- 2021-01-19 03:31:21
- ព័ត៌មាន
ដឹងហើយសែនអាសូរ តារាចម្រៀង សួ វិចិត្រ ជីវិតរស់ក្នុងភាពល្ហល្ហេវហួសថ្លែង!
- 2021-01-19 03:31:21
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ដឹងហើយសែនអាសូរ តារាចម្រៀង សួ វិចិត្រ ជីវិតរស់ក្នុងភាពល្ហល្ហេវហួសថ្លែង!
ចន្លោះមិនឃើញ
សួ វិចិត្រ យុវជនមកពីខេត្តពោធិ៍សាត់ បានកសាងកេរ្តិ៍ឈ្មោះឲ្យប្រិយមិត្តបានស្គាល់ច្រើនតាមរយៈការច្រៀង Cover បទចម្រៀងល្បីរបស់តារាចម្រៀងជាច្រើន ពិសេសបទ "ឧបសគ្គស្នេហ៍" ដែលបានធ្វើឲ្យលោកផ្ទុះការងារគាំទ្រខ្លាំង។ ប៉ុន្តែងាកទៅមើលស្ថានភាពផ្ទាល់ខ្លួន យុវជនរូបនេះ មានស្ថានភាពលំបាកខ្លាំង និងតស៊ូតែម្នាក់ឯងស្ទើរពាក់កណ្ដាលជីវិតទៅហើយ។
សួ វិចិត្រ បច្ចុប្បន្នមានវ័យ ២៧ឆ្នាំ កើតនៅភូមិថ្នល់ជប៉ុន ឃុំរលាបស្រុកសំពៅមាស ខេត្តពោធិ៍សាត់ក្នុងគ្រួសារក្រខ្សត់មួយ ដែលជាអ្នកលក់នំបញ្ចុក។ លោកមានបងប្អូនចំនួន ៣នាក់(ស្រី២ ប្រុស១) លោកគឺជាកូនច្បង។ ក្រុមគ្រួសាររបស់ វិចិត្រ រកព្រឹកខ្វះល្ងាច ថែមទាំងឪពុកម្ដាយឧស្សាហ៍ឈ្លោះគ្នាស្ទើររាល់ថ្ងៃទៀត។ ដូច្នេះហើយ រូបគេត្រូវបានលោកតាម្នាក់ដែលមិនជាប់សាច់ឈាមសោះ យកមកនៅជាមួយតាំងពីតូចៗក្រូចឆ្មា(ឡើងចុះៗ)។
ចំណេរក្រោយមក ក្រុមគ្រួសាររបស់វិចិត្រ កាន់តែជួបរឿងបែកខ្ញែក ដោយលោកឪពុក និងអ្នកម្ដាយបានចែកផ្លូវគ្នា ហើយម្ដាយក៏បានចេញទៅធ្វើការនៅប្រទេសថៃបាត់ស្ងាត់ដំណឹងឈឹង។ ដោយឡែកឪពុក ក៏ក្លាយជាមនុស្សបាត់បង់ជំនឿចិត្ត រស់ក្នុងភាពតោកយ៉ាកលំបាកភ្នែក និងមិនអាចរ៉ាប់រងចិញ្ចឹមកូនៗបានឡើយ។ វិចិត្រ ប្រាប់ថា ពេលនោះ ជីវិតលោក និងប្អូនៗកាន់តែល្ហល្ហេវ មិនដឹងថា ត្រូវធ្វើយ៉ាងណាឡើយ ចុងក្រោយមានតែនាំគ្នាទៅរស់នៅជាមួយលោកតាដែលជាអ្នកដទៃទាំងស្រុងតែម្ដង។
លោកតាបានផ្ដល់កន្លែងស្នាក់នៅ និងអាហារ ធ្វើឲ្យជីវិតផ្ដើមមានភាពកក់ក្ដៅបន្តិច។ ប៉ុន្តែភាពល្ហល្ហេវបានវិលមកថ្មីក្រោយពីលោកតាបានចែកឋានកាលពីប្រមាណ ៧ឆ្នាំមុនដោយជំងឺ។ ពីនោះមក វិចិត្រ ដែលមិនមានអ្វីសោះ ផ្ទះក៏គ្មាន ដីក៏គ្មាន បានជួបភាពកណ្ដោចកណ្ដែងសារជាថ្មី ជាមួយប្អូនស្រីទាំងពីរ។ ដើម្បីដោះស្រាយបញ្ហាចំពោះមុខ យុវជនកម្សត់ បានស្វះស្វែងរកម្ដាយ និងដឹងដំណឹងគាត់បានមកពីថៃវិញ ហើយកំពុងនៅកំពង់សោម ធ្វើជាកម្មករសំណង់ លៀងចានឲ្យគេ។ ដូច្នេះហើយ រូបគេ ក៏បាននាំយកប្អូនស្រីទាំងពីរទៅទុកនៅម្ដាយសិន ហើយខ្លួនត្រឡប់មកពោធិ៍សាត់វិញ តស៊ូនឹងជីវិតដ៏ល្ហល្ហេវបន្តទៀត។
បកក្រោយទៅអំឡុងពេលនៅជាមួយលោកតានៅឡើយ ដើម្បីសម្រាលបន្ទុកខ្លះ និងដើម្បីការចាយវាយផ្ទាល់ខ្លួន និងប្អូនៗផង វិចិត្រ ត្រូវដើរធ្វើការគ្រប់បែបយ៉ាង ក្នុងនោះធ្លាប់ធ្វើជាសន្តិសុខយាមផ្ទះសំណាក់ និងដើរលេងភ្លេង និងការងារជាច្រើនទៀតដើម្បីរកប្រាក់ចិញ្ចឹមខ្លួន និងប្អូនៗ ខណៈពេលនោះ រូបគេកំពុងសិក្សាថ្នាក់ទី ៧ និងមានអាយុខ្ទង់ ១៥ឆ្នាំ។ យុវជនកម្សត់កម្រ បានតស៊ូធ្វើការងារកំប៉ិកកំប៉ុកជាច្រើនតាំងពីអំឡុងឆ្នាំ ២០០៧ រហូតមកដល់អំឡុងឆ្នាំ ២០១០ ទើបអាចផ្លាស់ប្ដូរមកកាន់អាជីពចម្រៀងទាំងមិននឹកស្មាន។
“ថ្ងៃមួយខ្ញុំ និងក្រុមការងារអ្នកលេងភ្លេងគ្នាខ្ញុំហ្នឹង បានទៅញុំាអីនៅ Sky Bar កន្លែងខ្ញុំធ្វើការរាល់ថ្ងៃ ហើយពេលហ្នុងថៅកែភ្លេងខ្ញុំហ្នឹង បានឲ្យខ្ញុំឡើងច្រៀងមួយបទ ហើយថៅកែ Sky Bar ក៏ឃើញ និងភ្ញាក់ថា យី...អាអូននេះ ច្រៀងពីរោះមេស គាត់ក៏សួរថា ខ្ញុំជាប់ធ្វើអីអត់រាល់ថ្ងៃ ខ្ញុំប្រាប់ថា អត់ជាប់ទេ គឺភ្លេងលេងអីតិចតួច គ្រាន់បាន បួនដប់ម្ភៃរៀល គ្រាន់បានចាយ និងរៀន អីចឹងថៅកែ ក៏គាត់ថា អីចឹងមកច្រៀងនៅកន្លែងគាត់មក ហើយក៏ច្រៀងជាប់មកដល់សព្វថ្ងៃណាបង!”។
អាជីពជាអ្នកចម្រៀងប្រចាំ Sky Bar បានផ្ដល់ឲ្យ វិចិត្រ បានផ្លាស់ប្ដូរជីវភាពប្រសើរជាងបន្តិចធៀបនឹងអតីតកាល ប៉ុន្តែមិនទាន់អាចឲ្យលោក អាចងើបផុតពីភាពក្រីក្រនៅឡើយ ដោយមកទល់បច្ចុប្បន្នលោកនៅតែមិនទាន់មានអ្វីជារបស់ផ្ទាល់ខ្លួន។ វិចិត្រ ថ្លែងថា "ជីវិតខ្ញុំមកដល់ពេលនេះ មិនដែលមានដីម្ដុំ ឬផ្ទះផ្ទាល់ខ្លួននៅមួយទេ ភាគច្រើន គឺខ្ញុំធ្វើការកន្លែងណា ខ្ញុំដេកនៅកន្លែងនោះ ចងអង្រឹង ឬដាក់ប៉ៅអ៊ីដេកទៅណា និយាយទៅ គឺគ្មានដី គ្មានផ្ទះអីហ្នឹងគេទេ!”។
មកដល់បច្ចុប្បន្ន សួ វិចិត្រ ចាប់ផ្ដើមមានពន្លឺជីវិតខ្លះៗ ក្រោយពីលោកត្រូវបានគេស្គាល់ច្រើន ដោយសារការចេញមុខមក Cover បទចម្រៀងជាច្រើន ពិសេសបទ "ឧបសគ្គស្នេហ៍" របស់លោក ហាក់ រីខត។ ប្រិយមិត្តជាច្រើនបានពោលសរសើរទឹកដមសំឡេងរបស់យុវជនកម្សត់ ថាសំឡេងល្អ ធ្ងន់ មានកម្លាំង ផ្អែម កម្ររកបាន ។ ស្ថានភាពនេះ បានធ្វើឲ្យអំណោយផលខ្លះដល់ជីវភាពរបស់លោក។
វិចិត្រប្រាប់ថា ពេលនេះ មានខាងម្ចាស់កម្មវិធីជប់លៀង មង្គលការច្រើនបានទាក់ទងលោក ដើម្បីទៅច្រៀងក្នុងកម្មវិធីពួកគេ។ ក្រៅពីនេះ ក៏មានកម្មវិធីទូរទស្សន៍មួយចំនួន បានហៅលោកឲ្យចូលរួមបន្តបន្ទាប់ដែរ។ លោកសង្ឃឹមថា ស្ថានភាពនេះ នឹងកាន់តែវិវត្តល្អប្រសើរឡើងៗ ដើម្បីឲ្យលោកបានមានជីវិតកាន់តែប្រសើរ ក្រែងបានស្រោចស្រង់គ្រួសារកម្សត់របស់លោក ដែលរស់នៅ ព្រាត់ ប្រាស់ បែកខ្ញែកគ្នាស្ទើរពាក់កណ្ដាលជីវិតទៅហើយ។
"និយាយការពិតបងអើយ...រាល់ថ្ងៃដេកតែគិត ពីម៉ែ និងប្អូនៗនៅកំពង់សោមរាល់ៗយប់...”៕