- 2020-01-10 02:23:57
- ភាពយន្ត
ទីបំផុតភាពយន្តជីវិតពិតយ៉ាងកម្រក្នុងពេលបច្ចុប្បន្ន "ដើម្បីកូន" បានចេញ Trailer ហើយ!
- 2020-01-10 02:23:57
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទីបំផុតភាពយន្តជីវិតពិតយ៉ាងកម្រក្នុងពេលបច្ចុប្បន្ន "ដើម្បីកូន" បានចេញ Trailer ហើយ!
ចន្លោះមិនឃើញ
ភាពយន្តដកស្រង់ពីជីវិតពិតយ៉ាងកម្រមួយនៅក្នុងបរិបថសព្វថ្ងៃ មានចំណងជើងថា "ដើម្បីកូន" ដែលទទួលបានការលើកសរសើរពីនាយកដ្ឋានភាពយន្តនោះ បានបញ្ចេញវីដេអូ "Trailer” ផ្លូវការរបស់ខ្លួនហើយ នៅយប់មិញនេះ ស្របពេលដែលអ្នកទស្សនាពោលថា កម្សត់ មើលហើយស្រក់ទឹកភ្នែកមិនដឹងខ្លួន។
វីដេអូរយៈពេលជាង ៣នាទីនេះ បានចេញ ក្រោយពីលោក ហ៊ុយ យ៉ាឡេង បានបង្ហើបក្នុងថ្ងៃសន្និសីទពីការបរិច្ចាគថវិកា ១០០០ដុល្លារទៅមន្ទីរពេទ្យគន្ធបុប្ផាថា ភាពយន្តរសជាតិថ្មីបំផុតរបស់លោកនេះ គឺគ្រោងនឹងឡើងរោងកុនចែកជូនពុកម៉ែបងប្អូនបានទស្សនានៅដំណាច់ខែនេះហើយ។
លោក យ៉ាឡេង ដែលជាអ្នកនិពន្ធ ដឹកនាំ និងសម្ដែងខ្លួនឯងផង បានឲ្យដឹងថា សាច់រឿង គឺលោកដកស្រង់ពីជីវិតពិតរបស់អ្នកធាក់ស៊ីក្លូម្នាក់ យកមកធ្វើចេញជាភាពយន្ត។ លោកចង់ឲ្យយុវវ័យ បានយល់កាន់តែច្បាស់ពីពលិកម្មរបស់បុគ្គលជាអាណាព្យាបាលម្នាក់ៗ តស៊ូ លះបង់ខ្លាំងប៉ុណ្ណា ទើបអាចបីបាច់កូនៗរហូតដល់ពេលវ័យ អាចរកអនាគតបាន។
មួយវិញទៀត លោកក៏ចង់បណ្ដុះក្ដីស្រឡាញ់នៅក្នុងសង្គម ក៏ដូចជាភាពជិតស្និទ្ធក្នុងគ្រួសារឲ្យបានកាន់តែច្រើន ទើបលោកមានក្ដីរំពឹងយុវវ័យទាំងអស់អាចជូនអំណោយទៅអ្នកមានគុណ ដោយការជូនពួកគាត់មកទស្សនារឿងនេះ ព្រោះលោកជឿថា អ៊ុំ ពូ មា មីង ក៏ប្រាថ្នាពេលវេលាបែបនេះដែរ ប៉ុន្តែរឿងដែលពិបាក គឺខ្វះភាពយន្តដែលពួកគាត់អាចមើលបាន។
"ផ្សេងពីនេះទៀត ខ្ញុំចង់បន្ថែមពណ៌សម្បុរដល់ឧស្សាហកម្មភាពយន្តក្នុងស្រុក ឲ្យមានគ្រប់រសជាតិដូចកាលទសវត្ស ៦០ កាលជំនាន់នោះ ខ្ញុំឃើញ មនុស្សម្នាដឹកដៃ ម្ដាយកូនទៅមើលកុន ហើយពួកគាត់គាំទ្រគ្រប់ភាពយន្តមិនថាតែរឿងខ្មោច ឬកំប្លែងទេ...អីចឹងហើយ ខ្ញុំពិតជាចង់ឲ្យទិដ្ឋភាពនោះ កើតឡើងនៅសម័យបច្ចុប្បន្ន!”។ លោក ហ៊ុយ យ៉ាឡេង ថ្លែង។
តោះ...ទស្សនាវីដេអូ Trailer រឿង "ដើម្បីកូន" ទាំងអស់គ្នា!!!