• 2017-08-22 23:15:00
  • ភាពយន្ត

រក​ឃើញ​ទីតាំង​រោង​កុន​ជាង​៣០​កន្លែង​នៅភ្នំពេញ ជំនាន់​សម័យ​បារាំង​ និង​សង្គម​រាស្ត្រ​និយម

  • 2017-08-22 23:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យុវជន​មួយ​ក្រុម​បាន​រៀប​ចំ​ស្រាវ​ជ្រាវ​ទី​តាំង​រោង​កុន​កាល​នៅ​សម័យ​បារាំង ​រហូត​មក​ដល់​មុន​ឆ្នាំ​២០០០​ ដើម្បី​ទុក​ជា​ឯកសារ​ស្រាវ​ជ្រាវ​ប្រវត្តិ​រោង​កុន​សម្រាប់​ក្មេង​ជំនាន់​ក្រោយ។

កញ្ញា ហ៊ុន សុបញ្ញា ប្រធាន​ក្រុម​ស្រាវ​ជ្រាវ"​គម្រោង​រោង​កុន"បាន​ប្រាប់ Sabay ថា ការ​ស្រាវជ្រាវ ត្រួសៗ​រោង​កុននៅ​សម័យ​បារាំង និង​សង្គម​រាស្រ្ត​និយម មាន​ដល់​ជាង​៣០​រោង​កុន។ ក្នុង​ចំណោម​រោងកុន​ទាំង​អស់​នោះ ក្រុម​ការងារ​បាន​ចុះ​ទៅ​មើល​ដល់​ទី​តាំង​រោង​កុន​ចំនួន​១២​ហើយ។

រោង​កុន​ទាំង​១២​នោះរួម​មាន រោង​ភាពយន្ត​តារា, អេដែន, ទ្រុង​កុក, ខេមរា,ភ្នំពេញ ហេម​ជាតិ, ម៉ា​សេស្ទិច, កាស៊ីណូ, គីមសឹង, កាពីតូល, ព្រហ្ម​បាយ័ន, និង​រោង​ភាព​យន្ត​លុច្ស ដែលភាគច្រើនសាង សង់នៅជិតមាត់ទន្លេ។

មក​ដល់​បច្ចុប្បន្ន​នេះ​រោង​កុន​ទាំង​១២នោះ បាន​ប្ដូរ​​ទៅ​ជា​ផ្ទះ​ជួល ហាង​អាហារ​ ឬ​ផ្លាស់​ប្ដូរ​ទៅ​សំណង់​អ្វី​ផ្សេងៗ។ កញ្ញា​បញ្ជាក់​ថា ការ​ស្រាវ​ជ្រាវ​នេះ​ដើម្បី​ស្វែង​យល់​​ពី​ភាព​ខុស​គ្នា​រវាង​សំណង់​ស្ថាបត្យកម្ម​រោង​​រោង​កុន​សម័យ​មុន និង​ស្វែង​យល់​ពី​ចំណង់​ចំណូល​ចិត្ត​មនុស្ស​ក្នុង​សម័យ​ទាំង​នោះ​ថា​ចូល​ចិត្ត​រឿង​ប្រភេទ​ណា។

“ដោយសារ​តែ​រោង​កុន​មាន​ការ​ប្រែប្រួល​ប្ដូរ​មុខ​ងារ​ និង​មាន​ការ​វ៉ៃ​ចោល អ៊ីចឹង​ពួក​ខ្ញុំ​ចង់​ស្រាវ​ជ្រាវ​ទុក​ជា​ឯកសារ​សម្រាប់​ទៅ​ថ្ងៃ​អនាគត។ បើ​សិន​ជា​អត់​មាន​អ្នក​ណា​ស្រាវ​ជ្រាវ​ពី​វា​ទេ ទៅ​មុខ​ទៅ​ប្រាកដ​ជា​អត់​មាន​អ្នក​ណា​ដឹង​ពី​ប្រវត្តិ​រោង​កុន​នៅ​ស្រុក​ខ្មែរ​ទេ។ ខ្ញុំ​បាន​សម្ភាសន៍​អ្នក​ចូល​ចិត្ត​មើល​កុន​ និង​អ្នក​មាន​ផ្ទះ​នៅ​ក្បែរ​រោង​កុន​កាល​នៅ​សម័យ​នោះ​មួយ​ចំនួន និង​ស្រាវ​ជ្រាវ​ពី​អ៊ីនធឺណិត”។

គម្រោង​ស្រាវ​ជ្រាវ​រោង​កុន​នេះ​ចាប់​ផ្ដើម​តាំង​ពី​ខែ វិច្ឆិកា ​ឆ្នាំ​២០១៦​ ហើយ​នឹង​ត្រូវ​បញ្ចប់​វិញ​នៅ​អំឡុង​ខែ​ធ្នូ ឆ្នាំ​២០១៧​នេះ។​ មុន​នឹង​បញ្ចប់​គម្រោង ក្រុម​នេះ​នឹង​មាន​ការ​ដាក់​តាំង​ពិព័រណ៍​​ពី​សមិទ្ធផល​ដែល​ខ្លួន​បាន​ស្រាវ​ជ្រាវ​រយៈ​កាល​មួយ​ឆ្នាំ​មក​នេះ។ ក្រុម​ស្រាវ​ជ្រាវ​នេះ​មាន​សមាជិក​ចំនួន៨​នាក់​ ដែល​ជា​និស្សិត​ស្ថាបត្យកម្ម​ ដែលបានបញ្ចប់ និង​ទើប​បញ្ចប់​ការ​សិក្សា​ថ្មីៗ​ ផ្សេង​ពី​នោះ​ក៏​មាន​អ្នក​ស្ម័គ្រ​ចិត្ត​ចំនួន១២នាក់ផ្សេងទៀត៕

អត្ថបទៈ ប៉ូ សាគុន

មតិយោបល់
អត្ថបទពេញនិយម