• 2021-07-26 04:09:44
  • ព័ត៌មាន

ទី​បំផុត​ថ្នាក់​ដឹកនាំ Galaxy Navatra ឆ្លើយ​មួយ​ម៉ាត់​ច្បាស់​ៗ ជុំវិញ​រឿង​បញ្ជា​ទិញ Robot ពី​អាឡឺម៉ង់

  • 2021-07-26 04:09:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផលិតកម្ម Galaxy Navatra សប្ដាហ៍​មុន បាន​ធ្វើ​ឲ្យ​ក្រុម​អ្នក​គាំទ្រ​បើក​ភ្នែក​ធំៗ ក្រោយ​លេច​ដំណឹង​ផលិតកម្ម​នេះ​បាន​បញ្ជា​ទិញ​គ្រឿង​យន្ត​ស្វ័យ​ប្រវត្តិ ឬ Robot មួយ​គ្រឿង​ដែល​មាន​តម្លៃ​កប់​ក្ដោង​ពី​ប្រទេស​អាឡឺម៉ង់ ហើយ​នៅ​ថ្ងៃ​នេះ ថ្នាក់​ដឹកនាំ​ផលិតកម្ម​បាន​ឆ្លើយ​តប​រឿង​នេះ​ហើយ។

លោក យឹម តាស្រង់ កាល​ពី​សប្ដាហ៍​មុន​បាន​បដិសេធន៍​ក្នុង​ការ​អធិប្បាយ​ក្រោយ​ពី​បាន​បែក​រឿង​ខាង​លើ ធ្វើ​ឲ្យ​មាន​ការ​ភ្ញាក់​ផ្អើល​ខ្លាំង​នៅ​ក្នុង​សង្គម​សិល្បៈ​នោះ បាន​ឆ្លើយ​តប​តាម​រយៈ​សារ​អេឡិចត្រូនិក​នៅ​ថ្ងៃនេះ។ លោក​បាន​ឲ្យ​ដឹង​ថា អង្គភាព​របស់​លោក​ពិត​ជា​បាន​ទិញ​គ្រឿង​យន្ត​នោះ​ដូច​ការ​បែក​ធ្លាយ​មែន។

"អឹម...ហ្នឹងហើយ ទិញ ទិញ​មែន...!”។ យឹម តាស្រង់ ឆ្លើយ​តប​យ៉ាង​ខ្លី នៅ​ក្នុង​ការ​ព្យាយាម​ស្វែក​រក​ការ​បញ្ជាក់​ជា​ថ្មី​ពី​ក្រុម​ការងារ Sabay លើ​រឿង​ដែល​បែក​ខ្ចរខ្ចាយ​កាល​ពី​សប្ដាហ៍​មុន។

ទោះ​យ៉ាង​ណា លោក​មិន​បាន​អធិប្បាយ​លម្អិត​លើ​រឿង​នេះ​ទេ ក្នុង​នោះ​ថា​តើ គ្រឿង​យន្ត​ដែល​ទិញ​នោះ ជា​ប្រភេទ​យ៉ាង​ម៉េច ក៏​លោក​បាន​បញ្ជាក់​ដែរ។ ប៉ុន្តែ​បើ​តាម​ប្រភព​មួយ​ដែល​ទម្លាយ​ចេញ​កាល​ពី​សប្ដាហ៍​មុន គឺ​ជា​ប្រភេទ​ដៃយន្ត​ដែល​គេ​ឃើញ​ប្រើ​ភាគច្រើន​ក្នុង​ឧស្សាហកម្ម​ភាពយន្ត​រីកចម្រើន​ដូច​ជា​ហូលីវូដ​ជា​ដើម។

រូបតំណាង

ដៃ​យន្ត​ប្រភេទ​នេះ វា​អំណោយ​ផល​ច្រើន​លើ​ការងារ​ថត​​ចម្រៀង ឬ​ភាពយន្ត ដែល​មាន​លក្ខខណ្ឌ​បត់​បែន​បាន​គ្រប់​ស្ថានភាព ដែល​លក្ខខណ្ឌ​ខ្លះ​មនុស្ស ពិត​មិន​អាច​ធ្វើ​បាន ពោល​គឺ​វា​មាន​ភាព​បត់បែន​ជាង លឿន​ជាង និង​ប្រសិទ្ធភាព​ជាង។

រូបតំណាង

ត្បិត​ថា ថ្នាក់​ដឹកនាំ​របស់ Galaxy បង្ហើប​តែ​មិន​បង្ហើយ តែ​ផ្អែក​លើ​ការ​បង្ហើប​របស់​ប្រភព​ដដែល​កាល​ពី​សប្ដាហ៍​មុន គេ​មើល​ឃើញ​ថា​ ដៃយន្ត គឺ​ពិត​ជា​សម​ស្រប​សម្រាប់​ការងារ​ក្នុង​ផលិតកម្ម ដូច​គេ​បាន​រៀបរាប់​ពី​ខាង​លើ។ ប្រសិន​បើ​អ្វី​ៗ​ជា​ការ​ពិត ១០០% Galaxy Navatra គឺ​ជា​ផលិតកម្ម​ក្នុង​ស្រុក​ទី​១ ដែល​បាន​ដាក់​បញ្ចូល​គ្រឿង​យន្ត​ស្វ័យ​ប្រវត្តិ​កម្ម​នៅ​ក្នុង​សង្វាក់​ផលិតកម្ម​របស់​ខ្លួន ខណៈ​តាម​តម្រុយ គ្រឿង​ស្វ័យ​ប្រវត្តិ​កម្ម​មួយ​នេះ មាន​តម្លៃ​ដល់​ទៅ​ជាង ២០ម៉ឺន​ដុល្លារ​អាមេរិក​ឯណោះ៕

អត្ថបទ៖ ទារិកា

មតិយោបល់