ហៅរ៉ូណាន ក៏បានប្រកាសបិទផលិតកម្មទាំងដែលផលិតកម្មរបស់ខ្លួនទើបផលិតរឿងខ្នាតធំបានមួយ គឺរឿង “សំណើច៦៥២Km” ដោយសារតែមិនសូវមានអ្នកគាំទ្រ ឬអ្នកទស្សនា ធ្វើឲ្យលោកខាតបង់ប្រាក់ជិត ១០ម៉ឺនដុល្លារ។ មុនប្រកាសបិទទ្វារ លោកក៏បង្ហាញអារម្មណ៍ ហាក់អន់ចិត្ដជាមួយមហាជន ឬទស្សនិកជនខ្មែរ ដែលនិយមមើលតែខ្សែភាពយន្ដបរទេសជាង ហើយមិនសូវគាំទ្រខ្សែភាពយន្ដខ្មែរ ផលិតដោយផលិតករខ្មែរដូចគ្នា។

នៅពេលដែលខ្សែភាពយន្ដមួយ ត្រូវបានដាក់បញ្ចាំងនៅលើកញ្ចក់ទូរទស្សន៍ ឬតាមរោងភាពយន្ដ ហើយពុំមានអ្នកគាំទ្រ សំណួរមួយដែលត្រូវចោទសួរមុនគេ គឺថាតើគួរបន្ទោសផលិតករដែលផលិតរឿងពុំមានគុណភាព មិនអាចថ្ពក់ចិត្ដមហាជន ឬគួរបន្ទោសទស្សនិកជនដែលមិនសូវមើលរឿងដែលខ្លួនមិនសូវចាប់អារម្មណ៍?

និយាយដោយមិនចំពោះផលិតករណាម្នាក់ ចាងហ្វាងផលិតកម្ម LD លោក លៀក លីដា បានលើកឡើងថា ក្នុងវិស័យភាពយន្ដជាតិ លោកបានដាក់តួនាទីឲ្យខ្លួនឯងសំខាន់៣ គឺទី១ ជាប្រធានសមាគមផលិតករភាពយន្ដកម្ពុជា ទី២ ជាអ្នកដឹកនាំរឿងដែលមានគុណភាព និងទី៣ ជាអ្នកតាមលាងជម្រះពាក្យអ្នកមើលកុនខ្មែរ ហើយថាកុនខ្មែរអន់មើលមិនកើត។

មិនចង់ឲ្យមានការចម្អន់ ឬវាយតម្លៃជារួមលើផលិតករខ្មែរទាំងអស់ លោក លៀក លីដា ស្នើឲ្យមហាជន ឬទស្សនិកជន ត្រូវចេះថ្លឹងថ្លែង វាយតម្លៃតែចំពោះផលិតករ និងខ្សែភាពយន្ដណាដែលខ្លួនមិនពេញចិត្ដទៅបានហើយ។ តាមរយៈបណ្ដាញសង្គមលោកធ្លាប់បញ្ជាក់ថា នៅពេលរឿងខ្វះការគាំទ្រ គួរកុំបន្ទោសទស្សនិកជន តែផលិតករគួរមើលខ្លួនឯង ថាតើផលិតរឿងមានគុណភាពកម្រិតណា? លោក លៀក លីដា បញ្ជាក់ថា៖ “ដូច្នេះ សូមកុំវាយជារួមអី សូមបងប្អូនវាយតម្លៃតែចំពោះទៅបានហើយ”៕

ជិន សុភ័ក្ដ្រ

មតិយោបល់