- 2017-09-16 02:37:28
- ភាពយន្ត
ភាពយន្តខ្មែរ១រឿង នឹងចាក់បញ្ចាំងនៅប្រទេសកូរ៉េនៅក្នុងពេលឆាប់ៗ
- 2017-09-16 02:37:28
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ភាពយន្តខ្មែរ១រឿង នឹងចាក់បញ្ចាំងនៅប្រទេសកូរ៉េនៅក្នុងពេលឆាប់ៗ
ចន្លោះមិនឃើញ
ភាពយន្តខ្នាតធំរឿង "ប៉ុបពីទៅហូលីវូដ" នឹងត្រូវចាក់បញ្ចាំងនៅរោងមហោស្រពភាពយន្តប៊ូសាន ប្រទេសកូរ៉េនៅដើមខែតុលានេះហើយ។
លោក សុខ វិសាល ចាងហ្វាងផលិតកម្ម 802AD FILMS បានប្រាប់Sabay ថា ក្រោយពីរឿង "ប៉ុបពីទៅហូលីវូដ" ចាក់បញ្ចាំងគ្រប់រោងភាពយន្តនៅប្រទេសកម្ពុជាកាលពីឆ្នាំ២០១៦ កន្លងទៅ លោក ព្រមទាំងភ្នាក់ងារចែកចាយទីផ្សារភាពយន្តទូទាំងពិភពលោកមានឈ្មោះថា "Asian Shadows” បានយករឿង "ប៉ុបពីទៅហូលីវូដ" ទៅផ្សព្វផ្សាយនៅរោងមហោស្រពភាពយន្តធំៗនៅក្រៅប្រទេស។
ចាងហ្វាងផលិតកម្មខាងលើបន្ថែមថា៖"មុននឹងរឿង "ប៉ុបពីទៅហូលីវូដ" ត្រូវបានបានជ្រើសរើសយកទៅចាក់បញ្ចាំងនៅមហោស្រពភាពយន្តនៅប្រទេសកូរ៉េ មុនដំបូង Asian Shadow ដែលជាភ្នាក់ងារចែកចាយភាពយន្តទូទាំងពិភពលោកបានផ្ញើរឿង "ប៉ុបពីទៅហូលីវូត" ទៅឲ្យរោងភាពយន្តនៅកូរ៉េហ្នឹងគាត់មើល ក្រោយពីគាត់បានមើលហើយពេញចិត្ត ក៏បានសម្រេចយករឿងហ្នឹងទៅចាក់បញ្ចាំងតែម្ដងទៅ"។
"ប៉ុបពីទៅហូលីវូដ" នឹងត្រូវចាក់បញ្ចាំងនៅមហោស្រពភាពយន្ត ប៊ូសាន ប្រទេសកូរ៉េ នៅថ្ងៃទី ១២ ដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ ២០១៧ ដោយមានការចូលរួមពីបណ្ដាប្រទេសជាច្រើនជុំវិញពិភពលោក ។ ចំណុចពិសេសដែលធ្វើឲ្យរឿង "ប៉ុបពីទៅហូលីវូដ" មានឱកាសបានបង្ហាញវត្តមាននៅលើផ្ទាំងក្រណាត់សក្រៅប្រទេស ដោយសារតែរឿងមួយនេះបង្កប់អត្ថន័យអប់រំជាច្រើន ជាពិសេសចំពោះភេទទី៣តែម្ដង។ លោក សុខ វិសាល ថ្លែងបញ្ជាក់។
គួររម្លឹកថា រឿង "ប៉ុបពីទៅហូលីវូត" គឺជាខ្សែភាពយន្តមួយ និយាយពីមនុស្សភេទទី៣មួយក្រុម ត្រូវបានសង្គមរើសអើង លាយឡំដោយឈុតឆាកកំប្លែង និងមនោសញ្ចេតនាស្នេហា។ ចុងបញ្ចប់នៃសាច់រឿងនេះ ប្រកបដោយពុទ្ធិនៃការជំរុញឲ្យសង្គមបានទទួលស្គាល់ និងរាប់រកក្រុមមនុស្សភេទទី៣ តាមរយៈការតស៊ូអត់ធ្មត់របស់ពួកគេ ។
រឿង “ប៉ុបពីទៅហូលីវូដ” ផលិតឡើង ក្រោមការសហការគ្នា រវាងក្រុមហ៊ុន ៣ មាន ផលិតកម្ម 802AD ផលិតកម្ម Rock និងក្រុមហ៊ុន Sabay Digital Corporation ។ ខ្សែភាពយន្តខ្នាតធំមួយនេះ ប្រើពេលផលិតជិត១ឆ្នាំមកហើយ ដោយការចំណាយ ទាំងការធ្វើទីផ្សារផងនោះ អស់ខ្ទង់ជិត១០ម៉ឺនដុល្លារអាមេរិក៕