• 2017-12-07 09:39:36
  • ភាពយន្ត

ស្រាយចម្ងល់ មហោ​ស្រព​ភាព​យន្ត​ជាតិលើកទី៥ មានរឿងផលិតដោយបរទេសចូលរួម

  • 2017-12-07 09:39:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដោយមានខ្សែភាពយន្តចំនួនបីចំណងជើងក្នុងចំណោមភាពយន្តទាំង ៨ ដែលផលិតនៅក្នុងប្រទេសកម្ពុជាពិតមែន តែជាភាពយន្តដែលដឹកនាំផលិត និងថតដោយជនជាតិបរទេស ដូចជាភាពយន្តរឿង «Jailbreak» ដឹកនាំរឿងដោយ លោក Jimmy Henderson រឿង «មុនពេលដួលរលំ ដឹកនាំរឿងដោយ លោក Ian White និង រឿង «តម្លៃសេ្នហ៌» ដឹកនាំរឿងដោយ លោក ម៉ាធ្យូ រ៉ូប៊ីនសុន ហេតុនេះបណ្តាលឱ្យមានផលិតករខ្មែរមួយចំនួនមានមតិថាមិនយុត្តធម៌ ដោយទទួលស្គាល់ថាការផលិតរបស់បរទេសប្រសើរជាងខ្លួន ដោយគេមានទាំងឯកទេសល្អ និងដើមទុនចំនាយច្រើនលើសពីផលិតកម្មរបស់ខ្លួន។

Jailbreak ដឹកនាំរឿងដោយ លោក Jimmy Henderson
មុនពេលដួលរលំ ដឹកនាំរឿងដោយ លោក Ian White
តម្លៃសេ្នហ៌ ដឹកនាំរឿងដោយ លោក ម៉ាធ្យូ រ៉ូប៊ីនសុន

ឆ្លើយតបនឹងការលើកឡើងបែបនេះ លោក ប៉ុក បូរក្ស ប្រធានស្តីទីនាយកដ្ឋានសិល្បភាពយន្ត បានប្រាប់ Sabay ឱ្យដឹងថា៖ «ការពិតយើងធ្លាប់ប្រកាសម្តងហើយក្នុងការធ្វើសន្និសិទប្រកាសបើកមហោស្រព ថាមហោស្រពភាពយន្តជាតិលើទី៥នេះ ប្លែកពីពេលកន្លង ដោយយើងបើកទូលាយរាល់ភាពយន្តដែលបានផលិតក្នុងប្រទេសកម្ពុជាឱ្យចូលរួមប្រកួត ដើម្បីធ្វើឱ្យការប្រកួតប្រជែងកាន់តែខ្លាំងជាងមុន»។ លោក បូរក្ស ក៏បញ្ជាក់ទៀតដែរថា ភាពយន្តណាដែលផលិតនៅកម្ពុជា ដែលមានទិដ្ឋាការផលិតពីក្រសួង និងមានការចូលរួមសម្តែងដោយអ្នកសម្តែងជនជាតិខ្មែរ មិនថាផលិតដោយជនបរទេសនោះទេសុទ្ធតែមានសិទ្ធដាក់ប្រកួតក្នុងមហោស្រពជាតិលើកទី៥នេះទាំងអស់។

លោក ប៉ុក បូរក្ស ប្រធានស្តីទីនាយកដ្ឋានសិល្បភាពយន្ត

ខណៈភាពយន្តដែលផលិតដោយ បរទេសដូចគ្នា និងផលិតនៅក្នុងប្រទេសកម្ពុជាដូចគ្នា តែមិនបានជាប់ក្នុងការប្រកួតមហោស្រពភាពយន្តជាតិ តួយ៉ារឿង «ដំបូងខ្មែរក្រហមសម្លាប់ប៉ារបស់ខ្ញុំ» ដែលដឹកនាំសម្តែងលោកស្រី Angelina Jolie ដោយសារផលិតករគ្មានបំណងចង់ប្រកួតប្រជែងជាមួយផលិតករក្នុងស្រុក ហើយវាអាចមិនសមរម្យក្នុងការប្រៀបធៀបគុណភាពជាមួយផលិតកម្មក្នុងស្រុកបើនិយាយពីបច្ចេកទេស និងថវិការផលិតនោះ នេះបើយោងតាមការបញ្ជាក់របស់លោក ប៉ុក បូរក្ស។

ចំណែកឯពានរង្វន់មាសរបស់មហោស្រពភាពយន្តជាតិនេះ ក៏ផ្តល់ជូនទៅខ្សែភាពយន្តណាដែលមានស្នាដៃឆ្នើម យោងតាមគណៈកម្មការជម្រើសពិសេសៗ ដែលមានកិត្តនាម និងកេត្តិ៍ឈ្មោះច្រើនឆ្នាំលើវិស័យភាពយន្តនេះ ដោយមិនរើសថាជារឿងដឹកនាំផលិតដោយជនជាតិបរទេស ឬខ្មែរនោះទេ ក៏ប៉ុន្តែពានរង្វន់បុគ្គលឆ្នើមលើឯកទេសផលិតភាពយន្ត នឹងមានសម្រាប់តែជនជាតិខ្មែរប៉ុណ្ណោះ។

ចុចអាន

-ស្នាដៃ​ឆ្នើម​ប្រចាំ​មហោស្រព​ភាពយន្តជាតិលើកទី៥ នឹងទទួលបាន​ទឹកប្រាក់ ៣០លានរៀល​

-ភាព​យន្ត​ខ្មែរល្បីៗប្រចាំឆ្នាំ ២០១៧ ចាក់បញ្ចាំង​ដោយ​ឥត​គិត​ថ្លៃ​ចាប់​ពីថ្ងៃ​នេះហើយ​ (វីដេអូ)

អត្ថបទ៖ Sunny

មតិយោបល់
អត្ថបទថ្មី