- 2019-09-18 03:45:19
- ភាពយន្ត
លេចមុខនារីចិនវ័យក្មេង ស្អាតៗជាច្រើននាក់ សម្ពោធរឿង "វាលប្រមាញ់" យប់មិញ
- 2019-09-18 03:45:19
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លេចមុខនារីចិនវ័យក្មេង ស្អាតៗជាច្រើននាក់ សម្ពោធរឿង "វាលប្រមាញ់" យប់មិញ
ចន្លោះមិនឃើញ
ភាពយន្តខ្នាតធំរបស់ផលិតកម្ម "កងចក្រភីកឈ័រ" បានបើកសម្ពោធជាត្រៀមដាក់បញ្ចាំងផ្លូវការនៅគ្រប់រោងភាពយន្តនៅរាជធានី នាយប់មិញដោយមាននារីវ័យក្មេងស្អាតជនជាតិចិនជាច្រើនរូប ទាក់ក្រសែភ្នែកភ្ញៀវកិត្តិយសជាច្រើនគូ។
វត្តមានរបស់នារីវ័យក្មេងស្អាតៗជនជាតិចិនទាំងឡាយយប់មិញ ក្នុងកម្មវិធីសម្ពោធរឿងខ្មែរនោះ នាំឲ្យមានការងឿងឆ្ងល់ខ្លះៗ ត្បិតថា ពួកគេ ពិតជាកម្រឃើញវត្តមានពួកគេនៅក្នុងកម្មវិធីរៀបចំឡើងដោយក្រុមការងារខ្មែរណាស់។ យ៉ាងណាក៏ដោយ តាមក្រុមការងារផលិតរឿង "វាលប្រមាញ់" ឬ "The Prey” បានឲ្យដឹងថា ពួកគេមកតាមរយៈក្រុមអ្នកឧបត្ថម្ភធំមួយ គឺធនាគារព្រីន។
ម្យ៉ាងនៅក្នុងសាច់រឿង តួអង្គឯក ក៏ជាជនជាតិចិនដែរ គឺលោក Gu Shangwei តារាសម្ដែងជំនាញក្បាច់គុនចិន ហើយនេះក៏ជាមូលហេតុមួយនាំវត្តមានរបស់នារីជនជាតិទាំងនោះមកកម្មវិធីដែរ។ និយាយពីវត្តមានតារាចិន លោក Gu Shangwei ក្នុងខ្សែភាពយន្តខ្មែររឿង "វាលប្រមាញ់" អ្នកដឹកនាំរឿងជនជាតិអ៊ីតាលី ពន្យល់ថា លោកសម្រេចរើសលោកបញ្ចូល ដោយសារមើលឃើញពីទំនាក់ទំនងល្អរវាងកម្ពុជា និងចិននាពេលបច្ចុប្បន្ន។
ដូច្នេះលោកចង់ប្រើប្រាស់ខ្សែភាពយន្តខាងលើ រឹតចំណងទាក់ទងរវាងប្រទេសទាំងពីរតាមរយៈភាពយន្តផងដែរ។ បន្ថែមពីលើនេះ លោកក៏ចង់បង្កើនឱកាសឲ្យខ្សែភាពយន្តខ្នាតធំប្រភេទ Action បានទៅចាក់បញ្ចាំងនៅក្នុងប្រទេសចិនថែមទៀត ព្រោះថា ចិន គឺជាទីផ្សារធំបំផុតរបស់ពិភពលោក។
“វាលប្រមាញ់" ឬ "The Prey” ផលិតដោយផលិតកម្ម "កងចក្រភីកឈ័រ" ដែលនិពន្ធ និងដឹកនាំដោយលោក Jimmy Henderson អ្នកដឹកនាំរឿងជនជាតិអ៊ីតាលី ។ រឿងនេះ ត្រូវទម្លាយឲ្យដឹងថា បានចំណាយទុនយ៉ាងមហាសាលដល់ទៅ ១លានដុល្លារអាមេរិកក្នុងការផលិត ដែលជាតួលេខដ៏ខ្ពស់បំផុតមួយក្នុងសិល្បៈភាពយន្តក្នុងស្រុក។ មុននឹងត្រូវយកមកបើកសម្ពោធត្រៀមដាក់បញ្ចាំងជាផ្លូវការចាប់ពីស្អែកនេះ ភាពយន្តខាងលើ ក៏បានយកទៅចាក់បញ្ចាំងនៅមហោស្រពភាពយន្តអន្តរជាតិនៅកូរ៉េខាងត្បូង "Chungbuk International Martial Arts and Action Film Festival " ដែរ។
លោក អ៊ូ តារា និងលោក Jimmy បានអះអាងដូចគ្នាថា ក្រុមអ្នករៀបចំមហោស្រពខាងលើ បានលើកសរសើរភាពយន្តខ្មែរមួយរឿងនេះថា មានកម្រិតល្អ ដែលឆ្លុះបញ្ចាំងពីភាពរីកចម្រើននៃភាពយន្តខ្មែរ។ "គេថារឿងរបស់យើងនេះល្អ ស្មើមុខស្មើមាត់ជាមួយរឿងគេផ្សេងទៀតដែរ ប៉ុន្តែបើធៀបនឹងរឿងរបស់ប្រទេសផ្សេងទៀតដូចហូលីវូដអី យើងមិនទាន់អាចប្រៀបធៀបបានទេ...យ៉ាងណា គេថាយើងបានរីកចម្រើនមួយកម្រិតហើយ"។ លោក អ៊ូ តារា ថ្លែង។
រឿង "វាលប្រមាញ់" ចូលរួមតារាសម្ដែង៣ជាតិសាសន៍ គឺខ្មែរ ថៃ និងចិន ក្នុងនោះតារាក្នុងស្រុកមាន លោក អ៊ូ តារា កញ្ញា ឌី សូនីតា លោក មុន្នី និងតារាច្រើនជាច្រើនទៀត។ ក្រោយពីនេះបើកសម្ពោធផ្លូវការយប់មិញ ភាពយន្តថ្មីរបស់ កងចក្រភីកឈ័រ នឹងចាក់បញ្ចាំងជូនប្រិយមិត្តបានទស្សនាចាប់ពីថ្ងៃទី ១៩ កញ្ញា ស្អែកនេះតទៅហើយ៕
អាន៖ គ្រូបង្ហាត់សុនខដ៏ល្បីរបស់កម្ពុជា ហ៊ិន រតនា លេចមុខក្នុងរឿងខ្នាតធំ "The Prey”?