• 2018-07-19 03:07:00
  • ភាពយន្ត

"ស្នូរជើងអ្នកណា" ដាក់បញ្ចាំងជាផ្លូវការ ក្រោយចាយដើមទុនអស់រាប់ម៉ឺនដុល្លារ

  • 2018-07-19 03:07:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ផលិតកម្ម​ Wonder Film បាន​សម្ពោធ​ដាក់​បញ្ចាំង​ភាព​យន្ត​ខ្នាត​ធំ​រឿង​"ស្នូរជើងអ្នកណា" ជា​ផ្លូវ​ការ​​ហើយ នៅ​ផ្សារ​ទំនើប​អ៊ីអន​២ សែនសុខ ល្ងាច​មិញ​នេះ។ ក្រោយ​ចាយ​ដើម​ទុន​រាប់​ម៉ឺន​ដុល្លារ​អាមេរិក​​ក្នុង​ការ​ផលិត។

សែម វិសាល ចាង​ហ្វាង​ផលិតកម្ម​ Wonder Film

លោក សែម វិសាល ចាង​ហ្វាង​ផលិតកម្ម​ Wonder Film ឲ្យ​ដឹង​ថា រឿង​"ស្នូរ​ជើង​អ្នកណា" ជា​ស្នាដៃ​ទី៣​របស់​លោក បន្ទាប់​ពី​រឿង​"ប្រាសាទ​កំបាំង​មុខ​" និង​"ផ្ទះ​ចិញ្ចឹម​ខ្មោច"។ភាព​យន្ត​ខ្នាត​ធំ​​ថ្មី​មួយ​នេះ​ចាយ​​ដើម​ទុន​ផលិត​​​ចន្លោះ​ពី ៧ម៉ឺន​ ទៅ ៨ម៉ឺន​ដុល្លារ​អាមេរិក ជាមួយ​​បច្ចេកទេស​ប្លង់​ថត​ភ្លឺ​ច្បាស់​ត្រជាក់​ភ្នែក​សម្រិត​សម្រាំង​ទៅ​តាម​ស្តង់ដារ​អន្តរជាតិ​ ដោយ​គិត​គុណ​ភាព​ជា​ចម្បង។

​​​​​​"ចំពោះ​រឿង​មួយ​នេះ​ យើង​ចំណាយ​ដើម​ទុន​ក្នុង​ការ​ផលិត​អស់​ច្រើន​ជាង​រឿង​មុន​ៗ ព្រោះ​យើង​ប្រើ​ពេល​វេលា​ថត​យូរ។ ពិសេស​ទៅ​លើ​បច្ចេកទេស​ប្លង់​ថត​តែ​ម្ដង គឺ​យើង​ធ្វើ​ទៅ​តាម​ស្តង់​ដារ​អន្តរជាតិ​ បាន​ជា​ចាយ​ដើម​ទុន​ ៧ទៅ ៨ម៉ឺន​ដុល្លារ​ដូច្នេះ"។ សែម វិសាល ថ្លែង​បញ្ជាក់។

​"ស្នូរ​ជើង​អ្នកណា" ជា​ប្រភេទ​ខ្សែ​ភាព​យន្ត​ខ្មោច​បែប​ភ័យ​រន្ធត់​លង​បន្លាច​ព្រឺព្រួច​ លាយឡំ​ជាមួយ​ឈុត​​ឆាក​កំប្លែង​ និង​មាន​ចំណុច​អប់រំ​ច្រើន​ ទៅ​លើ​ស្ត្រី​ឲ្យ​ចេះ​​ក្រោក​ឈរ​ក្លាហាន​ឡើង​ដើម្បី​តទល់​ជាមួយ​ការ​ពិត។ ចូល​រួម​សម្ដែង​ដោយ​លោក សេម អ្នកនាង លីញលីញ យូអ៊ីន នីតា ណារ៉ា ព្រម​ទាំង​តារា​សម្ដែង​ប្រុស​ស្រី​ជា​ច្រើន​រូប​ទៀត។ ត្រៀម​នឹង​ដាក់​បញ្ចាំង​គ្រប់​រោង​ភាពយន្ត​ទំនើប​ៗ​ នៅ​រាជធានី​ភ្នំពេញ​ និង​ខេត្ត​ចាប់​ពី​ថ្ងៃ​ទី ១៩ ខែ កក្កដា ឆ្នាំ ២០១៨នេះ​ហើយ៕​​​

​​

អត្ថបទ៖ ឆុង ស៊ីណាន

មតិយោបល់