• 2021-11-11 03:08:53
  • ភាពយន្ត

ចេញ​ដំណើរ​ដើម​ទង​នៃ​ភាពយន្ត​រន្ធត់​ស្ដែង​ពី​សាច់​រឿង​ពិត​ក្នុង​មង្គល​ការ​កំលោះ​ក្រមុំ​មួយ​គូនៅ​

  • 2021-11-11 03:08:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ប៉ុន្មាន​ថ្ងៃ​មក​នេះ ប្រិយមិត្ត​នៅ​លើ​បណ្ដាញ​សង្គម បាន និង​កំពុង​រំជើបរំជួល​នឹង​ខ្សែ​ភាពយន្ត​ដ៏​រន្ធត់​មួយ​និយាយ​ពី​រឿង​ពិត​របស់​កំលោះ​ក្រមុំ​មួយ​គូ​នៅ​ខេត្ត​ព្រៃវែង។

មង្គល​ការ​នោះ​បាន​កើត​ឡើង​នៅ​ក្នុង​ឆ្នាំ ១៩៩៣ ដូច្នេះ​ហើយ​រឿង​នេះ ត្រូវ​បាន​ផលិតករ​ដាក់​ចំណង​ជើង​ថា "Wedding 93” ឬ "អាពាហ៍ពិពាហ៍​ឆ្នាំ ១៩៩៣"។ ដោយ​សារ​ថាវា​ជា​ឈុត​ឆាក​ក្នុង​ខ្សែ​ភាពយន្ត ប្រិយមិត្ត​ជា​ច្រើន​យល់​ថា អ្វី​ដែល​ពួក​គេ​ឃើញ គឺ​ជា​ការ​រៀបចំ ឬ​សម្ដែង។ ប៉ុន្តែ​តាម​ការ​អះអាង​របស់​ផលិតករ អ្វី​ដែល​ប្រិយមិត្ត​បាន​ឃើញ​ទាំង​អស់​ក្នុង​វីដេអូ Trailer គ្មាន​ផ្នែក​ណា​មួយ​ត្រូវ​ថត​ឡើង​វិញ​ទេ។

តាម​ទំព័រ "ពោត​ផ្ទុះ" ដែល​ធ្វើ​សកម្មភាព​នានា​ពាក់​ព័ន្ធ​ភាពយន្ត បាន​ឲ្យ​ដឹង​ថា លោក Paul Zagaris បាន​ធ្វើ​ដំណើរ​មក​ដល់​ប្ររទេសកម្ពុជា​ក្នុង​ឆ្នាំ ២០១៨ ដើម្បី​ទិញ​យក​វីដេអូ​ឃ្លីប​ស្ដី​ពី​ហេតុការណ៍​កើត​ឡើង​លើ​មង្គល​ការ​របស់​កំលោះ​ក្រមុំ​នៅ​ខេត្ត​ព្រៃវែង​១គូ​ដែល​កូន​កំលោះ​ឈ្មោះ "បុល" និង​កូន​ក្រមុំ​ឈ្មោះ "រ៉ា"។

កាលណោះ អំឡុង​ពេល​សំពះ​ផ្ទះ កូន​ក្រមុំ​ស្រាប់​តែ​មាន​អាការ​ប្លែក​ៗ ដែល​គេ​ហៅ​ថា​ជា​ការ​ចូល​សណ្ឋិត​នៃ​វិញ្ញាណ​អាក្រក់។ ពេល​នោះ ស្រី រ៉ា បាន​ធ្វើ​សកម្មភាព​រញ៉េរញ៉ៃ​ពេញ​រោងការ បន្តិច​ក្រោយ​នាង​ស្រាប់​តែ​រត់​ទៅ​ឡើង​ដើម​ឈើ ហើយ​ឈរ​សម្លឹង​មក​អ្នក​ខាង​ក្នុង​ក្នុង​ក្រសែ​ភ្នែក​គួរ​ឲ្យ​ខ្លាច និង​ព្រឺ​ព្រួច។ នេះ​បើ​តាម​អ្វី​ដែល​គេ​ឃើញ​ក្នុង​វីដេអូ Trailer។

ងាក​មក Paul ក្រោយ​ទិញ​បាន​វីដេអូ​ឃ្លីប​កម្រហើយ​លោក​បាន​យក​ទៅ​ធ្វើ​ការ​កាត់​ត​ដោយ​បាន​ចំណាយ​ពេល​ដល់​ទៅ ២​ឆ្នាំ​ឯណោះ ដើម្បី​ឲ្យ​ក្លាយ​ទៅ​ជា​ភាពយន្ត​ពេញ​លេញ​មួយ​ដែល​មាន​រយៈ​ពេល ១ម៉ោង និង១០នាទី ហើយ វីដេអូ Trailerនោះ លោក​ទើប​នឹង​បញ្ចេញ​ថ្មី​ៗ​នេះ ដោយ​បាន​ធ្វើ​ឲ្យ​មាន​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ទាំង​នៅ​អន្តរជាតិ និង​ជា​ពិសេស​ប្រិយមិត្ត​នៅ​ក្នុង​ប្រទេស​កម្ពុជា។

នៅ​ក្នុង​ខ្លឹម​សារ​ដែល​បង្ហោះ​ដោយ​ទំព័រ​ដដែល​បាន​ឲ្យ​ដឹង​ថា តាម​ការ​អះអាង​របស់ Paul រឿង​នេះ​នៅ​ក្នុង​វីដេអូ​ដើម​របស់​លោក មាន​សភាព​ភ័យរន្ធត់​ជាង​អ្វី​ដែល​ប្រិយមិត្ត​បាន​ឃើញ​ក្នុង Trailer ឆ្ងាយ​ណាស់។ បញ្ហា​នេះ បាន​ធ្វើ​ឲ្យ​ប្រិយមិត្ត​នៅ​កម្ពុជា​កំពុង​តែ​អន្ទះសារ​ចង់​ទស្សនា​ភាពយន្ត​ស្រង់​ពី​សាច់​រឿង​ពិត​យ៉ាង​កម្រ​នេះ​ថែម​ទៀត។

យ៉ាង​ណា គេ​មិន​ទាន់​ដឹង​ថា អ្វី​ដែល​ប្រិយមិត្ត​រង់ចាំ អាច​ចេញ​ជា​ការ​ពិត​ឆាប់​ឬ​យ៉ាង​ណា។ Paul បាន​ប្រាប់​ថា លោក​បាន​ស្វែង​ឱកាស​ក្នុង​ការ​ដាក់​បញ្ចូល​ភាពយន្ត​រន្ធត់​របស់​លោក​ទៅ​ក្នុង​មហោស្រព​ជាង ១០០​ប្រទេស​ហើយ។

បើ​តាម​ទំព័រ "វិភាគ​កុន" ក៏បាន​បញ្ជាក់​ថា ក្នុង​ចំណោម​ជាង ១០០​ប្រទេស​នោះ Paul ក៏បាន​ស្នើ​បញ្ចូល​ភាពយន្ត​របស់​លោក​ក្នុង​មហោស្រពភាពយន្ត​អន្តរជាតិ​នៅ​កម្ពុជា CIFF ផង​ដែរ។ប៉ុន្តែ​អ្វី​ៗ ស្ថិត​ក្នុង​តំណាក់​កាល​ចរចា​នៅ​ឡើយ។

សាច់​រឿង​​សង្ខេប​នៃ​ភាពយន្ត​ពី​សាច់​រឿង​ពិត​របស់​កូន​កំលោះ​ក្រមុំ​នៅ​ព្រៃវែង​យ៉ាង​ណា តោះ...Trailer ខាង​ក្រោម​នេះ​ទាំង​អស់​គ្នា៖

អត្ថបទ៖ ទារិកា

មតិយោបល់
អត្ថបទពេញនិយម