• 2024-05-07 02:50:38
  • ព័ត៌មាន

ជីវិតពិតតួស្រីរឿង «ផ្នូរបិសាច» Kim Go Eun នារីចិត្តមាំទាំងក្នុង និងក្រៅរឿង

  • 2024-05-07 02:50:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Kim Go Eun ជា​តារា​សម្ដែង​កូរ៉េ​ខាង​ត្បូង​ដ៏​មានប្រជាប្រិយភាពមួយ​រូប និងកំពុងទទួលបានការចាប់អារម្មណ៍សម្រាប់វត្តមានរបស់នាងក្នុងភាពយន្តខ្នាតធំ «ផ្នូរបិសាច»«Exhuma»

ទោះជាយ៉ាងណា កន្លងមក​នាង​បាន​សាងភាពល្បីល្បាញលើថ្នាលសិល្បៈតាមរយៈរឿង «Goblin», «The King: Eternal Monarch» និងរឿងជាច្រើនទៀតដែលភាគច្រើនសុទ្ធតែទទួលបានការគាំទ្ររទូទាំងពិភពលោក។ នេះគឺជាការពិតដែលគួរឱ្យចាប់អារម្មណ៍មួយចំនួនអំពីតារាវ័យ ៣២ ឆ្នាំរូបនេះ។

ប៉ុន្តែនៅពេលនេះ Sabay នឹង​លើកយករឿងរ៉ាវចេញពីជីវិតពិតក្រៅសិល្បៈរបស់តារា​ស្រីដ៏មានទេពកោសល្យរូបនេះ៖

១. ការពិតគួរឱ្យចាប់អារម្មណ៍អំពី Kim Go Eun

តារាស្រីរូបនេះ កើតនៅថ្ងៃទី ០២ ខែកក្កដា ឆ្នាំ ១៩៩១ នៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង ប៉ុន្តែ នៅអាយុ ៣ ឆ្នាំ Go Eun បានផ្លាស់ទៅនៅប្រទេសចិនជាមួយគ្រួសារ។ នាង​បាន​ចំណាយ​ពេល​ ១០​ឆ្នាំ​ក្នុងការប្រើ​ជីវិតនៅ​ប្រទេស​ចិន ជា​កន្លែង​មួយ​ជិត​ក្រុង​ប៉េកាំង ជាហេតុនាងអាចនិយាយភាសាចិនបានយ៉ាងស្ទាត់។ ពេលត្រឡប់មករស់នៅកូរ៉េវិញ គឺនៅពេលនាងមានវ័យជំទង់ទៅហើយ។

២. ពុំធ្លាប់មានក្ដីសុបិនចង់ធ្វើជាតារាសម្ដែងឡើយ

ទោះបីជា Go Eun មិនដែលស្រមៃចង់ក្លាយជាតារាសម្តែង ក៏អាជីពសម្តែងរបស់នាងបានចាប់ផ្តើមដោយឯកឯង តាំងពីនៅវិទ្យាល័យ។ ក្រោយនាងសម្តែងនៅវិទ្យាល័យ មហិច្ឆតាក្នុងការសម្តែងក៏ស្រាប់តែឆេះឆួលឡើង ហេតុនេះនាងក៏បានសម្រេចចិត្តបន្តវាទៀត។

៣. អាចច្រៀងបានយ៉ាងពីរោះ

មិនត្រឹមតែជាតារាសម្ដែងដែលពោរពេញទៅដោយសមត្ថភាពអស្ចារ្យទេ Go Eun ក៏មានទេពកោសល្យក្នុងការច្រៀងដែរ ដែលសំឡេងរបស់នាងត្រូវមហាជន​សរសើរថាអាចចាប់អាជីពជាតារាចម្រៀងបាន។

៤. ជានារីដែលចូលចិត្តកីឡាបែបផ្សងព្រេង

នាង​មិន​ខ្លាច​អ្វី​ឡើយ​តាំងពី​​លោត​ទឹក ឬ​លោត​មេឃ និងមុជចូលទឹកជ្រៅ (Scuba Diving) ជាដើម។

តារា​ស្រី​រូប​នេះ​តែង​ទៅ​លោត​ទឹក ​ដើម្បី​បំបាត់​ភាព​តាន​តឹង។ ទោះបីជាយ៉ាងណាក៏ដោយ នាងបានរក្សាវាទុកជាអាថ៌កំបាំងពីឪពុកម្តាយរបស់នាង ខណៈដែលពួកគេព្រួយបារម្ភ ដែលកូនមានចំណង់ចំណូលចិត្តទៅសកម្មភាពបែបគ្រោះថ្នាក់ទាំងនេះ។

៥. នាងមានអាជ្ញាប័ណ្ណអ្នកមុជទឹកសង្គ្រោះ

នៅឆ្នាំ ២០២១ Kim Go Eun បានចូលរួមកម្មវិធី Sea Of Hope ដែលមានតួតារាដំណើរការ បារនៅឆ្នេរមួយ និងបម្រើអតិថិជនរបស់ពួកគេ។

ក្នុង​កម្មវិធី Kim Go Eun បាន​ស្ម័គ្រ​ចិត្ត​ទៅ​មុជ​ទឹក ​ដើម្បី​សម្អាត​សមុទ្រ។ តារា​ស្រី​រូប​នេះ​បាន​មុជ​ទឹក​ច្រើន​ជាង ១០០ ដង​ចាប់​តាំង​ពី​នាង​បាន​ចាប់​ផ្ដើម​មុជ​ទឹក​ក្នុង​ឆ្នាំ ២០០៦។

នៅកម្មវិធី “Sea of Hope" Kim Go Eun បានបង្ហើបថានាងមានអាជ្ញាប័ណ្ណអ្នកមុជទឹកជួយសង្គ្រោះ និងជាអ្នកមុជទឹកដែលមានការបញ្ជាក់ទទួលស្គាល់តាំងពីឆ្នាំ ២០១៨។ នៅឆ្នាំ ២០២១ នាងបានចូលរៀនវគ្គ Ocean Discovery Course ហើយឥឡូវនេះជា Marine Biology Diver ដែលមានការបញ្ជាក់ត្រឹមត្រូវ។ ទោះបីជានាងរវល់យ៉ាងណាក៏ដោយ ក៏នាងនៅតែស្ម័គ្រចិត្ដធ្វើការសម្អាតសមុទ្រគ្រប់ពេលដែលនាងអាចឆ្លៀតពេលបាន។

៦. រឿងស្នេហា

តាមសេចក្តីរាយការណ៍ Kim Go Eun ធ្លាប់បាន​ទាក់ទងស្រឡាញ់គ្នាជាមួយនឹង​តារាសម្ដែង Shin Ha Kyun អ្នកដែលមានវ័យច្រើនជាងនាងដល់ទៅ ១៧ឆ្នាំ។ ប៉ុន្តែទំនាក់ទំនងនេះមិនបាន​ស្ថិតស្ថេរយូរឡើយ អ្នក​ទាំង​ពីរក៏សម្រេចចិត្តចែកផ្លូវគ្នាដើររៀងខ្លួន​វិញ។

៧. អត្តចរិតពិត

ផ្អែកលើសម្ដីអ្នកដែលធ្លាប់រួមការងារជាមួយបាន​ឲ្យដឹងថា Kim Go Eun គឺជាមនុស្សម្នាក់ដែលឆ្លាត ចូលចិត្តចង់ចេះចង់ដឹងពីអ្វីនៅជុំវិញខ្លួន ពិសេសក្លាហានពីធម្មជាតិ។ នាងមានភាពរឹងមាំចេញពីក្នុង មានភាពជាខ្លួនឯង និងមិនចូលចិត្តធ្វើអ្វីមួយឈូឆរតាមគេនោះទេ៕

ប្រភព៖ The Smart Local

អត្ថបទ៖ ធារី

មតិយោបល់