• 2024-03-08 09:16:38
  • ព័ត៌មាន

«រាជិនីសំឡេងមាស» ល្ខោន​តន្ត្រី​ខ្មែរ​ដំបូង​បង្អស់​លេច​រូបរាង​ឆាប់ៗ

  • 2024-03-08 09:16:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ល្ខោន​តន្ត្រី​រសជាតិ​ថ្មី​ដែល​ដឹកនាំ​ផលិត​រៀបរាប់​ពី​វិថី​សិល្បៈ​ និង​ស្នាដៃ​ច្រើន​រាប់​មិន​អស់​របស់​វីរ​សិល្បករ​ សិល្បការិនី ២រូប គឺ​អធិរាជសំឡេងមាស ស៊ីន ស៊ីសាមុត និងរាជិនីសំលេងរៃមាសកណ្ដឹង រស់ សេរីសុទ្ធា កំពុង​ស្ថិត​ក្នុង​ដំណាក់កាល​ផលិត និង​ត្រៀម​បង្ហាញទស្សនីយភាពអស្ចារ្យតាមរយៈការសម្ដែងលើឆាក ​នៅអំឡុង​ខែ មិថុនា ពាក់​កណ្ដាល​ឆ្នាំ​នេះ។ នេះ​ជា​ស្នាដៃ ល្ខោន​តន្ត្រី​ដំបូង​បំផុត​របស់​កម្ពុជា។

ឆ្លើយតប​នឹង​សំណួរ​អ្នក​សារព័ត៌មាន​យើង​លោក សុខ វិសាល ផលិតករនៃគម្រោងល្ខោន​តន្ត្រី​អធិរាជ​សំឡេង​មាស​ លោក​ថា៖ "ជា​ក្ដី​គោរព​និង​រម្លឹក​ដល់​វីរសិល្បករ​យើង យើង​សម្រេច​យក​ថ្ងៃ​ ០៨ មីនា ទិវា​នារី​អន្តរជាតិ​នេះ​ជា​ថ្ងៃ​ប្រកាស​ពី​គម្រោង​ដំណើរការ​ផលិត​ល្ខោន​នេះ ជា​ពិសេស​ដល់​លោកស្រី​រស់ សេរីសុទ្ធា ហើយ​ខ្ញុំ​ជឿ​ថា ល្ខោន​តន្ត្រី​នេះ​នឹង​ជា ទស្សនីយភាព​ដែល​យើង​គ្រប់​គ្នា​គួរ​ទស្សនា និង​ទទួល​បទពិសោធន៍​ថ្មី"។

ហែល​ឆ្លង​បទពិសោធន៍​ច្រើន​ឆ្នាំ​ក្នុង​នាម​ជា​ផលិតករ​ និង​ទទួល​ឱកាស​ចូលរួម​ផលិត​ក្ដី តែ​លោក សុខ វិសាល ទទួល​ស្គាល់​ និង​បញ្ជាក់​ថា ការ​ផលិត​ល្ខោន​នេះ ជា​គម្រោងផលិតទី១ ហើយ ព្រោះ​លោក​ធ្លាប់​តែ​ផលិត​កុន មិនមែន​ល្ខោន។ លោក​បន្ត​ថា៖ "នេះ​ជា​បោះ​ជំហាន ឈាន​ទៅ​ចាប់​ផ្ដើម​ផលិត បង្កើត​សមិទ្ធផល​ដែល​ឆ្លុះ​បញ្ចាំង​ និង​មាន​សារៈសំខាន់​ណាស់​ចំពោះ​សិល្បៈ​វប្បធម៌​ខ្មែរ។"

លោក​ សុខ វិសាល កំពុងមានប្រសាសន៍

"រាជិនីសំឡេងមាស" កើត​ចេញ​ពី​សេចក្ដី​ស្រឡាញ់​ ស្ងើចសរសើរ ​ពី​សមត្ថភាព​របស់​កំពូល​វីរសិល្បករ​ជំនាន់​ទសវត្សទី ៦០-៧០ ​របស់​ផលិតករ​អាមេរិក​លោក Gregory Cahill។ គំនិត​ដើម​នៃ “រាជិនីសំឡេងមាស” ដែល​រៀបរាប់​ពី​ជីវិត​ពិត​និង​វិថី​សិល្បៈ​របស់​អធិរាជ​សំឡេង​មាស ស៊ីន ស៊ីសាមុត និងលោកស្រី រស់ សេរីសុទ្ធា គឺ​លោក​ចាប់​ផ្ដើម​សរសេរ សាច់​រឿង​ផលិត​ជា​ភាពយន្ត ឬ​ល្ខោន​ទៅ​ហើយ​តាំង​ពី​ឆ្នាំ ២០០៥ តែ​ដោយ​សារ​កត្តា​ដើម​ទុន​ផលិត​ខ្វះខាត​ទើប​លោក​ប្ដូរ​ទិសដៅ​ទៅ​ចងក្រង​សរសេរ​ជា​សៀវភៅ​ដែល​មាន​រូបភាព​ជំនួស​វិញ។

សុខ វិសាល មិន​មែន​ជា​ផលិតករ​តែ​មួយ​រូប​ផលិត​ល្ខោន​តន្ត្រី​រាជនីសំឡេងមាស​ទេ តែ​នឹង​រួម​គ្នា​ជាមួយ​ផលិតករ​ចាស់​វស្សា​បទពិសោធន៍​ទាំង​ក្នុង​និង​ក្រៅ ស្រុក សួង សុភ័ក្រ ដែល​នឹង​ចាប់​ដៃ​គ្នា​សម្រេច​វណ្ណកម្ម​នេះ​ឡើង​នា​ពេល​ខាង​មុខ។

"នេះ​ជា​ថ្ងៃ​ចាប់​ផ្ដើម​បន្ទាប់​ពី​១ឆ្នាំ ​នៃ​សៀវភៅ​រចនា ទៅ​ផលិត​ជា​ល្ខោន​តន្ត្រី។ ខ្ញុំ​រំភើប​ណាស់"។ នេះ​ជា​លើក​ឡើង​របស់​សហ​ផលិតករ​ សួង សុភ័ក្រ

ល្ខោន​តន្ត្រី​ជា​ប្រវត្តិសាស្ត្រ​ជា​រសជាតិ​ថ្មី​ និង​ដំបូង​គេ​បង្អស់​របស់​កម្ពុជា ដែល​ផលិត​ដោយ​ផលិតករ​ក្នុង​ស្រុក​នឹង​បើក​ទំព័រ​ថ្មី ចាប់​ពី​ពេល​នេះ​តទៅ។ លោក​បន្ត​ដោយ​ក្ដី សង្ឃឹម​ថា ​សិល្បៈវប្បធម៌​ខ្មែរ​នឹង​បន្ត​រីក​ចម្រើនកាន់តែខ្លាំងទៅ​មុខ និង​ទទួល​បាន​ការ​គាំទ្រ​​ច្រើនឡើងៗ៕

មតិយោបល់