• 2019-07-23 10:32:34
  • ភាពយន្ត

សម្ពោធ​រឿង "កំហឹង​ខ្មោច Cute” ចាប់​អារម្មណ៍ តួឯក​ស្រី ពិត​ជា Cute មែន!

  • 2019-07-23 10:32:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផលិតកម្ម "អូ​ហ្វីម" បាន​ដាក់​សម្ពោធ​ស្នាដៃ​របស់​ខ្លួន​នៅ​ស៊ីធីម៉ល​មាន​ចំណង​ជើង​ថា "កំហឹង​ខ្មោច Cute” ស្រប​ពេល​តួឯក​ស្រី ត្រូវ​បាន​គេ​ចាប់​អារម្មណ៍​ថា នាង​ពិត​មាន​សម្រស់​ស្រស់​ស្អាត​សម​នឹង​ចំណង​ជើង​មែន។

តួ​ស្រី​ស្រស់​ស្អាត​រូប​នេះ ត្រូវ​បាន​គេ​ដឹង​ថា​មាន​ឈ្មោះ "ឃីង វិច្ឆិកា" ដែល​ជា​តារា​សម្ដែង​ដែល​ប្រិយមិត្ត​កម្រ​ប្រទះ​ការ​សម្ដែង​របស់​នាង ដោយ​ទើប​តែ​លេច​មុខ​ក្នុង​ខ្សែភាពយន្ត​ខាង​លើ ដោយ​ចាប់​បាន​តំណែង​ជា​តួឯក​តែ​ម្ដង។ តាម​ការ​ឲ្យ​ដឹង​ពី​សាមី​ខ្លួន វិច្ឆិកា ហៅ ប៉ឹប​ស៊ី នាង​គឺ​ជា​អ្នក​រស់​នៅ​រាជធានី​ភ្នំពេញ​នេះ។ នាង​គឺ​ជា​អតីត​ជយលាភី​លេខ​៣ ក្នុង​កម្មវិធី "ពេជ្រ​កំពុង​ច្នៃ" ឆ្នាំ ២០១៧។

ប៉ុន្តែ​តាម​ឲ្យ​ដឹង​ពី​សាមី​ខ្លួន​ផ្ទាល់ គឺ​នាង​បាន​ចូល​សិល្បៈ​តាំង​ពី​មុន​ប្រឡង​កម្មវិធី​ខាង​លើ​ទៀត ពោល​គឺ​នាង​ ធ្លាប់​សម្ដែង​ជា​តួឯក​ម្ដង​តាំង​ពី​អាយុ ៧​ឆ្នាំ​ម្ល៉េះ ក្នុង​រឿង "ស្នេហ៍​ក្លែង​កាយ" របស់​ផលិតកម្ម​ខ្មែរ​មេគង្គ។ លុះ​ក្រោយ​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​៣​ក្នុង​កម្មវិធី "ពេជ្រ​កំពុង​ច្នៃ" របស់​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍ វិច្ឆិកា ប្រាប់​ថា នាង​បាន​ឈាន​ជើង​ចូល​សិល្បៈ​កាន់​តែ​ស៊ុប ប៉ុន្តែ​ភាគ​ច្រើន​បំផុត គឺ​ការងារ​ដើរ​ម៉ូដ​ប៉ុណ្ណោះ ព្រោះ​ជា​អ្វី​ដែល​នាង​ស្រឡាញ់​ជាង។

វិល​មក​ការ​សម្ដែង​វិញ តារា​ស្រី​វ័យ ១៩​ឆ្នាំ ឃីង វិច្ឆិកា ប្រាប់​ថា រឿង "កំហឹង​ខ្មោច Cute” គឺ​ជា​ការ​សម្ដែង​ភាពយន្ត​លើក​ដំបូង​បំផុត ចាប់​តាំង​ពី​នាង​ធំ​ពេញ​វ័យ​មក។ "និយាយ​ទៅ នេះ​ជា​រឿង​ទី​១​របស់​ខ្ញុំ សង្ឃឹម​ថា បង​ប្អូន​មិន​ប្រកាន់ ចំពោះ​ការ​សម្ដែង​របស់​នាង​ខ្ញុំ ដោយ​សារ​ទើប​ជា​ការ​សម្ដែង​លើក​ទី​១។ យ៉ាង​ណា ខ្ញុំ​ពិត​ជា​បាន​រៀន​សូត្រ​ពី​ការ​សម្ដែង​លើក​ទី​១​នេះ។

បើ​ទោះ​ជា​យ៉ាង​នេះ​ក្ដី វិច្ឆិកា ឬ ប៉ឹបស៊ី ប្រាប់​ថា នាង​បាន​ព្យាយាម​ណាស់ ផ្សំ​នឹង​ការ​យក​ចិត្ត​ទុក​ដាក់​ដិតដល់​ពី​អ្នក​ដឹកនាំ​ទៀត នាង​អះអាង​ថា នាង​អាច​ធ្វើ​បាន​ល្អ​ច្រើន ដែល​សង្ឃឹម​ថា ប្រិយមិត្ត​ទស្សនិកជន​ពេញ​ចិត្ត និង​អាច​ទទួល​យក​បាន។តាម​ការ​ឲ្យ​ដឹង​ថា​ពី​តារា​ស្រី​វ័យ​ក្មេង និង​ស្រស់​ស្អាត​នេះ ភាពយន្ត​រឿង "កំហឹង​ខ្មោច Cute” មិន​ត្រឹម​ជា​រឿង​ទី​១​សម្រាប់​ជិវិត​សម្ដែង​ក្រោយ​ពេញ​វ័យ​នោះ​ទេ។

កញ្ញា ឃីង វិច្ឆិកា លោក ឌីន សិដ្ធ តួឯក​ស្រី​ប្រុស ក្នុង​រឿង

ប៉ុន្តែ​ជា​រឿង​ដំបូង​បំផុត​ទៀត ដែល​នាង​ព្រម​ទទួល​ថត។ វិច្ឆិកា បញ្ជាក់​ថា មាន​ផលិតកម្ម​ជា​ច្រើន​បាន​ព្យាយាម​ទាក់​ទង​នាង ប៉ុន្តែ​នាង​មិន​ទទួល​ឡើយ ដោយ​សារ​នាង​បាន និង​កំពុង​ផ្ចង់​អារម្មណ៍​នឹង​ការ​សិក្សា​ជំនាញ "ទំនាក់ទំនង​អន្តរជាតិ" នៅ​សាលា​ប៊ែលធី ដែល​ឆ្នាំ​នេះ បាន​ឈាន​មក​ដល់​ឆ្នាំ​ចុង​ក្រោយ​ហើយ។ ដូច្នេះ​ហើយ នាង​ចង់​យក​ពេល​ផ្ដោត​លើ​ការ​សិក្សា​សិន។

ចំពោះ​ហេតុផល ដែល​នាង​ព្រម​ទទួល​ថត​រឿង​ខាង​លើ ឃីង វិច្ឆិកា ប្រាប់​ថា ព្រោះ​តែ​នាង​ចាប់​អារម្មណ៍​ទៅ​នឹង​សាច់​រឿង ពោល​គឺ​ក្រោយ​បាន​មើល​ខ្លឹមសារ ហើយ​នាង​ចង់​សម្ដែង​តែ​ម្ដង ព្រោះ​ជា​រឿង​ក្នុង​សង្គម​យុវវ័យ​ដូច​ជា​នាង។ បែប​នេះ​ហើយ ក៏​សាក​ល្បង ផ្សំ​នឹង​ចង់​បាន​ពិសោធន៍​លើ​ការ​សម្ដែង​ខ្លះ​ផង។ ប៉ុន្តែ​ទៅ​ខាង​មុខ នាង​ទំនង​មិន​ទទួល​យក​ការ​សម្ដែង​ភាពយន្ត​ទៀត​នោះ​ទេ នៅ​មុន​ការ​សិក្សា​របស់​នាង​មិន​ទាន់​បាន​បញ្ចប់។

ខ្សែ​ភាពយន្ត "កំហឹង​ខ្មោច Cute” គឺ​ជា​ស្នាដៃ​ទី​២​របស់​ផលិតកម្ម "អូហ្វីម"។ រឿង​នេះ ផលិតករ​បាន​វិនិយោគ​ទឹក​ប្រាក់​ប្រមាណ​ជាង ៣ម៉ឺន​ដុល្លារ​អាមេរិក និង​បាន​ចំណាយ​ពេល​ផលិត​យ៉ាង​សម្រិតសម្រាំង​ប្រមាណ​ជា ៥​ខែ មុន​ពេល​បើក​សម្ពោធ​នៅ​ពេល​នេះ។ តាម​គម្រោង ភាពយន្ត​ទាំង​មូល​គ្រោង​នឹង​បញ្ចាំង​ជូន​ប្រិយមិត្ត​បាន​ទស្សនា​ចាប់​ពី​ថ្ងៃ​ទី ២៥ កក្កដា ២០១៩​នេះ នៅ​គ្រប់​រោងភាពយន្ត។

"កំហឹង​ខ្មោចCute” នឹង​ចាក់​បញ្ចាំង​នៅ​គ្រប់​រោង​ភាពយន្ត​ទំនើប​ទាំង​អស់​ទូទាំង​ប្រទេស។ តាម​អ្នក​ដឹក​នាំ​រឿង រឿង​នេះ​បាន​បញ្ចូល នៅ​ឈុត​ឆាក​គ្រប់​រសជាតិ ស្នេហា​បែប​ស្ទាវ កំប្លែង​បែប​កាយ​វិការ កម្សត់ ព្រាត់​ប្រាស់ រន្ធត់ ភ័យ​ខ្លាច ដែល​មាន​ជំនឿ​ថា ក្រោយ​បាន​ទស្សនា​ហើយ​ទស្សនិកជន និង​មិន​ចង់​ងើប​ចេញ​ពី​កន្លែង​ឡើយ។ រឿង "កំហឹង​ខ្មោច Cute” មាន​ការ​ចូល​រួម​សម្ដែង​ដោយ កញ្ញា ឃីង វិច្ឆិកា លោក ឌីន សិដ្ធ, អុន វិសុត្យ, រុន រីយ៉ា, រាជ ឋានៈ សុវណ្ណឆៃ, យូរី, វ៉ាង អង, តាកុករុក, ឌីជេ ពាង, នាយ វ៉េវ និង​តារា​ល្បី​ៗ​ជា​ច្រើន​ទៀត៕

អត្ថបទ៖ ទារិកា

មតិយោបល់
អត្ថបទពេញនិយម