• 2020-07-22 07:52:59
  • ជីវិតតារា

តារាសម្ដែងស្រី អ៊ុំ សក្ខណា កំពុងសន្សំប្រាក់ធ្វើរឿងមួយ ដើម្បីឧទ្ទិសជូនអ្នកម្ដាយ

  • 2020-07-22 07:52:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង​ស្រី​ជើងចាស់ អ៊ុំ សក្ខណា ហៅ​ម៉ែនឿន ប្ដេជ្ញា​ថា​នឹង​សន្សំ​លុយ​ពី​អាជីព​សិល្បៈ​ទៅ​ធ្វើ​ចេតិយ​ធំ និង​សមរម្យ​មួយ​នៅ​ឯ​ស្រុក​កំណើត​នា​ខេត្ត​កំពង់​ស្ពឺ ដើម្បី​តម្កល់​អដ្ឋិធាតុ​ម្ដាយ​ដែល​ទើប​ចែកឋាន​ទៅ​នោះ ខណៈ​អាជីព​សម្ដែង​របស់​គាត់​ក៏​ងើប​ឡើង​វិញ​បន្តិច​ហើយ​ដែរ។

ទោះ​ជា​យ៉ាង​តារា​សម្ដែង​រូប​នេះ​មិន​ចង់​ឲ្យ​មាន​ការ​ផ្សព្វផ្សាយ​ពី​បញ្ហា​ជីវភាព ឬ​បញ្ចេញ​សារ​អំពាវនា​សុំ​ជំនួយ​អ្វី​ទៀត​នោះ​ទេ ដោយ​អ្នកស្រី​លើក​ឡើង​ថា កាល​ពី​ថ្ងៃ​បុណ្យ​សព និង​ថ្ងៃ​បុណ្យ​ខួប​៧​ថ្ងៃ មាន​សិល្បករ-សិល្ប​ការិនី ព្រមទាំង​សប្បុរសជន​បាន​ឧបត្ថម្ភ​ម្ដង​ហើយ។ អ្នកស្រី​គិត​ថា ពិធី​បុណ្យ​ខួប​១០០​ថ្ងៃ​របស់​អ្នកម្ដាយ នឹង​មិន​អាច​ធ្វើ​ទៅ​រួច​ទេ ព្រោះ​នៅ​ទ័លដៃទ័លជើង​នៅ​ឡើយ។

ត្បិតថា​អ្នកស្រី​នឹង​មិន​អាច​ធ្វើ​ពិធី​បុណ្យ​ខួប​១០០​ថ្ងៃ ដើម្បី​ឧទ្ទិស​កុសល​ផលបុណ្យ​ជូន​អ្នកម្ដាយ​ជាទី​ស្រឡាញ់​ដែល​រហូត​មក​ថ្ងៃ​នេះ រូប​គាត់​ផ្ទាល់​មិន​ទាន់​រំសាយ​ចិត្ត​ទាំង​ស្រុង​នៅ​ឡើយ​នោះ នឹង​ធ្វើ​ចេតិយ​សមរម្យ​មួយ​ជំនួស​ព្រះភូម​តូច​ដែល​កំពុង​ដាក់​តម្កល់​អដ្ឋិធាតុ​ម្ដាយ​នៅ​ឯ​ផ្ទះ​សព្វថ្ងៃ​នោះ​វិញ។

សូម​រំលឹក​ថា កាល​ពី​ចុង​ខែ​មិថុនា ឆ្នាំ​២០២០ អ្នកម្ដាយ​របស់​តារា​សម្ដែង​ជើង​ចាស់​ដែល​ចូល​ប្រឡូក​ក្នុង​សិល្បៈ​ផ្នែក​សម្ដែង​តាំង​ពី​ឆ្នាំ​១៩៨៦ មក​នោះ បាន​ទទួល​មរណភាព ដោយ​ជរាពាធ ក្នុង​ជន្មាយុ​៩៧​ឆ្នាំ។ នៅ​ពេល​ដែល​អ្នក​ម្ដាយ​ធ្លាក់​ខ្លួន​ឈឺ​ធ្ងន់ និង​ថ្ងៃ​ម្ដាយ​ទទួល​មរណភាព​នេះ​ហើយ​ដែល​បែក​ធ្លាយ​ពី​ជីវភាព​ខ្វះខាត​របស់​តារា​សម្ដែង អ៊ុំ សក្ខណា ហៅ​ម៉ែនឿន នៅ​ឯ​ស្រុក​ភ្នំស្រួច ខេត្ដ​កំពង់​ស្ពឺ។

ពាក្យ​ចាស់​លោក​ពោល​ថា"ភាព​ក្រែងចិត្ត​អ្នក​ដទៃ គឺ​ជា​សម្បត្តិ​របស់​អ្នក​ថ្លៃថ្នូរ”។ ស្រដៀង​គ្នា​នេះ​ដែរ តារា​សម្ដែង​ស្រី អ៊ុំ សក្ខណា មិន​ចង់​រំខាន ឬ​ដាក់​បន្ទុក​ដល់​សម្បុរ​ជន​ណា​ម្នាក់​ឲ្យ​ជួយ​គ្រួសារ​គាត់​ម្ដង​ហើយ​ម្ដង​ទៀត​នោះ​ទេ ដោយ​អ្នកស្រី​តស៊ូ​រក​ប្រាក់​ដោយ​ខ្លួនឯង​ដើម្បី​ផ្គត់ផ្គង់​ជីវភាព និង​ដោះស្រាយ​នូវ​អ្វី​ដែល​ជា​បំណង​ប្រាថ្នា​របស់​ខ្លួន។ ដូចជា​បំណង​ធ្វើ​ចេតិយ​ជូន​អ្នក​ម្ដាយ​នេះ​ជា​ដើម៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ

មតិយោបល់