• 2023-04-05 03:18:16
  • ភាពយន្ត

Wonder film បង្ហាញ​ភាពអស្ចារ្យ​ថ្មីមួយ​ទៀត តាម​រយៈរឿង "កំណើតអរូប” កាល​ពី​យប់មិញ

  • 2023-04-05 03:18:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដូចការគ្រោងទុកផលិតកម្ម wonder film បានសម្ពោធខ្សែភាពយន្ដខ្មែរខ្នាតធំ រឿង”កំណើតអរូប” នៅយប់ថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៣ បន្ទាប់ពីឆ្លងកាត់ការថតយ៉ាងលំបាកនៅអំឡុងពេល នៃស្ថានភាពជំងឺកូវីដ-១៩ វាយលុកខ្លាំង។ ម្ចាស់ផលិតកម្មអះអាងថា ទម្រាំបានឡើងរោងកុន ខ្សែភាពយន្ដនេះ ត្រូវចំណាយពេលយូរ និងទុនច្រើន ព្រោះត្រូវបញ្ចូលអ្នកជំនាញ និងតួបរទេស សង់ស្ទូឌីយោ ឬកន្លែងថតថ្មី ព្រមទាំងប្រើឧបករណ៍បច្ចេកទេសផលិតសុទ្ធតែស្ដង់ដារអន្ដរជាតិ។

ថ្លែងទៅកាន់អ្នកសារព័ត៌មានជាច្រើនស្ថាប័ន ក្នុងឱកាសដាក់បញ្ចាំងខ្សែភាពយន្ដនេះនៅផ្សារទំនើបអ៊ីអន១ ចាងហ្វាងផលិតកម្ម និងជាម្ចាស់ស្នាដៃ គឺលោក សែម វិសាល ថា នៅពេលចេញTrailer មានប្រិយមិត្ដខ្លះច្រឡំថាជារឿងបរទេស និងខ្លះថាថតដោយផលិតកម្មបរទេស ប៉ុន្ដែតាមពិតទៅគឺជាស្នាដៃផលិតករខ្មែរសុទ្ធសាធ ដោយគ្រាន់តែយើងបញ្ចូលតួអង្គ និងអ្នកជំនាញខ្លះប៉ុណ្ណោះ។

សែម វិសាល៖ “យើងមានគោលបំណងជម្រុញនូវកម្រិតទីផ្សារភាពយន្ដខ្មែរទៅលើឆាកអន្ដរជាតិ ដូច្នេះហើយយើងបង្កើតcontent ប្រភេទសាច់រឿងដែលមានលាយឡំគ្នា។ បើយើងនិយាយពីវប្បធម៌ អាចថាមានការផ្លាស់ប្ដូរគ្នា ហើយណាមួយទៀតវិស័យភាពយន្ដខ្មែររបស់យើងស្ថិតនៅក្នុងកម្រិតមួយត្រូវបន្សាំខ្លួនជាមួយប្រទេសជិតខាង ក៏ដូចជាបណ្ដាភាពយន្ដនៅអ៊ឺរ៉ុប”។

ផលិតកររូបនេះ គូសបញ្ជាក់ថា ខ្លឹមសារទាំងមូល នៃរឿង”កំណើតអរូប” គឺបង្ហាញពីគ្រួសារបរទេសមួយពីប្រទេសបារាំង មករស់នៅស្រុកខ្មែរ ហើយជួបរឿងអប្បិយជំនឿជាច្រើន។ ក្នុងសាច់រឿងដដែលនេះ ក៏ចង់បង្ហាញពីជំនឿដោយមានហេតុផល មិនចេះតែជឿដោយគ្មានហេតុផល ហើយតាមរយៈរឿងនេះ នឹងបង្ហាញឲ្យប្រិយមិត្ដយល់ច្បាស់ និងអាចវិភាគលើហេតុផលជាក់លាក់ មុននឹងជឿទៅលើរឿងអ្វីមួយ។ ប៉ុន្ដែលោកថា បើទោះបីជារឿងនេះបង្ហាញពីហេតុផលអបរំ និងការពិត តែវាក៏បង្កប់នូវភាពព្រឺព្រួច ភ័យរន្ធត់ផងដែរ ព្រោះវាត្រូវទៅនឹងបរិបទ ឬតម្រូវទៅតាមចិត្ដទស្សនិកជនភាគច្រើន។

សូមរំលឹកថា ផលិតកម្ម Wonder film បានសម្ពោធចាក់បញ្ចាំងខ្សែភាពយន្ដខ្មែរខ្នាតធំ រឿង”កំណើតអរូប” កាលពីយប់មិញដោយមានការអញ្ជើញចូលរួមពីតំណាងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ផលិតករល្បីៗ ព្រមទាំងសិល្បករ-សិល្បការិនីជាច្រើនរូប នៅរោងកុនMajor ផ្សារទំនើបអ៊ីអន១ កាលពីល្ងាចថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៣៕

ជិន សុភ័ក្ដ្រ

មតិយោបល់
អត្ថបទពេញនិយម