• 2024-04-12 07:00:31
  • ព័ត៌មាន

LD Entertainment ដាក់បញ្ចូលសិល្បៈវប្បធម៌ខ្មែរច្រើនលើសលុប ក្នុងស្រឡាយរឿង «ប្រវត្តិស្នេហ៍នាងនាថ»

  • 2024-04-12 07:00:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយចំណាយពេលផលិតយ៉ាងសម្រិតសម្រាំងរយៈពេលជាច្រើន ទីបំផុត poster ទី១ នៃស្រឡាយរឿង «ប្រវត្តិស្នេហ៍នាងនាថ» ត្រូវបានទម្លាក់លើទីផ្សារឱ្យទស្សនិកជន និងអ្នកនិយមទស្សនាភាពយន្តបានឃើញហើយ។

រូបភាព៖ ហ្វេសប៊ុក Leak Ly Da (លៀក លីដា)

Poster ថ្មីសន្លាងនេះ ទាក់ចិត្តទស្សនិកជនជាខ្លាំង ពិសេសវត្តមានតួឯកប្រុសស្រីក្នុងរឿង «ប្រវត្តិស្នេហ៍នាងនាថ» គឺ កូនកាត់ខ្មែរ-បារាំង កញ្ញា Melia Constantin និងតារាសម្តែងល្បីឈ្មោះមីយ៉ាន់ម៉ា លោក Paing Takhon។

រូបភាព៖ ហ្វេសប៊ុក Mélia Constantin

អ្វីដែលរឹតតែពិសេស រឿង «ប្រវត្តិស្នេហ៍នាងនាថ» មានដាក់បញ្ចូលនូវសិល្បៈវប្បធម៌ដូចជា ល្ខោនខោស្បែក ក្បាច់គុនខ្មែរតម្លៃនៃសន្តិភាព ការត្បាញសូត្រ ទូកង និងរបៀបធ្វើដាវប្រគាក់កាំបិតខ្មែរ ។ល។ នេះបើតាមការបង្ហោះរបស់ លោក លៀក លីដា ចាងហ្វាងផលិតកម្ម LD Entertainment នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤។

ចាងហ្វាងផលិតកម្ម រៀបរាប់ឱ្យដឹងទៀតថា «ក្នុងនាមខ្ញុំជាកូនខ្មែរ ខ្ញុំនឹងព្យាយាមនូវអ្វីដែលខ្ញុំអាចធ្វើទៅបាន ដើម្បីការពារស្នាដៃ សិល្បៈវប្បធម៌ ដែលដូនតាយើងបន្សល់ទុកឲ្យ តាមរយៈការដាក់បញ្ចូលសិល្បៈវប្បធម៌ទៅក្នុងខ្សែភាពយន្តរបស់ខ្ញុំ។ដើម្បីបង្ហាញទៅទស្សនិកជនទាំងអស់ជាពិសេសអន្តរជាតិឲ្យបានស្គាល់ពីម្ចាស់ពិតប្រាកដពីរបស់ពិតប្រាកដដែលមាននៅក្នុងប្រទេសកម្ពុជា»។

រូបភាព៖ ហ្វេសប៊ុក Leak Ly Da (លៀក លីដា)

នេះមិនមែនជាលើកដំបូងទេ ដែលផលិតកម្ម LD Entertainment ធ្វើការដាក់បញ្ចូលទម្រង់សិល្បៈវប្បធម៌ខ្មែរទៅក្នុងសាច់រឿង ព្រោះកន្លងមកផលិតកម្មឈានមុខគេក្នុងការផលិតរឿងខ្មែរនេះ តែងតែព្យាយាមរំលេចពីអ្វីដែលជារបស់ខ្មែរតាមដែលអាចធ្វើទៅតាម ដោយផ្អែកលើកាលៈទេសៈ និងសាច់រឿងផងដែរ។ គេជឿជាក់ថា ស្រឡាយរឿង «ប្រវត្តិស្នេហ៍នាងនាថ» ដែលជាប្រភេទរឿងស៊េរី បែកចែកជា ៣ វគ្គធំៗ រួមមាន៖ វគ្គ១. យុវវ័យក្រោយសម័យអង្គរ, វគ្គ២. ជើងមេឃពណ៌ស្វាយ និងវគ្គ៣. ខ្មោចចញ្ចឹមកូនមនុស្ស នឹងរំលេចឱ្យឃើញកាន់តែច្បាស់ពីសម្ភារៈជំនាន់មុន និងទម្រង់សិល្បៈផ្សេងៗរបស់ខ្មែរដែលមានមកតាំងពីបុរាណ។

រូបភាព៖ ហ្វេសប៊ុក Mélia Constantin

បច្ចុប្បន្ន រឿង «ប្រវត្តិស្នេហ៍នាងនាថ» បានបញ្ចប់ការថតដោយជោគជ័យ ហើយគ្រោងចាក់បញ្ចាំងគ្រប់រោងភាពយន្តទំនើបទូទាំងប្រទេសកម្ពុជា និងមានគម្រោងនាំចេញទៅចាក់បញ្ចាំងនៅក្រៅប្រទេសផងដែរ៕

អត្ថបទ៖ Ah Mouy

មតិយោបល់