• 2023-10-31 04:27:11
  • ភាពយន្ត

បុរសខិលក្នុងរឿង ប៉ុន្ដែនៅក្រៅវិញ ប៊ុន លីម៉ា ជោគជ័យខ្លាំងទាំងការងារសិល្បៈ និងជំនួញ

  • 2023-10-31 04:27:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មហាជន ជាពិសេសអ្នកតាមដានខ្សែភាពយន្ដ និងចម្រៀងកាយវិការ ពិតជាបានស្គាល់ច្បាស់ពីដំណើរជោគជ័យរបស់អតីត Freshy boy ឆ្នាំ២០០៨ គឺលោក ប៊ុន លីម៉ា។ ថ្មីៗនេះ លីម៉ា ទទួលបានការងារសិល្បៈក៏ច្រើន ខណៈភោជនីយដ្ឋានទើបបើកថ្មីក៏កាក់កប។

តារាសម្ដែងរូបសង្ហារ ប៊ុន លីម៉ា បានបង្ហើបប្រាប់ Sabay នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ ថាបច្ចុប្បន្នរូបលោកពិតជាទទួលបានការងារសម្ដែងច្រើន ហើយក៏កំពុងរវល់ខ្លាំងជាមួយអាជីវកម្មផ្ទាល់ខ្លួនដែរ គឺភោជនីយដ្ឋានមួយឈ្មោះ “បងម៉ាប់ អ៊យស្ទ័រ” នៅរាជធានីភ្នំពេញ។

ឆ្លងកាត់បទពិសោធន៍សម្ដែងច្រើនឆ្នាំ លីម៉ា ត្រូវបានអ្នកដឹកនាំសម្ដែងស្ទើរគ្រប់គ្នា បានដាក់ឲ្យលោកដើរជាតួអង្គប្រុសដែលមានចរិតខិលខូច ក្បត់ចិត្ដប្រពន្ធ ព្រោះមិនថាតែអ្នកដឹកនាំសម្ដែងទេ សូម្បីតែមហាជនដែលធ្លាប់បានទស្សនារឿងរបស់លោកកន្លងមកក៏លាន់មាត់កោតសរសើរនូវទេពកោសល្យសម្ដែងរបស់លោកថាពិតជាសក្ដិសមបំផុតសំរាប់តួអង្គបែបនេះ។

បើគ្រាន់តែគិតត្រឹមខ្សែភាពយន្ដមួយចំនួនរបស់ផលិតកម្ម Sastra film ដែលមានរូបលោកសម្ដែងដូចជារឿង “តណ្ហា” រឿង”ព្រោះតែស្រី” និងរឿង “ប្រពន្ធដើមក្លាយជាប្រពន្ធចុង” ប៊ុន លីម៉ា បានអង្គ្រួនបេះដូងអ្នកទស្សនារាប់លាននាក់ ឲ្យមើលស្លុង និងពេលខ្លះឈឺចាប់ជំនួសតួស្រីដែលលោកធ្វើបាបនៅក្នុងសាច់រឿង។ ទន្ទឹមគ្នានោះ ប៊ុន លីម៉ា ក៏ល្បីកាន់តែខ្លាំង តាមរយៈមហាជនជេរស្ដីលោកដោយឈឺចាប់នៅក្នុងសាច់រឿងជាច្រើន។

ប៉ុន្ដែផ្ទុយពីភាពឡូយឆាយ និងខិលខួចប្រពន្ធច្រើននៅក្នុងសាច់រឿង នៅខាងក្រៅសាច់រឿងវិញ ប៊ុន លីម៉ា ជាសុភាពបុរស ហើយមានសមត្ថភាពខ្លាំងទាំងខាងរកស៊ី និងមានទេពកោសល្យខាងវិស័យសិល្បៈ៕

ជិន សុភ័ក្ដ្រ

មតិយោបល់