• 2018-07-20 09:50:00
  • ភាពយន្ត

​តួឯកស្រី "បោកចំបាប់" និយាយទាំងទឹកភ្នែកខ្លោចចិត្តអាណិតឪពុកមិនអាចមកមើលរឿងនិយាយពីគាត់បាន

  • 2018-07-20 09:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភាពយន្ត​រឿង «បោកចំបាប់ ក្ដី​សង្ឃឹម​ចុងក្រោយ​» ដែល​សម្ដែង​ដោយ​អតីត​កីឡា​ការិនី ពាន​រង្វាន់​មេដាយ​មាស ស៊ី​ហ្គេម ២០១៣ ត្រៀម​ពេល​វេលា​សម្រាប់​ចេញផ្សាយ​ តែ​រឿង​នឹក​ស្មាន​មិន​ដល់​ ឪពុក​របស់​តួ​ឯក​ស្ត្រី លោក នី នុត ដែល​ជា​តួ​អង្គ​សំខាន់​ក្នុង​រឿង​ពិត​នេះ បាន​ស្លាប់​បាត់បង់​ជីវិត​ដោយ​ជរាពាធ។

អ្នកនាង នី សំណាង តួឯក​ក្នុង​រឿង «បោកចំបាប់ ក្តី​សង្ឃឹម​ចុងក្រោយ»

អ្នកនាង នី សំណាង តួឯក​ក្នុង​រឿង «បោកចំបាប់ ក្តី​សង្ឃឹម​ចុងក្រោយ​» ប្រាប់ Sabay ឱ្យ​ដឹង​ថា ខ្លួន​ពិតជា​មាន​ការ​សោកស្ដាយ​ដែល​លោក​ឪពុក​បាន​ស្លាប់​ចែក​ឋាន​ដោយ​មិន​ទាន់​ទស្សនា​ភាពយន្ត​ដែល​ផលិត​ឡើង​ដើម្បី​បង្ហាញ​ពី​វីរភាព​ និង​ការ​តាំង​ចិត្ត​ជាង ៥០ ឆ្នាំ​ដើម្បី​ឱ្យ​គ្រួសារ​កីឡា​ចំបាប់​នេះ​ទទួល​បាន​មេដាយ​ជូន​ជាតិ​។

រម្លឹក​ឡើង​វិញ​ពី​ការ​ចាប់​ផ្ដើម​នៃ​ការ​ផលិត​ភាពយន្ត​នេះ អ្នក​នាង នី សំណាង ទទួល​បាន​ពាន​រង្វាន់​មេដាយ​មាស ១ ក្នុង SeaGame ឆ្នាំ ២០១៣ ដែល​ជា​កិត្តិយស​សម្រាប់​គ្រួសារ​ និង​ប្រទេសជាតិ​ម្ដង​រួច​មក​ហើយ​ បន្ត​មក​ក្នុង​ឆ្នាំ​២០១៤ អ្នកនាង​ក៏​ទទួល​បាន​មេដាយ​សំរឹទ្ធ​មួយ​ទៀត​លើ​វិញ្ញាសា បោកចំបាប់ មួយទៀត​។ ព័ត៌មាន​នៃ​ភាព​ជោគ​ជ័យ​នេះ​បណ្ដាល​ឱ្យ អ្នកនាង​ទទួល​បានការ​កត់ចំណាំពី ឯកឧត្តម វ៉ាត់ ចំរើន ហើយបន្តដំណឹងនេះជូនដល់ផលិត​ករ​ភាពយន្ត​ឥណ្ឌា លោក Manish Sharma ដើម្បីផលិតរឿងមួយនេះ។

ឯកឧត្តម វ៉ាត់ ចំរើន (រូបខាងឆ្វេង) លោក Manish Sharma

រៀបរាប់​បន្ត​រឿង​នេះ​ អ្នកនាង ពោល​ថា៖ « មិន​នឹក​ស្មាន​ ខ្លួន​មាន​ឱកាស​បង្ហាញ​ទេពកោសល្យ និង​សាច់រឿង​ពិត​បែប​នេះ​ទេ​ជា​ពិសេសឪពុក​នាង​ ពេល​បាន​ទទួល​ដំណឹង​មាន​គេ​ចង់​យក​រឿង​ពិត​មក​ថត​គាត់​មិន​ជឿ​ទេ ទាល់​តែ​បាន​ជួប​ជាមួយ​ផលិតករ​ផ្ទាល់​ ហើយ​ឃើញ​គេ​ថត​រឿង​មែន​ ទើប​គាត់​ជឿ​ថា​គេ​ថត​រឿង​និយាយ​អំពី​ជីវិត​ពិត​របស់​គាត់​មែន​»។ អ្នក នាង នី សំណាង និយាយ​ទាំង​ទឹក​ភ្នែក ក្នុង​បទ​សម្ភាស​ជាមួយ Sabay។

អ្នកនាង នី សំណាង​ រូបក្នុងពេលសម្ភាសជាមួយ Sabay

ជាចុងក្រោយ ទឹកចិត្ត​អ្នក​កីឡា និង​តារា​សម្ដែង​ ក៏​បាន​លើក​ទឹក​ចិត្ត​​ដល់​អ្នក​គ្រប់​គ្នា​ថា​សូម​ចូរ​ហាត់​កីឡា ​និង​ផ្ដល់​ឱកាស​គាំទ្រ​ភាពយន្ត​ខ្មែរ​ដែល​និយាយ​ពី​កីឡា។ ដើម្បី​ជួយ​ផ្សព្វផ្សាយ​កីឡា​ជាតិ​ ពិសេស​កីឡា បោកចំបាប់ ដែល​មិន​សូវ​មាន​ការ​គាំទ្រ​ច្រើន​។

ទស្សនាបទសម្ភាសទាំងស្រុងរបស់អ្នកនាង នី សំណាង ខាងក្រោម៖

អត្ថបទ៖ Sunny

មតិយោបល់