- 2020-02-07 05:16:31
- ភាពយន្ត
ផលិតករកត់សម្គាល់ថា ទស្សនិកជនចេញទង្វើល្អភ្លាមៗ ក្រោយពីបានទស្សនារឿង "ដើម្បីកូន"!
- 2020-02-07 05:16:31
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ផលិតករកត់សម្គាល់ថា ទស្សនិកជនចេញទង្វើល្អភ្លាមៗ ក្រោយពីបានទស្សនារឿង "ដើម្បីកូន"!
ចន្លោះមិនឃើញ
ប្រមាណជិត២សប្ដាហ៍ហើយ ដែលទស្សនិកជនបាន និងកំពុងជជែកគ្នាពីរឿង "ដើម្បីកូន" ដោយសរសើរថារឿងអប់រំសង្គម និងឆ្លុះបញ្ចាំងពីជីវិតអ្នកធាក់ស៊ីក្លូនេះថា ល្អមើល និងមានការអប់រំច្រើន ហើយ ជាមួយគ្នា គេឃើញមានចំណុចវិជ្ជមានមួយកើតឡើងក្រោយទស្សនិកជនបានទស្សនារឿងនេះហើយ។
តាមលោក ហ៊ុយ យ៉ាឡេង ផលិតករ អ្នកនិពន្ធ អ្នកដឹកនាំ ព្រមជាតួសម្ដែងផ្ទាល់ក្នុងរឿងបានឲ្យដឹងថា ទស្សនិកជនម្នាក់ បានរត់ទៅទិញម្ហូបអាហារបាយសម្លយកទៅប្រគល់ដល់តាស៊ីក្លូ។ "បាទបង កូនហ្នឹង គាត់បាន Tag មកខ្ញុំ គេថាពេលមើលរឿងខ្ញុំហ្នឹងហើយ គេអាណិតតាស៊ីក្លូ អីចឹងគ្រាន់តែមើលចប់ គេបានទៅទិញបាយម្ហូបឲ្យតាស៊ីក្លូតែម្ដង នៅម្ដុំៗកន្លែងខ្ញុំថតហ្នឹង!”។
ទស្សនិកជនរូបនោះ ត្រូវបានដឹងបានប្រើគណនី Raksmey Pich បង្ហោះពីសកម្មភាពរបស់នាង។ "លើកទី១ ដែលជិះ(ស៊ីក្លូ)ដោយសារតែមើលរឿង #ដើម្បីកូន ធ្វើឲ្យខ្ញុំបានដឹងថា ជីវិតអ្នកទាំងអស់ពិតជាលំបាកមែន...នេះជាទឹកចិត្តបន្តិចបន្តួចរបស់ខ្ញុំ!”។ Pich សរសេរនៅលើហ្វេសប៊ុករបស់នាង ហើយជាមួយគ្នា មិត្តភក្ដិក្នុងបណ្ដាញសង្គមជាមួយគ្នាជាច្រើនបានសាទរចំពោះសកម្មភាពរបស់នាង។
ឯអ្នកខ្លះទៀត បានបន្ទោសទៅម្ចាស់គណនីខាងលើថា ធ្វើសកម្មភាពនេះ ហេតុអីមិនហៅពួកគេឲ្យចូលរួមផង។ ត្បិតថា នេះជាសកម្មភាពតូចមួយនៅឡើយ ប៉ុន្តែវាជាគំរូមួយដ៏ល្អទាំងផ្នែកសង្គម និងក្នុងវិស័យភាពយន្ត។ លោក ហ៊ុយ យ៉ាឡេង បានលើកឡើងថា ការចាប់ផ្ដើមជាមួយសកម្មភាពតូចមួយ ប្រសើរជាងគ្មាន ហើយបើសិនជាមិនមានរឿងតូចៗ រឿងធំៗនឹងមិនកើតឡើងជារៀងរហូត។ នេះនិយាយក្នុងផ្នែកកិច្ចការជួយសង្គម ដែលគ្រប់គ្នាគួរមានកាតព្វកិច្ច។
វិលមកចំណុចវិជ្ជមានក្នុងឧស្សាហកម្មភាពយន្តវិញ លោកថា នេះរឹតតែជាសញ្ញាណល្អមួយដែរដែលថា ទស្សនិកជនក៏ចាប់ផ្ដើមទទួលយកផលិតផលភាពយន្តបែបអប់រំសង្គមហើយ ហើយជាក់ស្ដែង ផលវិជ្ជមានដែលបានពីភាពយន្តប្រភេទនេះ គឺបង្ហាញឲ្យឃើញភ្លាមៗ ដូចករណីប្អូនស្រីខាងលើ។
“ដូច្នេះហើយ ខ្ញុំថ្លែងអំណរគុណដល់អ្នកគាំទ្រ និងសំណូមពរដល់អ្នកនៅក្នុងវិស័យភាពយន្តទាំងអស់រួមគ្នាជំរុញអោយផលិតផលថ្មីរសជាតិថ្មីដែលមិនមែនជារឿងខ្មោចដដែលៗឲ្យដើរទៅមុខ ហើយបើផលិតនេះដើរទៅមុខយើងនឹងល្អទាំងអស់គ្នា វិស័យភាពយន្ត នឹងរីកចម្រើនហើយពួកយើងនៅក្នុងវិស័យនេះនឹងរីកចម្រើនដូចគ្នា!"។
ភាពយន្ត "ដើម្បីកូន" គឺជាភាពយន្តអប់រំសង្គម និងឆ្លុះបញ្ចាំងជាលើកដំបូងពីស្ថានភាពជីវិតរបស់អ្នកធាក់ស៊ីក្លូ។ ភាពយន្តនេះ បានដាក់បញ្ចាំងកាលពីថ្ងៃទី ៣០ មករា នៅគ្រប់រោងភាពយន្តទំនើបក្នុងរាជធានី និងបណ្ដាខេត្តមានសក្ដានុពល។ ក្នុងរយៈ ពេលនេះ គេឃើញមានទស្សនិកជនជាច្រើនបាននាំគ្នាទៅទស្សនា ក្នុងនោះមិនត្រឹមពលរដ្ឋធម្មតា ក៏មានសិល្បករជាច្រើនដូចជា រ៉េតធី ដូណា ហេងពិទូ ដួងម៉ានិច យ៉ែម ស្រីពេជ្រ ជាដើម ក៏បានទៅទស្សនាដែរ។
ពួកគេទាំងនោះ ក៏ឲ្យដឹងដូចគ្នាថា "ដើម្បីកូន" គឺល្អមើល និងការអប់រំសង្គមច្រើន ហើយថា ពួកគេពិតពិបាកទប់ទឹកភ្នែកអំឡុងពេលទស្សនាខ្សែភាពយន្តមួយរឿងនេះ។ លោក ហ៊ុយ យ៉ាឡេង ដែលដំបូងឡើយនៅមានការបារម្ភខ្លះៗ អំពីខ្សែភាពយន្តរបស់លោក ថាអាចនឹងខ្វះការគាំទ្រ លោកថា បានធូរចិត្តបន្តិចវិញ ក្រោយឃើញពុកម៉ែ បងប្អូន ប្អូនយុវវ័យ បានសម្រុកនាំគ្នាមកគាំទ្រ។
លោកថា រឿងនេះ លោកចង់បណ្ដុះនូវមនោសញ្ចេតនារបស់កូនៗ និងអ្នកមានគុណឲ្យរឹតតែជិតស្និទ្ធ ដោយការឆ្លុះបញ្ចាំងពីពលិកម្មសព្វបែបយ៉ាងដើម្បីកូន។ ដូច្នេះហើយ តាំងពីដើមមក តែងរំលឹកសារដោយចង់ឲ្យយុវវ័យផ្ដល់កាដូអ្នកមានគុណដោយការនាំពួកគាត់មកទស្សនាភាពយន្តដែលពួកគាត់អាចទស្សនាបាន ដ្បិតថាភាពយន្តប្រភេទនេះ នៅមានតិចណាស់ធៀបនឹងអតីតកាលនាទសវត្សទី៦០។
"ក្រៅពីហ្នឹង ខ្ញុំចង់ឃើញទិដ្ឋភាពខ្លះដែលខ្ញុំបានឃើញកាលសម័យនោះ គឺបងប្អូនប្រជាពលរដ្ឋយើងដឹកដៃគ្នាត្រសងមកទស្សនាភាពយន្តខ្មែរ...ហើយជាក់ស្ដែងតាមរយៈរឿងនេះ ខ្ញុំបានឃើញខ្លះហើយ មានទាំងប្អូនៗយុវវ័យ ឪពុកម្ដាយ នាំកូន ហើយកូនៗនាំអ្នកមានគុណមកទស្សនារឿងនេះ ហើយសង្ឃឹមថា នឹងឃើញទិដ្ឋភាពដូចគ្នានេះ មានទៀតនៅចុងសប្ដាហ៍នេះ!”។ ហ៊ុយ យ៉ាឡេង ថ្លែង។
គិតត្រឹមថ្ងៃនេះរឿង "ដើម្បីកូន" បានទៅដល់ខេត្តបាត់ដំបងហើយ ហើយបើតាមផលិតករដដែលបានឲ្យដឹងថា សំបុត្រសម្រាប់ទស្សនា ត្រូវបានលក់ដាច់អស់ហើយ៕