• 2018-02-08 08:12:41
  • ភាពយន្ត

យុវជន៥រូប ផលិត​ភាពយន្ត​ខ្លី៥រឿង បង្ហាញពីបញ្ហា​​រ៉ាំរ៉ៃ​ក្នុងសង្គមខ្មែរ

  • 2018-02-08 08:12:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បច្ចុប្បន្នមានយុវជនជាច្រើន កំពុងបង្ហាញស្នាដៃរបស់ខ្លួន តាមរយៈកម្មវិធីប្រកួតប្រជែងភាពយន្ត​ខ្នាត​វែង​ និងខ្នាត​ខ្លីៗ ដាក់បង្ហោះលើបណ្តាញសង្គម Facebook ជាដើម។

ម្ដង​នេះ Sabay សូមបង្ហាញការងារយុវជនវ័យក្រោម៣០ឆ្នាំ និងគម្រោង​ភាពយន្តខ្លីដែលពួកគេបានផលិត ទាក់ទងនឹងបញ្ហាសង្គមគ្រួសារខ្មែរ។

poster "family and you"

១. ជួន កែនជិនតារា៖ ជាជំនួយការផលិតកម្មវិធីទូរទស្សន៍អាស៊ីអាគ្នេយ៍ ផលិតករវ័យក្មេងរូបនេះ ឆ្លៀតពេលពីការងារមកចូលរួម​ផលិតវីដេអូ និងរឿងខ្លីជាមួយមិត្តភ័ក្ត ហើយ​ចូលរៀនបន្ថែមលើបច្ចេកទេសផលិតភាពយន្តតាមសិក្ខាសាលា​នានា។ ការខិតខំ​ប្រឹងប្រែងនេះបាននាំ​រូប​លោក​ឱ្យផលិតជារឿងភាគខ្លី ដែលមានអ្នកទស្សនា រាប់ម៉ឺននាក់លើបញ្តាញសង្គម ហើយក៏ទទួលបានឱកាសចូល​រួមផលិតរឿងខ្លី ក្នុងគម្រោង​ Family and You។

ជួន កែនជិនតារា

ក្នុងគម្រោង​ខាងលើ ជួន កែនជិនតារា ផលិតរឿងខ្លីមួយដែលមានចំណងជើងថា «គ្រួសារតូច​» មានរយៈ​ពេល៥នាទី។ រឿងខ្លីនេះ និយាយអំពី កូនស្រីឈ្មោះ ធីតា អាយុ១០ឆ្នាំ រស់នៅជាមួយឪពុកម្ដាយ ឈ្មោះសំបូរ និង រចនា។ ទោះបីស្ថានភាពគ្រួសារនាងធូរធារក្តី ក៏ប៉ានាងមិនសូវជាខ្វាយខ្វល់ពីនាងប៉ុន្មានទេ។ យប់មួយ​បន្ទាប់ពី ធីតា ធ្វើឱ្យ កំពប់កាហ្វេលើក្រដាសការងាររបស់ឪពុក​ខ្លួន ក៏​បង្កើតជាហេតុការណ៍ចងចាំមួយ។

Poster រឿង «គ្រួសារតូច»

២. គាំ វត្ថា៖ ជាអ្នកដឹកនាំរឿងប្រភេទទាក់ទងនឹង LGBT (មនុស្ស​ស្រលាញ់​ភេទ​ដូចគ្នា) អ្នកសរសេរសំណេរភាពយន្ត ឬ Script Writer និងជាជំនួយការដឹកនាំរឿង ដូចជារឿង «ផ្ទះគ្រូទាយ» ជាដើម។ ពិសេសភាគយន្តរបស់ យុវជន គាំ វត្ថា ច្រើនបង្ហាញពីបញ្ហារបស់មនុស្សប្រុសភេទទី៣ នៅក្នុងសង្គមទូទៅដែលយើងជួបប្រទះ បានដឹង និង​បានឮ។

គាំ វត្ថា

មិនខុសពីការផលិតភាពយន្តខ្លីពីមុន គាំ វត្ថា លើកយក ភាពយន្តខ្លីមួយមានចំណងជើងថា «សម្បក» ដែលមានរយៈពេល ១០នាទី ហើយនិយាយអំពី​យុវជន​ឈ្មោះ បូរ៉ា អាយុ១៧ឆ្នាំ រស់នៅជាមួយម្តាយ និងបងស្រី នៅជាយក្រុងភ្នំពេញ។ ពីមួយថ្ងៃទៅមួយថ្ងៃ ម្តាយបូរ៉ា មានអារម្មណ៍ចម្លែក ចំពោះទង្វើលួចលាក់របស់បូរ៉ា។ ហើយគាត់ក៏ដឹងថា បូរ៉ាជាភេទទី៣ ហើយចូលចិត្តតែង ខ្លួនដូចស្រី។ គាត់ព្យាយាមបញ្ឈប់បូរ៉ា ដោយឱ្យព្រះសង្ឃស្រោចទឹកបូរ៉ាចេញ តែបូរ៉ានៅតែបន្ត​អាកប្បកិរិយាជាស្រី រហូតឈ្លោះប្រកែកតានតឹងនឹងម្តាយ ដោយសារបញ្ហាភេទនេះ។

Poster រឿង «សម្បក»

៣. លោក ហួត រ៉ាវី៖ ​មាន​វ័យ២៧ឆ្នាំ បានបោះជំហានចូលក្នុងវិស័យភាពយន្តពីឆ្នាំ ២០១៣ តាមរយៈការផលិតភាពយន្តខ្លី ហើយក៏ធ្លាប់ឈ្នះពានរង្វាន់លេខ១ ក្នុងកម្មវិធី ប្រកួតភាពយន្តខ្លីរបស់ ទូរទស្សន៍ បាយ័ន ដែលរឿងនោះមានចំណងជើងថា «ចិញ្ជៀន»។ តាមរយៈភាពយន្តខ្លីនេះបានធ្វើឱ្យ លោក ហួត រ៉ាវី ចាប់បានឱកាសការងារអាជីព លើការផលិតភាពយន្តជាមួយផលិតកម្ម Studio4 ជាអ្នកដឹកនាំរឿងភាគ និងជាអ្នកសរសេរ Screenplay ជាដើម។

លោក ហួត រ៉ាវី

នៅក្នុងគំរោង Family and You យុវជន ហួត រ៉ាវី បានផលិតរឿងមួយ ចំណងជើងថា «បងប្រុស» ​មានរយៈពេល ៥នាទី ដែលនិយាយអំពី យុវជនម្នាក់ឈ្មោះ ចំណាប់ មានអាយុប្រមាណ៣០ឆ្នាំប្លាយ បានមកជួបជុំមិត្តភក្តិ៣នាក់ដែលបែកគ្នាយូរហើយ ដើម្បីបាយ​ល្ងាចជុំគ្នាម្តង។ បន្ទាប់ពីជជែកលេងរួច ទើបពួកគេដឹងថាចំណាប់បានធ្វើអ្វីខ្លះ ដើម្បីចិញ្ចឹមប្អូនៗរបស់គាត់ ឱ្យបានគ្រាន់បើជាងខ្លួនគាត់ទៅទៀត។

Poster រឿង «បងប្រុស»

៤. លោក ហាន សិរី វឌ្ឍនៈ៖ ជាផលិតករម្នាក់ក្នុងស្ថានីទូរទស្សន៍ អាស៊ីអាគ្នេយ៍។ ផលិតកររូបនេះ ក៏បានចូលរួមផលិតភាពយន្តខ្លីមួយចំនួនពីមុនមក ដូចជារឿង «វាសនា» និង រឿង «ឈាមម្តាយ» ដែលមានអ្នកចែករំលែករាប់ម៉ឺនដង និងអ្នកទស្សនារាប់លានដងនៅលើបណ្តាញសង្គមហ្វេសប៊ុក។

ហាន សិរី វឌ្ឍនៈ

ក្នុងការបង្ហាញស្នាដៃ ដែលនិយាយអំពីគ្រួសារនៅក្នុងស្រុកខ្មែរ យុវជនម្នាក់នេះបានលើកយក សាច់រឿងខ្លីមួយដែលមានរយៈពេលតែ ៥នាទី ហើយមានចំណងជើងថា «បាយកញ្ចប់ម៉ែ»។ ភាពយន្តខ្លីនេះនិយាយអំពីយុវជនម្នាក់ឈ្មោះ វិបុល ដែលកាលនៅជំទង់តែង​ខ្ចប់​អាហារនិងទឹកដែលម្តាយខ្លួនរៀបឱ្យទៅសាលា។ លុះពេលខ្លួនធំឡើង​ វិបុល​ បានធ្វើការនៅក្រុមហ៊ុនធំមួយ។ គាត់ឧស្សាហ៍បាយព្រឹកជាមួយភ្ញៀវគាត់ ដល់ថ្នាក់គាត់ទុកបាយប្រអប់ និង​ទឹកដែលម្តាយគាត់រៀបឱ្យចោលទៅវិញ។

Poster រឿង «បាយកញ្ចប់ម៉ែ»

៥. ផលិតកររូបនេះ សុំរក្សាសិទ្ធិ​មិនទាន់ផ្សព្វផ្សាយ ត្បិតកំពុងរៀបចំភាពយន្តខ្លី​របស់ខ្លួនដាក់ប្រកួតក្នុងមហោស្រពអន្តរជាតិ​។ ភាពយន្តខ្លីទាំង ៥ បានចាក់ផ្សាយកន្លងកាលពីមហោស្រពភាពយន្តខ្លីចតុមុខ​ ហើយផលិតករភាពយន្តទាំង៥ ក៏កំពុងរៀបចំ​​ការបើកបង្ហាញភាពយន្តនេះជាសាធារណៈម្តងទៀតក្នុងឆ្នាំ២០១៨​៕

អត្ថបទ៖ Sunny

មតិយោបល់