• 2024-06-12 03:58:33
  • ព័ត៌មាន

អនាគតត្រូវចប់! ភ្លាត់ស្នៀតមួយវិនាទី តារាចម្រៀងកូរ៉េជំនាន់ GenZ ត្រូវជាប់ពន្ធនាគារ ១៥ ឆ្នាំ

  • 2024-06-12 03:58:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យោងតាម ​​Wikitree​​ តារាចម្រៀងស្រី និង ​​DJ ​​Ahn Yesong​​ បានបើកបរក្នុងស្ថានភាពស្រវឹង បណ្តាលឱ្យមានឧបទ្ទវហេតុយ៉ាងតក់ស្លុតធ្វើឲ្យមនុស្សស្លាប់ ហើយភ្លាមៗខ្លួនបានព្យាយាមរត់គេច។ ទោះជាយ៉ាងណា ពេលនេះនាងត្រូវបានកាត់ទោសនៅតុលាការកណ្តាលទីក្រុងសេអ៊ូល (កូរ៉េខាងត្បូង) កាលពីថ្ងៃទី ១១ ខែមិថុនា។ ក្នុងអំឡុងពេលសវនាការចៅក្រម ​​Kim Ji Young​​ បានកាត់ទោស ​​Ahn Yesong​​ ឱ្យជាប់គុក ​​១៥ ឆ្នាំ​​ និងរឹបអូសសោររថយន្តរបស់នាង និងរថយន្ត ​​Mercedes-Ben​​ ដែលបណ្តាលឱ្យមានគ្រោះថ្នាក់។

អ្នកតំណាង​រដ្ឋអាជ្ញា​បាន​និយាយ​ថា អាកប្បកិរិយា​របស់តារាចម្រៀងស្រី កើតឆ្នាំ ​​២០០០​​ ដែលមានឈ្មោះថា ​​Ahn Yesong​​ គឺពិតជា​គ្រោះថ្នាក់​ខ្លាំង​ណាស់។ ដូច្នេះ​ហើយ​ពួក​គេ​បាន​ស្នើ​សុំ​ឱ្យ​តុលាការ​បង្កើន​ការ​ដាក់​ទោស​ទណ្ឌ​លើ​ ​​Ahn Yesong​​។ នាងបានបង្ក​ឱ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍​ និងសាងកំហុស ​​២ តង់​​ ទី​​១​​ គឺ បើកទាំងស្រវឹង ហើយបុកឡានគេ និងទី​​២​​ គេចខ្លួនហួសទៅបុកម្នាក់ទៀត បណ្ដាលឲ្យស្លាប់។ បទល្មើស​នេះ​ធ្ងន់ធ្ងរ​ណាស់ ព្រោះ​ក្រោយ​កើតហេតុ នាងបែរជាព្យាយាមគេចខ្លួន ដោយ​មិន​ចង់ទទួលខុសត្រូវនឹងទង្វើធ្វេសប្រហែសរបស់ខ្លួន ហើយបែរជា​ស្តីបន្ទោស​ឱ្យ​ជន​រង​គ្រោះទៀត។

នៅ​ពេល​កើត​ហេតុ ជន​រង​គ្រោះ​ហូរឈាមច្រើនណាស់ ដោយ​រង​នូវ​ការ​ឈឺ​ចាប់​ខាង​ផ្លូវ​កាយ​យ៉ាង​ខ្លាំង ចំណែកគ្រួសារ​អ្នក​ស្លាប់ក៏ត្រូវ​រស់​នៅ​ក្នុង​ភាព​ឈឺ​ចាប់​ជា​រៀង​រាល់​ថ្ងៃ ព្រោះពួក​គេ​មិន​មានលុយគ្រប់គ្រាន់ក្នុងការរៀបចំពិធីបុណ្យ​បាន។

ទោះជាយ៉ាងណា ពាក្យចុងក្រោយនៅក្នុងតុលាការ ​​Ahn Yesong​​ និយាយទាំងយំ និងសុំទោសចំពោះទង្វើរបស់ខ្លួនបានសាង៖ ​​«នៅពេលកើតហេតុនោះ ខ្ញុំកំពុងស្ថិតក្នុងសភាពលំបាកផ្នែកហិរញ្ញវត្ថុ ខ្ញុំបានចូលរួមកិច្ចប្រជុំសំខាន់មួយ ហើយមិនអាចបដិសេធមិនផឹកស្រាបានទេ ទើបបណ្តាលឲ្យខ្ញុំប្រព្រឹត្តកំហុសដែលមិនអាចអត់ឱនបាន បណ្តាលឲ្យជនរងគ្រោះរងនូវភាពឈឺចាប់ ខ្ញុំសុំលុតជង្គង់សុំទោស។ ខ្ញុំពិតជាបានប្រព្រឹត្តអំពើខុសឆ្គងដ៏ធំមួយ ការធ្វើអ្វីមួយដែលខ្ញុំមិននចេតនា ខ្ញុំសូមអភ័យទោសចំពោះអ្នកស្លាប់ អ្នករងរបួស និងក្រុមគ្រួសារនៃជនរងគ្រោះនៃឧបទ្ទវហេតុនេះ ខ្ញុំដឹងថាខ្ញុំនឹងរស់នៅដោយវិប្បដិសារីពេញមួយជីវិត ដែលសាងរឿងឈឺចាប់ដែលមិនអាចបំភ្លេចបាននេះ»​​

ទន្ទឹមនឹងនេះ មេធាវីរបស់ ​​Ahn Yesong​​ បានឈរនៅចំពោះមុខតុលាការ ដើម្បីសុំឱ្យមានការបន្ធូរបន្ថយទោសរបស់នាង។

ជាក់ស្ដែងរម្លឹកទៅកាល​ពី​ល្ងាច​ថ្ងៃ​ទី​២៧ ខែ​កុម្ភៈ អតីត​តារា​ចម្រៀង ​​Ahn Yesong​​ បាន​បង្ក​គ្រោះ​ថ្នាក់​ជា​បន្ត​បន្ទាប់​នៅ​ទីក្រុង​សេអ៊ូល ប្រទេស​កូរ៉េ​ខាង​ត្បូង។ បើក​រថយន្ត​ម៉ាក ​​Mercedes-Benz​​ ក្នុង​ស្ថានភាព​ស្រវឹង បុក​ជាមួយ​រថយន្ត បណ្ដាល​ឲ្យ​ជនរងគ្រោះ​របួសធ្ងន់។ ក្រោយពេលកើតហេតុ នាង បានរត់គេចខ្លួន ហើយស្រាប់តែបន្តទៅបុកពីក្រោយ មកលើបុរសម្នាក់ ដែលត្រូវបានគេដឹងថាជាលោកឪពុកដែលខំធ្វើការជាអ្នកដឹកជញ្ជូនរកស៊ីចិញ្ចឹមគ្រួសារ ដែលកំពុងបើកម៉ូតូទាំងមិនបានដឹងអ្វីទាំងអស់ បណ្តាលឲ្យជនរងគ្រោះស្លាប់ភ្លាមៗ។ នៅពេលចាប់ខ្លួន ប៉ូលីសបានកត់ត្រាកម្រិតជាតិអាល់កុលក្នុងឈាមរបស់ ​​Ahn Yesong​​ ដោយលទ្ធផល គឺដល់ទៅ ​​០,២២១ភាគរយ​​ លើសពីការកំណត់ផ្លូវច្បាប់។

សាក្សីជាច្រើននាក់នៅកន្លែងកើតហេតុបាននិយាយថា ​​DJ Yesong​​ មិនបានសហការជាមួយប៉ូលីសទេពេលនោះ។ នៅពេលដែលប៉ូលីសសុំនាងចុះពីឡាន នាងបានអង្គុយនៅលើចិញ្ចើមផ្លូវដោយកាន់សត្វចិញ្ចឹមរបស់នាង មិនបានផ្តល់ចម្លើយភ្លាមៗទេ ហើយបានស្នើរសុំទាក់ទងក្រុមគ្រួសាររបស់នាងម្តងហើយម្តងទៀត។ សាក្សីបាននិយាយថា ​​ជនរងគ្រោះហូរឈាមច្រើនក្បាល បាត់បង់ស្មារតីនៅនឹងកន្លែង​​។ ចំណែកអ្នកបង្កហេតុបែរជាមកអង្គុយឱបសត្វសុនខ ហើយរអ៊ូត្អូញត្អែររហូតចុងក្រោយប៉ូលីសសម្រេចដាក់ខ្នោះតែម្ដង។

បញ្ជាក់ផងដែរថា ​​Ahn Yesong​​ កើតនៅឆ្នាំ ​​២០០០​​ ជាសមាជិកក្រុម ​​INSTAR​​។ តារា​ស្រី​រូប​នេះ​បាន​បង្ហាញ​ខ្លួន​ដំបូង​នៅ​អាយុ ​​១៧ ឆ្នាំ​​ ប៉ុន្តែ​មិន​បាន​ជោគជ័យប៉ុន្មានទេ។ បន្ទាប់​មក ​​Ahn Yesong​​ ក៏បាន​ប្តូរ​មក​ប្រកប​របរ​ជា ​​DJ​​ វិញ៕

ប្រភព៖ Kenh14 អត្ថបទ៖ ធារី

មតិយោបល់