• 2018-07-09 10:26:43
  • ភាពយន្ត

វីដេអូក្បាច់គុនខ្មែរ ថតស្តែងៗ អ្នកផលិតថាបើភ្លាត់ស្នៀតតែបន្តិចអាចមានគ្រោះថ្នាក់ធ្ងន់ធ្ងរ

  • 2018-07-09 10:26:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 1

ចន្លោះមិនឃើញ

វីដេអូសម្តែងក្បាច់គុនដំបងខ្មែរ និងក្បាច់វាយប្រហារក្នុងសិកសង្រ្គាម ត្រូវបានលោក ជិន ជុន និងប្អូនប្រុសធម៌របស់លោកម្នាក់ ឈ្មោះថា ស៊ូណា ហនុមាន សម្តែងបង្ហាញសមត្ថភាពក្នុងវីដេអូខ្លីប្រមាណជាង ៨ នាទី ដែលបង្កប់សារអប់រំ ពិសេសទឹកចិត្តនៃអ្នកហាត់គុនខ្មែរ។

លោក ជិន ជុន និងប្អូនប្រុសធម៌ ស៊ូណា ហនុមាន

ជាក់ស្តែងភាពយន្តខ្លីនេះ បានផលិតតាំងពីឆ្នាំ ២០១៧ និងមានអ្នកចូលទស្សនា ច្រើនជាង ២មឺុន​ដងក្នុងទំព័រហ្វេសប៊ុករបស់លោក ជិន ជុន ឈ្មោះថា KhamboFilm Cambodia។ ក្រោយពីបានសាកសួរ ទើបផលិតករ និងគ្រូគុនម្នាក់នេះ ប្រាប់ថា នេះជាវីដេអូពិតរបស់ខ្លួន ដែលផលិត ហើយចែកចាយតាំងពីឆ្នាំ ២០១៧ ដោយការផលិតមានតែរូបលោក ប្អូនប្រុសម្នាក់ទៀត និងប្រពន្ធជាអ្នកជួយថត ហើយលោកជាអ្នកកាត់ត។

រូបក្នុងភាពយន្តខ្លី

ក្នុងថតវីដេអូនេះ រូបលោក និងប្អូនធម៌គឺសុទ្ធតែជាអ្នកធ្លាប់ហាត់គុនខ្មែរ ដូចនេះមិនមានបញ្ហាក្នុងការសម្តែងនោះទេ តែរូបលោកប្រាប់ថា បើសិនជាមានការធ្វេសប្រហែសអាចមានរបួសធ្ងន់ធ្ងរ ព្រោះកម្លាំងនៃការវាយដំបង នេះមិនស្រាលទេ។ ដោយចង់បានគុណភាពក្បាច់គុនល្អ និងមានលក្ខណៈពិតៗនោះ រូបលោក ត្រូវបង្ហាញការប្រយុទ្ធមែនទែនតាមក្បាច់ដែលធ្លាប់ហាត់ ដោយមិនមានបច្ចេកទេសថតត្រឹមត្រូវ ឬឧបករណ៍ជំនួយច្រើនទេ តែអ្វីដែលរូបលោកចង់បាន គឺចង់បង្ហាញប្រាប់ថា គុនខ្មែរពិតជាខ្លាំង ហើយវាអាចយកមកបម្រើក្នុងវិស័យភាពយន្តបានល្អ បើសិនជាមានទីផ្សារ ឬតម្រូវការមួយនេះ។

លោក ជិន ជុន

តាមការសាកសួរបន្ថែមរូបលោកជាគ្រូក្បាច់គុនខ្មែរម្នាក់ ដែលធ្លាប់ហាត់វិជ្ជាគុនខ្មែរតាំងពីកុមារភាព ហើយក៏មានអ្នកសុំរៀនវិជ្ជានេះជាច្រើននាក់ដែរ តែលោកតែងបដិសេធ សូម្បីតែខាងកងទាហានក៏ធ្លាប់បានអញ្ជើញរូបលោកទៅបង្ហាត់ថែមទៀតផង។ តែបច្ចុប្បន្ន លោក ជិន ជុន មិនទាន់សម្រេចចិត្តចូលបង្ហាត់នៅឡើយទេ សុខចិត្តនៅផ្ទះក្នុងខេត្តកំពង់ធំ ធ្វើការងារលក់ដូរជាមួយប្រពន្ធកូនធម្មតា។ គ្រូគុនរូបនេះបន្តថា រូបលោក ស្រលាញ់វិជ្ជាក្បាច់គុននេះណាស់ ហើយក៏ចង់ចែករម្លែកដែរ តែហាក់មិនទាន់ដល់ពេល ក៏មិនទាន់ហ៊ានបញ្ចេញសម្ថភាព។

រូបភាពក្រៅឆាក លោក ស៊ូណា ហនុមាន

ជិតបញ្ចប់បទសម្ភាសតាមទូរស័ព្ទជាមួយ Sabay លោក ជិន ជុន ក៏លើកឡើងថា ខ្លួនលោកមានគម្រោងចង់បើកក្លឹបក្បាច់គុនខ្មែរ សម្រាប់បម្រើដល់វិស័យថតភាពយន្ត ដើម្បីជួយបង្ហាញពីក្បាច់គុនខ្មែរឱ្យបានស្គាល់ដល់មនុស្សជំនាន់ក្រោយដូចគ្នា។ រូបលោក បន្តថា បើមានការគាំទ្រលើការផលិតភាពយន្តខ្មែរបែបវាយប្រហារគុននិយមខ្មែរ និងសិកសង្គ្រាម រូបលោកនឹងរីករាយចូលរួមជាមួយវិស័យភាពយន្តខ្មែរ៕

ចង់ដឹងថាវីដេអូនេះ មានលក្ខណៈបែបណា តោះទស្សនាខាងក្រោមនេះ៖

អត្ថបទ៖ Sunny

រូបភាពផ្តល់ដោយ លោក ជិន ជុន

មតិយោបល់