• 2020-03-23 04:21:16
  • ព័ត៌មាន

ហេង សារ៉េត សម្រេច​ផែន​ការ​បញ្ចេញ​បទ​ចម្រៀង​ឡើង​វិញ ជាមួយ​សំឡេង​នៅ​តែ​លះ​ល្អ

  • 2020-03-23 04:21:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក ហេង សារ៉េត អតីត​តារា​ចម្រៀង​អាជីព បច្ចុប្បន្ន​ជា​ពិធីករ​ទូរទស្សន៍​កីឡា បាន​សម្រេច​ផែន​ការ​ដំបូង​ក្នុង​ការ​វិល​មក​រវល់​ជាមួយ​សិល្បៈ​វិញ ដោយ​លោក​ចាប់​ផ្ដើម​ថត​បទ​ចម្រៀង​មួយ​ចំនួន​ជា​ថ្មី ដោយ​ម្សិលមិញ​នេះ​លោក​ទើប​បាន​បញ្ចេញ​វីដេអូ​ចម្រៀង​មួយ​បទ​មាន​ចំណង​ជើង​ថា "ស្រឡាញ់​ក្រមុំ​ស្រុក​ឯង"។

សមិទ្ធផល​សិល្បៈ​ដំបូង​របស់​ពិធីករ​ទូរទស្សន៍​ផ្នែក​កីឡា ក្រោយ​ពី​លោក​បាន​ឲ្យ​តម្រុយ​កាល​ពី​សប្ដាហ៍​មុន​ថា លោក​នឹង​ចេញ​ថត​វីដេអូ​ចម្រៀង​មួយ​ចំនួន​ដើម្បី​អបអរ​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ប្រពៃណី​ជាតិ​ដែល​នឹង​មក​ដល់​នា​ពេល​ខាង​មុខ។ ទី​បំផុត​លោក សារ៉េត ធ្វើ​បាន​ជាមួយ​បទ "ស្រឡាញ់​ក្រមុំ​ស្រុក​ឯង" ដែល​លោក​ច្រៀង Cover បទ​របស់​តារា​ចម្រៀង​ខ្មែរ​សុរិន្ទ លោក យីង យង់។

យ៉ាង​ណា តាម​ការ​បញ្ជាក់​លោក បាន​គ្រោង​បទ​ចម្រៀង​ចំនួន ៦បទ សម្រាប់​លើក​យក​ច្រៀង​បន្តបន្ទាប់ បច្ចុប្បន្ន កំពុង​ស្វះស្វែង​រក​ម្ចាស់​ឧបត្ថម្ភ​មួយ​ចំនួន​ដើម្បី​សម្រាល​លើ​ការ​ចំណាយ​សម្រាប់​ផលិត។ បទ​ទាំង​នោះ មួយ​ចំនួន​ជា​បទ​ចាស់​ដែល​លោក​បាន​ធ្វើ​ឡើង​តាំង​ពី​លោក​នៅ​បម្រើ​ការ​នៅ​ទូរទស្សន៍​ប៉ុស្តិ៍​លេខ៥ ហើយ​មួយ​ចំនួន​ទៀត លោក​ធ្វើ​ថ្មី ហើយ​បទ​ទាំង​នោះ នឹង​ចេញ​ជា​បន្ត​បន្ទាប់។

លោក ហេង សារ៉េត គឺ​ជា​អតីត​តារា​ចម្រៀង​ក្នុង​ផលិតកម្ម "Eco Music”។ លោក​បាន​សាង​កេរ្តិ៍​ល្បី​ខ្លាំង​នា​អំឡុង​ឆ្នាំ​ ២០០៤-២០០៥ តាម​រយៈ​បទ​មួយ​ចំនួន ពិសេស​គឺ​បទ "បេះដូង​ពីរ​ចំណែក" “ជីវិត​អ្នក​សិល្បៈ" និង​បទ "នៅ​ជិត​បង្កើយ" ជា​ដើម។ ក្រោយ​ពី​បាន​សាង​កេរ្តិ៍​ឈ្មោះ​ល្បី​ក្នុង​ស្រទាប់​យុវវ័យ លោក ហេង សារ៉េត ក៏​បាន​ចាក​ចេញ​ពី​សិល្បៈ នៅ​ក្នុង​ឆ្នាំ ២០០៦ ហើយ​ប៉ុន្មាន​ក្រោយ​មក​លោក ក៏​បាន​លេច​មុខ​ធ្វើ​ជា​ពិធីករ​ទូរទស្សន៍​ផ្នែក​កីឡា​នា​អំឡុង​ឆ្នាំ ២០១៤ មក​ដល់​បច្ចុប្បន្ន។

ចំពោះ​ការ​ងាក​មក​មាន​សកម្មភាព​ជាមួយ​សិល្បៈ​ឡើង​វិញ​នេះ លោក សារ៉េត បាន​ប្រាប់​ថា ព្រោះ​លោក​ស្ដាយ​ស្នាដៃ​របស់​ខ្លួន​កន្លង​មក​ដែល​ខ្លះ​មិន​ទាន់​បាន​ចេញ ហើយ​សំខាន់​បំផុត​គឺ ទេពកោសល្យ​សិល្បៈ​របស់​ខ្លួន ដែល​លោក​យល់​ថា លោក​នៅ​តែ​អាច​ធ្វើ​បាន​ដដែល។ ដូច្នេះ​ហើយ ទើប​លោក​សម្រេច​រៀប​ផែនការ​ផលិត​បទ​ទាំង​នោះ​ឡើង​វិញ ហើយ​ប្រសិន​បើ​នៅ​តែ​មាន​ការ​គាំទ្រ លោក​អាច​នឹង​លូក​ចូល​សិល្បៈ​ជា​ថ្មី​កាន់​តែ​ជ្រៅ៕

តោះ...ឥឡូវ​ស្ដាប់​សំឡេង​ម្ចាស់​បទ "បេះដូង​ពីរ​ចំណែក" តាម​រយៈ​បទ "ស្រឡាញ់​ក្រមុំ​ស្រុក​ឯង" បាន​ដឹង​ថា លោក​នៅ​តែ​មាន​សំឡេង​លះ​ល្អ!

អត្ថបទ៖ ទារិកា

មតិយោបល់