- 2019-10-04 08:32:51
- ភាពយន្ត
ល្អណាស់ ភាពយន្តខ្មែរល្បីៗជំនាន់ដើម៣រឿង នឹងចាក់បញ្ចាំងជូនទស្សនាដោយឥតគិតថ្លៃចុងខែនេះ
- 2019-10-04 08:32:51
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ល្អណាស់ ភាពយន្តខ្មែរល្បីៗជំនាន់ដើម៣រឿង នឹងចាក់បញ្ចាំងជូនទស្សនាដោយឥតគិតថ្លៃចុងខែនេះ
ចន្លោះមិនឃើញ
ស្ថិតនៅក្នុងគម្រោង "១ម៉ឺនអាល័យ" ខ្សែភាពយន្តខ្មែរល្បីៗជំនាន់ទសវត្សរ៍ទី ៦០ ចំនួន ៣រឿង ត្រូវបានប្រកាសថានឹងត្រូវដាក់បញ្ចាំងជូនប្រិយមិត្តបានទស្សនាឡើងវិញ នៅដំណាច់ខែនេះហើយ ដោយមិនមានគិតថ្លៃអ្វីឡើយ។ នេះបើតាមក្រុម "ព្រះសុរិយា" អ្នកដែលបានខ្នះខ្នែងស្រាវជ្រាវរុករកមរតកភាពយន្តចាស់ៗរបស់ខ្មែរដែលបានបាត់បង់។
ភាពយន្តខ្មែរទាំង៣រឿងនោះមាន "ពិជ័យវង្សា" “កាកី" និងរឿង "ខ្យងស័ង្ខ" ដែលសុទ្ធជារឿងដ៏ល្បីកាលពីអតីតកាលនាទសវត្សរ៍ទី ៦០ សម័យកាលដ៏រុងរឿងនៃសិល្បៈទី៧របស់ខ្មែរយើង។ លោក យាង វណ្ឌី ប្រធានក្រុម "ព្រះសុរិយា" បានឲ្យដឹងថា ភាពយន្តទាំង៣ គឺក្រុមពួកលោកទើបតែអាចរកបានយ៉ាងលំបាកពីប្រទេសថៃមក ដោយបានចំណាយពេលវេលាយ៉ាងច្រើន ព្រមទាំងថវិកាផ្ទាល់ខ្លួន និងកញ្ចប់ជំនួយខ្លះ ទិញយកមក ក្រោយពីខ្ចាត់ខ្ចាយដោយសារសង្គ្រាម។
ដោយសារតែរយៈពេលនៃការផលិតយូរ ឯកសារសោតទស្សន៍ដែលរកឃើញ គឺមានប៉ះពាល់ដល់គុណភាពហ្វីល។ ប៉ុន្តែលោក វណ្ឌី បញ្ជាក់ថា ក្រុមការងារបានសហការជាមួយភាគីថៃឲ្យជួយកែសម្រួល ដោយច្នៃទៅជាឯកសារភាពយន្តប្រភេទឌីជីថលវិញ។ ដូច្នេះហើយ ភាពយន្តខាងលើ នឹងត្រូវចាក់បញ្ចាំងជូនប្រិយមិត្ត ពិសេសមិត្តយុវវ័យបានដឹង និងយល់ពីតម្លៃនៃភាពយន្តខ្មែរពីសម័យមុន នាចុងខែតុលានេះ។
“ពួកយើងខ្ញុំ មានការលំបាកណាស់ទម្រាំស្រាវជ្រាវរកភាពយន្តទាំងនេះបាន យកមកចាក់បញ្ចាំងជូនបងប្អូនបានទស្សនា ដោយអត់មានយកប្រាក់អ្វីទេ ហើយខ្ញុំក៏មិនចង់បានអ្វីមកវិញដែរ គ្រាន់តែចង់ឲ្យមានការលើកតម្កើង និងអភិរក្សមរតកសោតទស្សន៍របស់យើង ព្រោះភាពយន្តរបស់យើងជំនាន់នោះ គឺល្អៗខ្លាំងណាស់...អីចឹងហើយអ្វីដែលខ្ញុំចង់បាន គឺឲ្យយុវជនយើងដឹង និងស្រឡាញ់អ្វីដែលជារបស់ខ្លួនឯង ពិសេសគឺរបស់ចាស់ៗបែបនេះ!”។ យាង វណ្ឌី ថ្លែង។
ខ្សែភាពយន្តរបស់ខ្មែរមាន "ពិជ័យវង្សា" “កាកី" និងរឿង "ខ្យងស័ង្ខ" នឹងត្រូវបានចាប់ពីថ្ងៃទី ២២-២៤ តុលា ចាប់ពីម៉ោង ៩ព្រឹកដល់ម៉ោង ៥រសៀល នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-កូរ៉េ ហៅកាត់ថា "CKCC” នៅក្នុងគម្រោង "១ម៉ឺនអាល័យ" នេះជាឆ្នាំទី ៥ហើយ។ រយៈពេលកន្លះទសវត្សរ៍នេះ លោក វណ្ឌី បានឲ្យដឹងថា ក្រុម "ព្រះសុរិយា" របស់លោកបានស្រាវជ្រាវរកឃើញភាពយន្តខ្មែរចាស់ៗបានចំនួន ១២រឿងរួចមកហើយ ហើយនៅខ្លះទៀតនឹងត្រូវបន្តស្រាវជ្រាវយកមកបញ្ចាំងជូនប្រិយមិត្តបានទស្សនា។
ជុំវិញគម្រោង "១ម៉ឺនអាល័យ" នេះ លោក ប៉ុក បូរក្ស ប្រធាននាយកដ្ឋានភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ និងឯកឧត្ដម ស៊ិន ច័ន្ទសាយ៉ា ទីប្រឹក្សាក្រសួងវប្បធម៌ បានកើតសរសើរចំពោះសកម្មភាពនៃគម្រោងខាងលើ ដោយចាត់ទុកថានេះជាគំរូល្អមួយសម្រាប់យុវជនខ្មែរ ក្នុងការចូលរួមលើកស្ទួយ និងអភិរក្សសិល្បៈភាពយន្តរបស់ខ្មែរ ឲ្យនៅស្ថិតស្ថេរគង់វង្ស។ ដូច្នេះហើយ លោកប្រធាននាយកដ្ឋាន និងឯកឧត្ដមទីប្រឹក្សាក្រសួង សូមគាំទ្រចំពោះគម្រោងដ៏អស្ចារ្យនេះ។
មានប្រសាសន៍ ដាច់ដោយឡែក ឯកឧត្តម ស៊ិន ច័ន្ទសាយ៉ា បានស្នើឲ្យយុវជនចូលរួមគាំទ្រមរតកភាពយន្តខ្មែរទាំងអស់ និងសូមទៅទស្សនាឲ្យបានច្រើន ក្នុងនោះឯកឧត្ដមលើកឡើងដោយចង់ឲ្យយុវជនដឹងពីអ្វីដែលពួកគេត្រូវផ្ដោតពេលទៅទស្សនាភាពយន្ត នោះគឺ "គុណតម្លៃសេដ្ឋកិច្ច និងគុណតម្លៃវប្បធម៌" ដែលជាតម្លៃដ៏សំខាន់នៃភាពយន្តខ្មែរពីអតីតកាល។
តាមម្ចាស់គម្រោងខាងលើ ឯកសារភាពយន្តដើម ប្រភេទហ្វីល នឹងត្រូវយកទៅដាក់បញ្ចាំងជូនប្រិយមិត្តបានឃើញនឹងស្គាល់នៅខាងក្រៅសាល។ ដោយឡែកឯកសាររឿងប្រភេទឌីជីថល នឹងត្រូវចាក់បញ្ចាំងនៅខាងក្នុងសាល៕