• 2021-10-19 09:15:51
  • ភាពយន្ត

ផលិតករភាពយន្ដខ្មែរ១០ រូប ទើបបញ្ចប់វគ្គសិក្សាពង្រឹងសមត្ថភាពអាជីវកម្មភាពយន្តកម្ពុជាចូលទីផ្សារសាកល

  • 2021-10-19 09:15:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញ និងទទួលការថតភាពយន្តនៅកម្ពុជា ឬហៅកាត់ថា CFC បានបញ្ចប់វគ្គបណ្តុះបណ្តាល ក្នុងកម្មវិធី Cultural Partnership Initiative 2021របស់សាធារណរដ្ឋកូរ៉េ ដែលមានឈ្មោះថា”កសាងសមត្ថភាពសម្រាប់អាជីវកម្មភាពយន្តកម្ពុជាចូលក្នុងទីផ្សារសាកល” កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១ ។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់CFC ម្សិលមិញឲ្យដឹងថា វគ្គបណ្តុះបណ្តាលនេះមានការគាំទ្រពីក្រសួងវប្បធម៌ និងវិចិត្តសិល្បៈ នៃព្រះរាជាណាចក្រកម្ពុជា ឧបត្ថម្ភដោយ KOFICE និង សហការរៀបចំដោយBFIC និងCFC។

ជារៀងរាល់ឆ្នាំ CPI តែងតែជ្រើសរើសបេក្ខជនឆ្នើមៗមកពីបណ្តាប្រទេសអាស៊ីដែលធ្លាប់សហការ លើវិស័យវប្បធម៌ជាមួយប្រទេសកូរ៉េខាងត្បូងសម្រាប់ការបណ្តុះបណ្តាលនេះ ។ ដោយឡែកក្នុងឆ្នាំ២០២១នេះ ជាកិត្តិយសរបស់កម្ពុជា ដែល KOFICE បានជ្រើសរើសសម្រាប់កម្មវិធី CPI2021 ដោយយកកម្មវិធីបណ្តុះបណ្តាល”កសាងសមត្ថភាពសម្រាប់អាជីវកម្មភាពយន្តកម្ពុជាចូលក្នុងទីផ្សារសាកល”។ វគ្គនេះបង្ហាត់រយៈពេល៩សប្ដាហ៍ ដល់សិក្ខាកាមដែលជាផលិតករភាពយន្ដកម្ពុជាវ័យក្មេង១០នាក់។

តំណាងឱ្យអ្នករៀបចំវគ្គបណ្តុះបណ្តាល និងជាប្រធានCFC លោក ជៀប សុវិជ្ជា មានប្រសាសន៍ថា កន្លងមក ផលិតករយើងច្រើនមានការលំបាកក្នុងការនាំចេញភាពយន្តរបស់ខ្លួន ទៅក្រៅស្រុក។ ដូច្នេះCPI ជួយឱ្យ ពួកគាត់ស្វែងយល់បន្ថែមពីរបៀបធ្វើគម្រោងផលិត ឱ្យត្រូវនឹងទីផ្សារបរទេស ក៏ដូចជាប្រព័ន្ធផ្សាយរឿងអនឡាញដែរ។

លោក ជៀប សុវិជ្ជា៖”មួយវិញទៀត ក្នុងកំឡុងពេលមានជម្ងឺរាតត្បាតជាសកលដូច្នេះ នេះជាឱកាសល្អ ដើម្បីឱ្យយុវផលិតករភាពយន្តយើង បង្កើនចំណេះដឹងផ្នែក ភាពយន្តនេះ”។

សិក្ខាកាមម្នាក់ក្នុងចំណោម១០នាក់ គឺលោក លៀក លីដា ដែលជានាយយកប្រតិបត្តិរបស់ផលិតកម្មLD Pictur បានបង្ហាញចំណាប់អារម្មណ៍របស់ខ្លួនថា តាមពិតលោកកម្រ មានឱកាសជួបផលិតករក្នុងស្រុកឯទៀតណាស់ ដោយសារការមមាញឹកនឹងការផលិត។ តែតាមរយៈវគ្គនេះ លោកបានស្គាល់ និងធ្វើការជាក្រុមបន្ថែមជាមួយផលិតករដទៃ ដោយមានស្មារតីសហការគ្នាល្អ។ ដូច្នេះហើយបើ CPI មានវគ្គលើកក្រោយៗទៀត លោកនឹងដាក់ពាក្យរៀនបន្តទៀតដែរ។

អ្វីជាទីមោទនៈនោះគឺគណៈកម្មការបានរៀបចំរង្វាន់ពិសេសដល់ក្រុមជ័យលាភី ពីវគ្គបណ្តុះបណ្តាល ដល់ក្រុមទី១ តាមរយៈ គម្រោងរឿង «នាឡិកា ជញ្ជាំងក្រហម»ដែលទទួលបានពិន្ទុខ្ពស់ពីគណៈមេប្រយោគទាំងខ្មែរ និងកូរ៉េ ដែលចាត់ថាជា ក្រុម ដែលរៀបចំផែនការសកម្មភាពទីផ្សារបានល្អជាងគេ។ រីឯសកិ្ខកាមច្នើមប្រចាំវគ្គ មាន២រូបដែលសរុបពិន្ទុបានខ្ពស់ ជាងគេ តាមរយៈការប្រឡងតាមមេរៀនក្នុង Google Classroom គឺ៖

១. លោក ហៃ ប៊ុនម៉េង ជាប្រធានតំណាងដៃគូចែកចាយ របស់ Westec Media Limited ២. លោក មុនី កណ្ណ ដារង្គ ជាសមិទ្ធិករភាពយន្តឯករាជ្យ។

ក្នុងឱកាសនោះដែរ លោកប៉ុក បូរក្ស ប្រធាននាយកដ្ឋានសិល្បភាពយន្ត និងផ្សព្វផ្សាយ វប្បធម៌ និងលោក ឯក ប៊ុនថា អគ្គនាយករងបច្ចេកទេសវប្បធម៌ នៃក្រសួងវប្បធម៌ និង វិចិត្រសិល្បៈបានអបអរដល់ការបញ្ចប់វគ្គបណ្តុះបណ្តាលនេះ និងផ្តាំផ្ញើឱ្យ សិក្ខាកាម ទាំងអស់យកចំណេះដឹងដែលសិក្សារួច ទៅអនុវត្តដល់ការងារផលិតកម្មរៀងៗខ្លួន ដើម្បី លើកស្ទួយវិស័យភាពយន្តខ្មែរ ឱ្យទៅដល់ឆាកអន្តរជាតិ ឱ្យបានកាន់តែច្រើន៕

ជិន សុភ័ក្ដ្រ

មតិយោបល់