• 2017-10-16 04:18:08
  • ភាពយន្ត

រឿង​ "ថត​កុន​" ក្រើន​រំលឹក​ដល់​​អាកប្បកិរិយា​តួ​សម្ដែង​ និង​ផលិតករ

  • 2017-10-16 04:18:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ផលិតកម្ម​ LD Picture បាន​សម្ពោធ​ខ្សែ​ភាព​ខ្នាត​​រឿង​ "ថត​កុន​" ជា​ស្នាដៃ​ទី​២​របស់​នាយ​ គ្រឿន កាល​ពី​ល្ងាច​មិញ​នៅ​រោង​ភាព​យន្ត​ Prime Cineplex ផ្សារ​ទំនើប​សុវណ្ណា​។ រឿង​ខាង​នេះ​មាន​អត្ថន័យ​ និង​សារ​មួយ​ចំនួន​ក្រើន​រំលឹក​​ដល់​ផលិតករ​ និង​តួ​សម្ដែង​ ទៅ​លើ​ការ​គោរព​ពេល​វេលា​។

លោក លៀក លីដា ចាងហ្វាង​ផលិតកម្ម​LD Picture បាន​លើក​ឡើង​ថា ​រឿង​ "ថត​កុន​" នេះ​លោក​ និង​ នាយ​គ្រឿន​ ​ថត​ជា​រឿង​ខ្នាត​ធំ​ឡើង​ក្នុង​គោល​បំណង​ ក្រើន​រំលឹក​ដល់​​តួ​សម្ដែង​មួយ​ចំនួន​​​ តែង​តែ​ធ្វើ​ឲ្យ​ម្ចាស់​ផលិតកម្ម​មាន​បញ្ហា​ឈឺ​ក្បាល​មិន​ចេះ​ចប់​​ ដោយ​សារ​តែ​ការ​មិន​គោរព​ពេល​វេលា​របស់​តួ​សម្ដែង​តែ​ម្ដង​។

“រឿង​នេះ​យើង​​បាន​រំលេច​​សារ​ជា​ច្រើន​ ដើម្បី​រំលឹក​ដល់​តួ​សម្ដែង​​ទៅ​លើ​អាកប្បកិរិយា​របស់​ពួក​គាត់​ តែ​ម្ដង​ តួ​ខ្លះ​គាត់​ស៊ី​តម្លៃ​ខ្លួន​ថ្លៃ​ គេ​ណាត់​ថត​ម៉ោង ១ តែ​ម៉ោង​ ៤ ទើប​ពួក​គាត់​មក​ដល់។ ចំពោះ​ការ​រំលេច​សារ​ក្នុង​រឿង​នេះ​យើង​មិន​សំដៅ​ទៅ​លើ​តួ​ណា​ម្នាក់​ទេ​គឺ​សំដៅ​ទូទៅ​តែ​ប៉ុណ្ណោះ​"។ លៀក លីដា ថ្លែង​បញ្ជាក់​។

រឿង​ "ថត​កុន​"​ ជា​ប្រភេទ​ខ្សែ​ភាព​យន្ត​បែប​កំប្លុក​ប្លែង​លាយ​ឡំជាមួយ​ សារ​​ជា​ច្រើន​អប់​រំ​ និង​ក្រើន​រំលឹក​ដល់​តួ​សម្ដែង​ និង​ផលិតករ​ ។​រឿង​នេះ​ដែរ​ចំណាយ​​ដើម​ទុន​៥ ម៉ឺន​ដុល្លារ​អាមេរិក​ក្នុង​ការ​ផលិត ដោយ​ចូល​រួម​សម្ដែង​ពី​តារា​ល្បី​ៗ​មួយ​ចំនួន​ដូច​ជា នាយ គ្រឿន អែត វីន Big នាយ ក្រូច និង​តារា​សម្ដែង​ជា​ច្រើន​រូប​ទៀត។

គួរ​បញ្ជាក់​ថា​ស្នាដៃ​ទី​២​របស់​នាយ​ គ្រឿន រឿង​"ថត​កុន​" នេះ​ដែរ​គ្រោង​នឹង​ដាក់​បញ្ចាំង​នៅ​​គ្រប់​រោង​ភាព​យន្ត​ទំនើប​ៗ​នៅ​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃ​ទី ១៩ ខែ តុលា ឆ្នាំ ២០១៧ ខាង​មុខ​នេះ​ហើយ​៕​​​​​​​

​​

អត្ថបទ៖ ឆុង ស៊ីណាន

មតិយោបល់
អត្ថបទពេញនិយម