• 2017-11-08 10:32:00
  • ព័ត៌មាន

សម្រេច​ដូរ​ឈុត​​តំណាងជាតិថ្មី​អត្ថន័យអស្ចារ្យ សម្រាប់​ Miss Global កម្ពុជា​​(វីដេអូ)

  • 2017-11-08 10:32:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​រង​ការ​រិះគន់​ពី​បណ្ដា​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ Facebook ជុំវិញ​​​​ហាង​កាត់ដេរ ប៉ារ៉ាឌី យក​ឈុត​ដែល​ធ្លាប់​បង្ហាញ​រួច​ សម្រាប់​ Miss Global Cambodia ធ្វើ​ជា​ឈុត​តំណាង​ជាតិ​ ម្ចាស់​ហាង​បាន​​បញ្ជាក់​ថា ​National Costume សម្រាប់​​កញ្ញា​ យស ប៉ូលីណា ​ពេល​នេះ​គឺ​ជា​ឈុត​ថ្មី​ មិន​មែន​ឈុត​ចាស់​យក​ច្នៃ​បន្ថែម​ឡើយ។

អ្នក​ស្រី ហាក់ វណ្ណាត

អ្នក​ស្រី ហាក់ វណ្ណាត ម្ចាស់​ហាង​ខាង​លើ​ប្រាប់​ថា ដំបូង​ឡើយ​អ្នក​ស្រី​ពិត​ជា​បាន​ផ្ដល់​ឈុត​ដែល​ធ្លាប់​បង្ហាញ​រួច ពោល​គឺ​ឈុត​ "នាគ" ដែល​ធ្លាប់​ស្លៀក​ដោយ​អ្នក​នាង​ ចន ច័ន្ទលក្ខិណា ​កាល​ពី​ឆ្នាំ​២០១៥ ​​ តែ​កាល​ណោះ​ដោយ​សារ​តែ​អ្នក​ស្រី​មិន​បាន​ដឹង​លម្អិត​ថា ​ខាង​អ្នក​ដឹក​នាំ​កម្មវិធី​ចង់​បាន​ក្នុង​គោល​បំណង​អ្វី​ឲ្យ​ប្រាកដ។

​អ្នក​ស្រី​ប្រាប់​​ថា៖ "ពេល​នោះ​ អ្នក​​ខាង​អាមេរិក​បាន​ទាក់​ទង​មក​ថា​សុំ​ឲ្យ​មីង​​​ឧបត្ថម្ភ២​ឈុត សម្រាប់​បវរកញ្ញា​ស្លៀក​ប្រកួត ពេល​នោះ​មីង​ក៏​យល់​ព្រម​តាម​គេ​ទៅ​"។ ក្រោយ​មក​ នៅ​ថ្ងៃ​ទី​២ ខែវិច្ឆិកា​ ក្រុម​ការងារ​​ក៏​មក​ដល់​​ហាង​ ដោយ​នាំ​បវរកញ្ញា​មក​ជា​មួយ និង​នាំ​យក​គំរូ​មក​បង្ហាញ​អ្នក​ស្រី​មើល​​តែ​ម្ដង។

ឈុត "នាគ"

ពេល​ឃើញ​គំរូ​ម៉ូដ​ដែល​​ក្រុម​ការងារ​ចង់​បាន​ហើយ​ អ្នក​ស្រី​ថា​​បាន​បដិសេធមិន​ទទួ​ល​ធ្វើ​ ព្រោះ​ពេល​វេលា​វា​ប្រថុចញ៉ុច​ពេក​​ មិន​អាច​ធ្វើ​ទាន់​។ ជាទូទៅ​ឈុត​បែប​នេះ​ទាល់​ប្រើ​ពេល​ពី​១ ខែ​ទី​២​ខែ​ទើប​បាន។ ដោយ​​នៅ​តែ​មាន​ការ​ទទូច​ពី​ក្រុម​ការងារខ្លាំង​ពេក​ ទើប​អ្នក​ស្រី​បង្ហាញ​ឈុត​ដែល​មាន​ស្រាប់​ទៅ​ពួក​គេ ហើយ​គេ​ក៏​យល់​ព្រម​ទទួល​ ដោយ​យល់​ថា​ឈុត​នេះ​សម​សួន មិន​សិច​ស៊ី ​ស័ក្ដិសម​នឹង​បវរកញ្ញា​ខ្មែរ។

​​​រូប​ភាព និង​ដំណឹង​​នេះ​​ត្រូវ​បាន​កូន​ស្រី​ម្ចាស់​ហាង​ដាក់​ចូល​ក្នុង​ Instagram Story របស់​ហាង ហើយ​ផ្ទុះ​ការ​រិះ​គន់​ពី​អ្នក​លេង​ Facebook ​តែ​ម្ដង។ អ្នក​ស្រី​បញ្ជាក់ ក្រោយ​ផ្ទុះ​ការ​រិះ​គន់​នេះ​ភ្លាម អ្នក​ស្រី​បាន​​សុំ​ដក​ខ្លួន​សម្រាប់​ការ​ឧបត្ថម្ភ​ឈុត​តំណាង​ជាតិ ហើយ​​សុំ​រ៉ាប់ប់រងតែ​ឈុត​រាត្រី​សមោសរ​ប៉ុណ្ណោះ ព្រម​ទាំង​បាន​ណែ​នាំ​ឲ្យ​ក្រុម​ហ៊ុន​ទាក់​ទង​ទៅ​ក្រសួង​វប្បធម៌​ ឲ្យ​ផ្ដល់​ជំនួយ​ខាង​ឈុត​នេះ​។ បន្ទាប់​ពី​នោះ អ្នក​គ្រប់​គ្រង​ខាង​បវរកញ្ញា​នៅ​​​បន្ត​ចរចារ​សុំ​ជំនួយ​ដោយ​រ៉ាប់​រង​រាល់​​បញ្ហាទាំង​អស់​ ទើប​អ្នក​ស្រី​ព្រម​បន្ត​ជួយ​ជា​លើក​ទី​២។

ម្ចាស់​ហាង​ដដែល​បន្ត​ថា អ្នក​ស្រី​ក៏​ដឹង​ខ្លួន​ថា​មាន​កំហុស​ខ្លះ​ដែរ ព្រោះ​ធ្វើ​ខុស​គោលការណ៍​ក្រុម​ហ៊ុន​ដែល​យក​ឈុត​ដដែល​ទៅ​បង្ហាញ​។ ​ក្រោយ​មក​ នៅ​ថ្ងៃ​ទី​៤​វិច្ឆិកា​នេះ អ្នក​ស្រី​ និង​បុគ្គលិក​​បាន​​ទម្លាក់​ការងារ​ទាំង​អស់​ចោល ហើយ​​រួម​គ្នា​​​ច្នៃ​ឈុត​ថ្មី​សន្លាង​១​ដល់​បវរកញ្ញា​។ ​ប្រើ​រយៈ​ពេល​៤​ថ្ងៃ​ប្រឹង​កាត់​ដេរ​ ប៉ាក់ ឌិន​ ទាំង​យប់​ទាំង​ថ្ងៃ​ ឈុត​នោះ​រួច​រាល់​ជា​ស្ថាពរ​​​ត្រឹម​យប់​ថ្ងៃ​ទី៧​ វិច្ឆិកា​។

គំរូឈុត​ "អប្សរចតុមុខ"

ឈុត​នេះ​មាន​ឈ្មោះ​ថា "អប្សរ​ចតុមុខ" ​​ច្នៃ​ឡើង​ដោយ​អ្នក​នាង ហោ សុគន្ធា ដោយ​​​ប្រើ​ហូល​ជា​វត្ថុធាតុ​ដើម​សំខាន់។ ឈ្មោះ​ "អប្សរ​ចតុមុខ​" ត្រូវ​បាន​ដាក់​ដោយ​យោង​តាម​វត្ថុធាតុ​ដើម​ហូល​ ដែល​ខ្មែរ​មាន​ការ​ផុលផុស​ប្រើ​ប្រាស់​ច្រើន​ក្នុង​សម័យ​ចតុមុខ និង​មាន​​សោភ័ណភាព​ស្អាត​ដូច​ទេពអប្សរ​ពេល​​បាន​គ្រង​ដោយ​បវរកញ្ញា។ ​​​​

ងាក​មក​កាន់​ ឈុត​នាគ​វិញ​ ថៅកែ​ហាង​បាន​ឲ្យ​​ដឹង​ថា វា​ត្រូវ​បាន​បង្កើត​ឡើង​​ជា​ឈុត​ពិសេស​សម្រាប់ក្រុម​ហ៊ុន​អ្នក​ស្រី​ ក្នុង​ឱកាស​ខួប​គម្រប់​១០​ឆ្នាំ​របស់​ទស្សនាវដ្ដី​​ខ្លួន ដោយ​​យោង​តាម​អត្ថន័យ​ នាគ​ជា​សត្វ​ខ្លាំង​ និង​ មាន​ឫទ្ធ​អំណាច​។ ​ឈុត​ "នាគ" នេះ​មាន​១គូ ដែល​ពណ៌​ប្រាក់​ស្លៀក​ដោយ អ៊ុន សិទ្ធា និង​ពណ៌​មាន​គ្រង​ដោយ​ អ្នក​នាង ចន ច័ន្ទលក្ខិណា។

ក្រៅ​ពី​ឈុត​ជាតិ ម្ចាស់​ហាង​ បញ្ជាក់​ថា​​ ក្រុម​ហ៊ុន​នៅ​មាន​ឈុត​​រាត្រី​សមោសរ​៣​ទៀត ដែល​ច្នៃ​ឡើង​ពី​​កំណាត់​សូត្រ​ថ្លៃៗ មក​ពី​បរទេស៕

ឈុត​រាត្រី​សមោសរ​

អត្ថបទ៖ សុខណា

មតិយោបល់