• 2023-10-27 03:14:21
  • ភាពយន្ត

ហេតុផលនាំចិត្តអ្នកនិពន្ធ សុខ ចាន់ផល ជ្រើស ស៊ឹម ស្រីនិច្ច និងហូ សារៈ ជាតួឯករឿង «សង្សារ១៤ថ្ងៃ»

  • 2023-10-27 03:14:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រឿង «សង្សារ ១៤ថ្ងៃ» ជាភាពយន្តខ្នាតធំ ដែល​ជា​ស្នាដៃនិពន្ធរបស់លោក សុខ ចាន់ផល អ្នកនិពន្ធដែលបាន​សាងភាពល្បីល្បាញក្នុងវិស័យនេះជា​ច្រើន​ឆ្នាំ។ នេះជារឿង​ដែល​បាន​ដក​ស្រង់​ចេញពីប្រលោមលោកស្នេហាដែលមាន​ចំណងជើង​ដូចគ្នានេះ​ដែរ។

ក្រៅពីសាច់រឿង​ស្នេហា បង្ហាញ​ពី​ដំណើរ​ជីវិតរបស់កំលោះក្រមុំមួយគូ «សង្សារ១៤ថ្ងៃ» ក៏បាន​ធ្វើឲ្យអ្នក​ទស្សនា​ជក់ចិត្តនឹង​ការសម្ដែងរបស់ តួ​អង្គ​ទាំងអស់ដែរ ដោយក្នុង​នោះតួឯកប្រុសស្រី​ធ្វើឲ្យគ្រប់គ្នា​តាមដាន​ជាងគេ។

ស៊ឹម ស្រីនិច្ច ត្រូវ​សម្ដែងជាតួ យ៉ានី យុវតីវ័យក្មេង​ដែល​មាន​បេះដូង​បរិសុទ្ធ និង​ទន់ភ្លន់ តែ​ត្រូវ​ខក​ចិត្តដោយសារ​តែស្នេហាគ្រា​ដំបូង​របស់នាង​កាលពី​នៅ​សិក្សា។ ដោយសារ​តែភាព​ឈឺចាប់​នេះ​បាន​បាន​ធ្វើឲ្យនាង កែប្រែជីវិតក្លាយជា​នារី​ដែល​មាន​ភាព​រឹងមាំ និង​មិនចេះចុះចាញ់​នឹង​ជីវិត​ដែលព្រហ្មលិខិតតាក់តែង​មក។

មាសា គឺជា​តួ​ឯក​ប្រុស​ដែល​បាន​ក្លាយជា​ហេតុផល​ដែល​ធ្វើឲ្យ​បេះ​ដូង​យុវតី **យ៉ានី​**ត្រូវគ្រាំគ្រា។ ប៉ុន្តែ​ដោយសារ​និស្ស័យ​គូ ចិត្តស្រឡាញ់របស់គេ​មិន​បាន​ទៅណា​ឡើយ ពោលគឺ​នៅ​ដក់ជាប់នឹង​តួ​ស្រី​រហូត​មករាប់ឆ្នាំ។ តួ មាសា ត្រូវ​បាន​សម្ដែង​ដោយលោក ហូ សារៈ

ដោយឡែក​ តើ​មាន​មូលហេតុអ្វី​ ទើប​អ្នកនិពន្ធ​ សុខ ចាន់ផល ដែល​ក៏ជាអ្នកជ្រើសតួ សម្រេច​យកតារាប្រុស​ស្រី​ទាំង​ពីរ​មក​សម្ដែង​នៅក្នុង​ភាព​យន្តខ្នាតធំ​មួយនេះ?

ផ្អែក​តាម​ការផ្ដល់​បទសម្ភាស​ផ្ទាល់​ជាមួយ​នឹង​ក្រុមការងារ Sabay អ្នកនិពន្ធ​ឆ្នើម​រូប​នេះ​បានឲ្យដឹងថា ហេតុផល​ដែល​លោកជ្រើសតារាសម្ដែង ស៊ឹម ស្រីនិច្ច ក៏ព្រោះនៅពេល​លោកសរសេររឿងនេះ លោកបាន​នឹកឃើញដល់នាងភ្លាម។ ចរិតបែបកាច រឹងមាំរបស់តួ ប៉ុន្តែបង្កប់នូវអារម្មណ៍អ្វីម្យ៉ាងដែលគ្មានអ្នកណាស្មានដល់ ពិតជា​ត្រូវ​នឹង​ ចរិតរបស់ ស្រីនិច្ច ទើប​ លោក សុខ ចាន់ផល លែង​ស្ទាក់ស្ទើរ និង​សម្រេច​យកនាង​ជា​តួឯកស្រីតែម្ដង។ បន្ថែមពី​លើនេះ សមត្ថភាព​របស់​ ស៊ឹម ស្រីនិច្ច ពិតជាមិនធម្មតា ពោរពេញទៅ​ដោយភាព​ប៉ិនប្រសប់ និង​គយរឲ្យសរសើរ។

ហូ សារៈ ដែលគ្រប់គ្នា​ស្គាល់ច្បាស់ជា អតីត Freshie Boy លេខ១ ប្រចាំឆ្នាំ ២០១១ វិញ ទទួល​តំណែង​តួ​ឯកប្រុសក្នុងរឿង «សង្សារ១៤ថ្ងៃ»។ បើតាមអ្នកនិពន្ធ​ដដែល​បាន​បញ្ជាក់ថា តារាប្រុសរូបនេះ​ពុំសូវជា​បង្ហាញ​មុខ​ច្រើន​ទេក្នុងវិស័យសិល្បៈនាពេល​កន្លងមក។ ប៉ុន្តែហេតុផលដែលលោក សុខ ចាន់​ផល ជ្រើស សារៈ ក៏ដោយសារមុខមាត់ និង​ចរិតដែលពិតជា​ស័ក្តិសមនឹង​តួ មាសា បំផុត។

ដូច្នេះ​ ដើម្បី​កាន់តែជ្រាប​ច្បាស់​ថា​តើភាពយន្តខ្នាតធំ បម្លែង​ខ្លួន​ពីប្រលោមលោកស្នេហា «សង្សារ១៤ថ្ងៃ» មាន​រសជាតិយ៉ាងណា ប្រិយមិត្តអាចទៅទស្សនា​បាន នៅគ្រប់រោងភាព​យន្តក្នុងប្រទេស​កម្ពុជា ចាប់ពីថ្ងៃទី ១៩ ខែតុលា ឆ្នាំ២០២៣ តទៅ៕

អត្ថបទ៖ ធារី

មតិយោបល់