- 2017-11-15 02:51:43
- ភាពយន្ត
ឆ្នាំនេះ រ៉ូណាន ចាន់ណា ដើរចេញការងារសំខាន់២ក្នុងវិស័យសិល្បៈ
- 2017-11-15 02:51:43
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឆ្នាំនេះ រ៉ូណាន ចាន់ណា ដើរចេញការងារសំខាន់២ក្នុងវិស័យសិល្បៈ
ចន្លោះមិនឃើញ
ផលិតករវ័យក្មេងលោក រ៉ូណាន ចាន់ណា បានប្រកាសដកខ្លួនពីការងារផលិតកុនកាលពីពេលថ្មីៗនេះ ធ្វើឲ្យអ្នកនិយមស្នាដៃរបស់លោក សម្ដែងការសោកស្ដាយ។ ប៉ុន្តែនេះ មិនមែនជាការងារសិល្បៈលើកដំបូងទេ ដែលលោកបានដកខ្លួន គិតត្រឹមឆ្នាំ ២០១៧។
តាមការបញ្ជាក់របស់សាមីខ្លួន ការផ្អាកផលិតកុន១នេះ គឺជាការងារសិល្បៈទី២ បន្ទាប់ពីលោកបានសម្រេចដកខ្លួន ពីក្រុមចម្រៀង De5inite កាលពីប៉ុន្មានខែមុន បើទោះនោះជាការងារសិល្បៈដំបូង ធ្វើឲ្យទស្សនិកជនស្គាល់លោកក៏ដោយ។ ជុំវិញមូលហេតុ នៃការដើរចេញពីក្រុមនេះដែរ ផលិតករវ័យក្មេងមកពីខេត្តបន្ទាយមានជ័យ បញ្ជាក់ថា មកពីលោកមិនមានពេលគ្រប់គ្រាន់ ក្រោយប្រលូកការងារផលិតកុន ពោលគឺមិនមែនដោយសារថ្នាំងថ្នាក់អ្វីក្នុងក្រុមឡើយ។
ទន្ទឹមនឹងការបង្ហើបរបស់អតីតប្រធានក្រុម គេឃើញសមាជិកផ្សេងទៀតរបស់ក្រុមចម្រៀងនេះ ក៏បានងាកទៅធ្វើកិច្ចការផ្សេងរៀងខ្លួន ដោយអ្នកខ្លះនៅរក្សាការធ្វើបទចម្រៀងបន្តលក្ខណៈបុគ្គល ហើយខ្លះទៀតបានទៅប្រលូកការងារជាអ្នកសារព័ត៌មានវិញ។
កាលនៅផ្ដុំគ្នាជាក្រុម ក្រុមចម្រៀង De5inite មានសមាជិកទាំងអស់៥នាក់ គឺរ៉ូណាន ចាន់ណា ជាប្រធានក្រុម ឌីយ៉ាម៉ង់ Mr.K សេដ្ឋី និង Minyun។ ប្រមាណជា៣ឆ្នាំមកនេះ ក្រុមចម្រៀងខាងលើបានបញ្ចេញចម្រៀងជាច្រើនបទ អង្រួនទឹកចិត្តយុវវ័យ ក្នុងនោះមានបទ "ទឹកភ្លៀងលាងទឹកភ្នែក" "រូបថត" “Let’s go” និងបទ “បេះដូងថ្ម” ជាដើម។ បទដែលធ្វើឲ្យ De5nite មានភាពល្បីល្បាញខ្លាំង គឺបទ "ទឹកភ្លៀងលាងទឹកភ្នែក" ចេញកាលពីឆ្នាំ២០១៤។
លោក រ៉ូណាន បានត្រឹមពោលពាក្យសោកស្ដាយ ក្រោយក្រុមចម្រៀង ដែលជាការងារសិល្បៈដំបូងរបស់លោក បានដល់ទីបញ្ចប់ ប៉ុន្តែលោកថា កាលៈទេសៈនោះ លោកមានតែធ្វើបែបនេះ គឺដើរចេញដើម្បីកុន។ ប៉ុន្តែថ្មីៗនេះ លោកទើបតែប្រកាសដកខ្លួនពីការផលិតកុនថែមទៀតកាលពីថ្មីៗនេះ បន្ទាប់ពីលោកបានបញ្ចេញស្នាដៃកុនទី៤រឿង “សសរកន្លោង”។ ការប្រកាសនោះ ក៏កើតឡើងក្រោយក្រសួងបានដាក់ចេញផែនការប្រកាសពន្ធលើវិស័យភាពយន្ត ដែលលោកអះអាង ជាការថែមបន្ទុកដ៏ធ្ងន់មួយទៀតដល់ផលិតករ និងអ្នកពាក់ព័ន្ធនឹងកុនទាំងអស់។
បែបនេះក្ដី រ៉ូណាន បញ្ជាក់ថា មិនមែនលោកអន់ចិត្តចំពោះផែនការនោះទេ គឺមកពីលោកមានអារម្មណ៍ហត់នឿយ ផ្សំនឹងលោកមានគម្រោងបើកមុខជំនួញថ្មី គឺហាងកាហ្វេផង ទើបលោកសម្រេចចិត្តដកខ្លួននាពេលនេះ។ រ៉ូណាន អះអាងថា និស្ស័យការងារសិល្បៈរបស់លោក នឹងមិនអស់ត្រឹមនេះទេ ដូច្នេះនៅវេលាណាមួយសមគួរ លោកនឹងវិលមកវិញ និងធ្វើឲ្យឲ្យកាន់តែល្អជាងមុនថែមទៀតផង៕