- 2023-10-10 05:33:39
- ភាពយន្ត
ពង្រីកសក្ដានុពលភាពយន្ដខ្មែរ! ថ្ងៃនេះ Wonder film និង A-Picture បោះជើងមួយជំហានទៀត
- 2023-10-10 05:33:39
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ពង្រីកសក្ដានុពលភាពយន្ដខ្មែរ! ថ្ងៃនេះ Wonder film និង A-Picture បោះជើងមួយជំហានទៀត
ចន្លោះមិនឃើញ
Wonder film និង A-Picture ដែលជាផលិតកម្មភាពយន្តឈានមុខគេនៅកម្ពុជា បានបោះមួយជំហានទៀតក្នុងការពង្រីកខ្សែភាពយន្ដខ្មែរស្ទើរគ្រប់រសជាតិទៅកាន់ទីផ្សាររោងភាពយន្ដថ្នាក់ជាតិ និងអន្ដរជាតិ ដោយចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន Tham Studio 19 ដែលជាក្រុមហ៊ុនផលិត និងចែកចាយភាពយន្តនៅប្រទេសថៃ។
នៅក្នុងពិធីចុះកិច្ចព្រមព្រៀងកាលពីថ្ងៃទី ៦ ខែតុលា ឆ្នាំ២០២៣ តំណាង នៃក្រុមហ៊ុនទាំង ៣ស្ថាប័ន បញ្ជាក់ថា សម្ព័ន្ធភាពនេះ ត្រូវបានបង្កើតឡើងក្នុងក្របខ័ណ្ឌផ្លូវការ ដើម្បីធ្វើការរួមគ្នាប្រកបដោយប្រសិទ្ធភាព និងបង្ហាញពីអត្ថន័យ នៃភាពជាអ្នកដឹកនាំ ឆ្ពោះទៅរកភាពរីកចម្រើន និរន្តរភាព និងកិច្ចសន្ទនាប្រកបដោយជំនាញក្នុងការផលិត និងចែកចាយភាពយន្ត។
ក្នុងគោលបំណងផ្លាស់ប្តូរវប្បធម៌មិនរើសអើងលើគ្រប់បញ្ហា ដើម្បីពង្រីកឱ្យកាន់តែទូលំទូលាយលើវិស័យភាពយន្ដទាំងទីផ្សាក្នុងស្រុក និងក្រៅស្រុក។ ផលិតកម្ម Wonder film ក៏សម្រេចបញ្ចេញខ្សែភាពយន្ដខ្មែរបែបភ័យរន្ធត់មួយ គឺរឿង”កំណើតអរូប” ទៅចាក់បញ្ចាំងនៅប្រទេសឡាវ នៅថ្ងៃទី១៩ ខែតុលា និងនៅប្រទេសថៃនៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ ហើយនៅដើមឆ្នាំ២០២៤ Wonder film គ្រោងនឹងបញ្ចេញរឿងមួយទៀត ទៅកាន់ទីផ្សារ នៃប្រទេសទាំងនេះដែរ គឺរឿង”កុំដេក”។
ចាងហ្វាងផលិតកម្ម Wonder film លោក សែម វិសាល បង្ហាញជំនឿចិត្ដថា ការចាប់ដៃគ្នានៅពេលនេះ អាចនឹងក្លាយជាកម្លាំងកាន់តែខ្លាំង និងចំទិសដៅតែមួយ គឺចែកចាយភាពយន្តខ្មែរទៅកាន់ទីផ្សារអន្ដរជាតិកាន់តែទូលំទូលាយ និងអភិវឌ្ឍន៍គម្រោងផលិតភាពយន្តរួមគ្នា។
អស់រយៈពេលជាច្រើនឆ្នាំមកនេះ គេសង្កេតឃើញផលិតកម្ម Wonder film នៅក្រាញននៀលក្នុងវិស័យភាពយន្តខ្មែរ បើទោះបីអំឡុងពេលដ៏ពិបាក នៃការឆ្លងរាតត្បាតជំងឺកូវីដ-១៩ ក៏ផលិតកម្មមួយនេះ រិះរកគ្រប់មធ្យោបាយដើម្បីផលិតភាពយន្តឱ្យមានគុណភាព ត្រៀមបញ្ចេញទៅកាន់ទីផ្សារអន្ដរជាតិ។ ដូចការគ្រោងទុក ផលិតកម្មដែលមហាជនទទួលស្គាល់ខ្លាំងលើស្នាដៃខ្សែភាពយន្ដបែបភ័យរន្ធត់មួយនេះ បានបញ្ចេញរឿងរបស់ខ្លួនទៅកាន់ទីផ្សារអន្តរជាតិបណ្ដើៗហើយ៕