- 2020-01-21 03:11:49
- ព័ត៌មាន
មិនលេងសើច តែជាប្រវត្តិសាស្ត្រថ្មី ហ៊ុយ យ៉ាឡេង ប្រកាសលក់ស៊ីក្លូក្នុងរឿង "ដើម្បីកូន" តម្លៃ១លានដុល្លារ!
- 2020-01-21 03:11:49
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មិនលេងសើច តែជាប្រវត្តិសាស្ត្រថ្មី ហ៊ុយ យ៉ាឡេង ប្រកាសលក់ស៊ីក្លូក្នុងរឿង "ដើម្បីកូន" តម្លៃ១លានដុល្លារ!
ចន្លោះមិនឃើញ
រាប់ជាប្រវត្តិសាស្ត្រថ្មីបំផុតហើយនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលម្សិលមិញនេះ មានការបើកសន្និសីទសារព័ត៌មានមួយ ប្រកាសលក់ស៊ីក្លូមួយគ្រឿងដែលត្រូវបានប្រើសម្រាប់ថតរឿង "ដើម្បីកូន" មានតម្លៃដល់ទៅ១លានដុល្លារសហរដ្ឋអាមេរិកឯណោះ។
គំនិតនៃការលក់ស៊ីក្លូមួយគ្រឿងខាងលើជាមួយតម្លៃ១លានដុល្លារនេះ លោក ហ៊ុយ យ៉ាឡេង ផលិតកររឿង "ដើម្បីកូន" បញ្ជាក់ថា លោកមិនមែនលក់ដើម្បីយកមកធ្វើមានបានខ្លួនឯងទេ ប៉ុន្តែអ្វីគ្រប់យ៉ាងគឺដើម្បីមន្ទីរពេទ្យគន្ធបុប្ផា។ លោក លើកឡើងថា លោកបានដឹងរឿងច្បាស់ពីមន្ទីរពេទ្យកុមារមួយនេះ ក្រោយបានធ្វើទស្សនកិច្ចក្នុងផ្លូវការងារមួយកាលពីខែមុន។
តាមផលិតករ មន្ទីរពេទ្យគន្ធបុប្ផា ទទួលព្យាបាលកុមារក្នុងមួយថ្ងៃខ្ទង់ ១ពាន់នាក់ និងត្រូវចំណាយប្រមាណជាង១០ម៉ឺនដុល្លារក្នុងមួយថ្ងៃ និងប្រមាណ ៤០លានដុល្លារក្នុង១ឆ្នាំ។ តួលេខចំណាយនេះ គឺខ្ពស់ណាស់ ដែលជាហេតុបណ្ដាលឲ្យមន្ទីរក្ដីសង្ឃឹមនៃកុមារកម្ពុជាមួយនេះ អាចនឹងមានហានិភ័យគ្រប់ពេល ហើយត្បិតថា មូលនិធិធំបំផុតរបស់មន្ទីរពេទ្យ គឺបានពីការបរិច្ចាគរបស់ប្រជាពលរដ្ឋស្វីស ប៉ុន្តែលោកថា មន្ទីរពេទ្យយើងមិនអាចពឹងគេបែបនេះរហូតនោះទេ។
ដូច្នេះហើយ ពីពេលនោះមក លោកចាប់ផ្ដើមមានកូនចិត្តមួយថា គួរតែដល់ពេលដែលលោកគួរធ្វើអ្វីម្យ៉ាងដើម្បីជួយមន្ទីរពេទ្យនេះ ក្នុងនាមជាប្រជាពលរដ្ឋខ្មែរម្នាក់។លោក ហ៊ុយ យ៉ាឡេង បន្តថា លោកបានចាប់ផ្ដើមគិតថា លោកគួរធ្វើអ្វីដើម្បីអាចជួយមន្ទីរពេទ្យបាន ចុងក្រោយទើបលោកសម្រេចផលិតរឿង "ដើម្បីកូន" ជាភាពយន្តជីវិតពិត ដើម្បីរកមូលនិធិខ្លះជួយមន្ទីរពេទ្យ។
ហ៊ុយ យ៉ាឡេង ទើបនឹងបរិច្ចាគថវិកា១០០០ដុល្លារទៅមន្ទីរពេទ្យកាលពីដើមខែ និងគ្រោងកាត់១០%លើប្រាក់ចំណេញបន្ថែមផ្ដល់ជូនមូលនិធិទៀត។ ចុងក្រោយបំផុត ក្នុងស្មារតីជួយគន្ធបុប្ផាដដែល លោក បានប្រកាសលក់ស៊ីក្លូដែលបានប្រើប្រាស់សម្រាប់ថតភាពយន្ត "ដើម្បីកូន" របស់លោកនេះ។
តាមផលិតករ ស៊ីក្លូនេះផលិតឡើងដោយជនជាតិបារាំងម្នាក់ តាំងពីឆ្នាំ ១៩៤០ មកដល់បច្ចុប្បន្នមានអាយុកាលចំនួន ៨០ឆ្នាំមកហើយ។ លោកបានទិញស៊ីក្លូនេះ ក្នុងតម្លៃដើម ៥០០ដុល្លារអាមេរិក ហើយយកថតក្នុងរឿង "ដើម្បីកូន" របស់លោក។ ក្រោយថតចប់ លោកបានចំណាយប្រមាណ ៥០០ដុល្លារបន្ថែមដើម្បីតុបតែងស៊ីក្លូនេះ មុនពេលយកមកប្រកាសលក់ក្នុងតម្លៃ ១លានដុល្លារអាមេរិកនាថ្ងៃម្សិលមិញ។
“ស៊ីក្លូហ្នឹង មកដល់សព្វថ្ងៃវាមានអាយុ ៨០ឆ្នាំហើយ ហើយសម្រាប់បរទេស គេឲ្យតម្លៃ ព្រោះជាដូចជារបស់បេតិកភណ្ឌមួយ ប៉ុន្តែសម្រាប់ខ្មែរយើង ខ្ញុំមិនដឹងទេ មិនដឹងថាគេឲ្យតម្លៃឬអត់ទេ...តែខ្ញុំសម្រេចធ្វើវាមុនគេ ដោយដាក់លក់១លានដុល្លារ...ខ្ញុំចង់លក់ឲ្យអ្នកមានលុយទាំងអស់នៅស្រុកខ្មែរ គឺ ឯកឧត្ដម ឧកញ៉ា ហើយលុយនេះមិនមែនបានមកខ្ញុំទេ គឺខ្ញុំគ្រាន់តែកាន់កាប់ស៊ីក្លូនេះ ហើយបើមានគេទិញ ខ្ញុំគ្រាន់តែធ្វើពិធីប្រគល់ឲ្យគេ ហើយលុយលក់បានគឺជារបស់គន្ធបុប្ផា!”។
អ្នកនិពន្ធ និងដឹកនាំរឿងដដែល បញ្ជាក់ថា តម្លៃ១លានដុល្លារសម្រាប់ស៊ីក្លូចាស់មួយគ្រឿង ស្ដាប់ទៅដូចច្រើនណាស់ ប៉ុន្តែសម្រាប់គន្ធបុប្ផា គឺមិនច្រើនឡើយ ពោលគឺចំនួននេះ អាចជួយរាប់រងការចំណាយបានតែ ១០ថ្ងៃប៉ុណ្ណោះ ហើយចំនួននេះទៀតសោត ក៏មិនច្រើនសម្រាប់អ្នកមានខ្លះនៅស្រុកខ្មែរដែរ។
លោកលើកឡើងថា "តាមខ្ញុំដឹង អ្នកមានស្រុកខ្មែរខ្លះ...មានលុយច្រើនណាស់ ខ្លះមានដល់១០០លាន ខ្លះដល់១ពាន់លានដុល្លារ ក៏មានដែរ តែសំខាន់ តើគេចេញមុខមកជួយឬអត់...ជាក់ស្ដែងកន្លងមក យើងឃើញមានអ្នកឧកញ៉ា ហុង ពីវ គាត់គឺជាវីរបុរសពិតដែលគាត់បានជួយមន្ទីរពេទ្យគន្ធបុប្ផាជាច្រើន...និយាយនេះ មិនមែនចង់លក់ឲ្យអ្នកឧកញ៉ាទេ គឺខ្ញុំចង់រកវីរបុរសថ្មី!”។
នេះជាជំនូនចុងក្រោយ ដែលលោកធ្វើសម្រាប់គន្ធបុប្ផា និងសង្ឃឹមថា អ្វីៗនឹងអាចសម្រេចបានដូចការគិតទុក និងអាចជាក្ដីសង្ឃឹមថ្មីមួយទៀតរបស់ "គន្ធបុប្ផា"៕