- 2020-01-29 03:43:15
- ភាពយន្ត
ចប់ការទស្សនារឿង "ដើម្បីកូន" ក្មេងប្រុសម្នាក់ រត់មកឱប ហ៊ុយ យ៉ាឡេង ទាំងទឹកភ្នែក
- 2020-01-29 03:43:15
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចប់ការទស្សនារឿង "ដើម្បីកូន" ក្មេងប្រុសម្នាក់ រត់មកឱប ហ៊ុយ យ៉ាឡេង ទាំងទឹកភ្នែក
ចន្លោះមិនឃើញ
ភាពយន្តឆ្លុះបញ្ចាំងពីខ្សែជីវិតពិតរឿង "ដើម្បីកូន" បានដាក់បញ្ចាំងលើកដំបូងក្នុងថ្ងៃពិសេស(Premiere Time) ក្នុងថ្ងៃបើកសម្ពោធនាដើមសប្ដាហ៍នេះ ស្របពេលដែលទស្សនាចប់ មានក្មេងប្រុសម្នាក់រត់មកឱបលោក ហ៊ុយ យ៉ាឡេង ទាំងទឹកភ្នែក។
លោក ហ៊ុយ យ៉ាឡេង ខ្លួនឯង បានឲ្យដឹងថា លោកហាក់ស្រឡាំងកាំងនាពេលនោះ ក្រោយក្មេងប្រុសម្នាក់ដែលលោកប៉ាន់ស្មានថា មានអាយុប្រហែល ៨-៩ឆ្នាំ មករត់មកឱបលោកហើយយំហូរទឹកភ្នែកសស្រាក់។ "ខ្ញុំចង់ភាំង និងគិតមិនដល់...គាត់ក្មេង អាយុប្រហែល ៨ឆ្នាំអីហ្នឹង គាត់មកជាមួយឪពុកម្ដាយគាត់ ហើយចេញមកវិញ គាត់រត់មកឱបខ្ញុំហើយយំ តាមមើលគាត់ប្រហែលជាមើលយល់សាច់រឿង...!”។ យ៉ាឡេង ថ្លែង។
មិនត្រឹមតែក្មេងប្រុសវ័យក្មេងខ្ចីខាងលើនេះទេ ប៉ុន្តែតាមផលិតករដដែល បញ្ជាក់ថា លោកបានកត់សម្គាល់ឃើញថាទស្សនិកជនភាគច្រើនដើរចេញមកវិញសុទ្ធតែភ្ជាប់ជាមួយស្មារតីស្រណោះស្រណោក ព្រមទាំងទឹកភ្នែករលីងរលោង ដិតដាមទៅនឹងសាច់រឿង "ដើម្បីកូន" ដែលឆ្លុះបញ្ចាំងពីពលិកម្មរបស់ឪពុកដ៏ក្រីក្រមួយរូបដែលមានក្នុងសាច់រឿង។
រឿង "ដើម្បីកូន" គឺជាភាពយន្តខ្សែជីវិតពិតដ៏កម្រមួយនៅក្នុងបច្ចុប្បន្នកាលនៃភាពយន្តខ្មែរដែលជន់ជោរដោយភាពយន្ត ខ្មោច និងកំប្លែង។ រឿងនេះ តាមផលិតករ គឺបានដកស្រង់ពីជីវិតពិតរបស់អ្នកធាក់ស៊ីក្លូ ជាជីវិតដែលរស់ក្នុងនៅក្នុងស្ថានភាពលំបាក និងប្រថុយប្រថាន កម្រមានអ្នកយល់ ពោលគឺរកស៊ីតាមផ្លូវថ្នល់ ដេកសម្រាកតាមចិញ្ចើមផ្លូវ ការហូបចុក ក៏មិនបានដិតដល់។ "ខ្ញុំបានចូលទៅភ្លក់ជីវិតនេះដោយខ្លួនឯងតាមរយៈរឿងនេះ ទើបដឹងថា ពួកគាត់លំបាកណាស់ ខមាទោស ពួកគាត់ស្ទើរមិនខុសអីនឹងជីវិតអ្នកសុំទាន"។ លោក ហ៊ុយ យ៉ាឡេង ថ្លែង។
ដូច្នេះហើយ នៅក្នុងថ្ងៃបើកសម្ពោធកាលពីថ្ងៃច័ន្ទនេះ លោក ពូ លោកអ៊ុំ ជាអ្នករស់អាស្រ័យនឹងរបរធាក់ស៊ីក្លូ ប្រមាណជា ២០នាក់ ត្រូវបានអញ្ជើញឲ្យចូលរួមក្នុងកម្មវិធី ព្រមទាំងទស្សនាដោយអត់គិតថ្លៃនូវខ្សែរឿងដែលមានភាពជិតដិតនឹងស្ថានភាពជីវិតពិតរបស់ពួកគាត់។ មិនខុសពីក្មេងប្រុសតូចខាងលើ លោក យ៉ាឡេង បង្ហើបថា លោក ពូ លោកអ៊ុំអ្នកធាក់ស៊ីក្លូទាំងនោះ បានមកឱបលោកដូចគ្នា។
“ពួកគាត់សរសើរខ្ញុំថា ខ្ញុំលេងរឿងនេះបានល្អ...គាត់ឃើញខ្ញុំទៅធាក់ស៊ីក្លូ តែមិនគិតថា យើងអាចលេងបានល្អអីចឹង ដល់ពេលពួកគាត់មកមើលរឿង គាត់ថា ខ្ញុំមើលទៅ ដូចពួកគាត់មែនអីចឹង...ហើយពួកគាត់បានអរគុណ ដែលយើងបានជួយលើកតម្កើងពួកគាត់អីចឹងណា!”។
ក្រោយពីបើកសម្ពោធ ភាពយន្តរឿង "ដើម្បីកូន" នឹងឡើងរោងកុនបញ្ចាំងជូនប្រិយមិត្តបានទស្សនាចាប់ពីថ្ងៃស្អែកទី ៣០ មករា ២០២០ នេះតទៅហើយ នៅគ្រប់រោងកុនទំនើបនៅរាជធានី និងនៅរោងភាពយន្តក្រុងប៉ោយប៉ែត សៀមរាប ជាដើម។ រឿងនេះ ផលិតករ អ្នកនិពន្ធ និងដឹកនាំ ព្រមជាតួសម្ដែងដដែល បញ្ជាក់ថា លោកធ្វើដើម្បីបន្ថែមពណ៌សម្បុរដល់ឧស្សាហកម្មភាពយន្តក្នុងស្រុក និងប្រាថ្នាឃើញទិដ្ឋភាពខ្លះ ដែលលោកធ្លាប់ឃើញក្នុងទសវត្សទី៦០ កើតមានក្នុងបច្ចុប្បន្នកាលផង។
លោកថា សម័យកាលនោះ បើតាមការចងចាំរបស់លោក គឺលោកឃើញមានបងប្អូនទស្សនិកជនដឹកដៃ ម្ដាយកូន ទៅមើលភាពយន្តហូរហែ ដែលបង្ហាញពីក្ដីស្រឡាញ់ និងភាពស្និទ្ធស្នាលក្នុងក្រុមគ្រួសារ។ ដូច្នេះហើយ លោកធ្វើវាជាកាដូលោកពូ អ៊ុំ មាមីង ជាម្ដាយឪពុកគ្រប់រូបដែលគាត់នៅខ្វះប្រភេទភាពយន្តដែលពួកគាត់អាចទស្សនាបាននាពេលបច្ចុប្បន្ន។
"ខ្ញុំសង្ឃឹមថា យុវវ័យអាចនាំឪពុកម្ដាយគាត់មកទស្សនារឿង "ដើម្បីកូន" នេះ ទុកជាអំណោយពួកគាត់...ព្រោះខ្ញុំជឿថា ពួកគាត់ក៏ចង់មានពេលបែបនេះដែរ...ហើយក្រោយពីមើលហើយ ខ្ញុំជឿទៀតថា កូនៗនឹងកាន់តែស្រឡាញ់ឪពុកម្ដាយ ហើយឪពុកម្ដាយក៏រឹតតែស្រឡាញ់កូនវិញដូចគ្នា!”៕