• 2021-11-11 06:59:47
  • ភាពយន្ត

រឿង”Wedding 93” អាចបង្ហាញខ្លួនក្នុងមហោស្រពភាពយន្ដអន្ដរជាតិដោយរបៀបណា?

  • 2021-11-11 06:59:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រឿង”អាពាហ៍ពិពាហ៍” ឬ”Wedding 93” ដែលផលិតករភាពយន្ដបរទេសម្នាក់ គ្រោងដាក់ប្រកួតក្នុងមហោស្រពភាពយន្ដអន្ដរជាតិឆ្នាំ២០២២ កំពុងតែទទួលបានការចាប់អារម្មណ៍ខ្លាំងពីអ្នកលេងបណ្ដាញសង្គម និងអ្នកស្រឡាញ់វិស័យភាពយន្ដនៅកម្ពុជា។

ស្របពេលដែលមានការចាប់អារម្មណ៍ខ្លាំងលើរឿងនេះ មានដំណឹងមកថា លោក Paul ដែលជាម្ចាស់ខ្សែភាពយន្ដនេះ បានដាក់រឿងរបស់ខ្លួន ដើម្បីចូលរួមប្រកួតហើយ។ ប៉ុន្ដែខាងអ្នករៀបចំមហោស្រពបញ្ជាក់ថា គណៈកម្មការមិនទាន់ទទួលបានរឿងនោះពីលោក Paul នៅឡើយទេ។

នាយកមជ្ឈមណ្ឌលបណ្ដុះបណ្ដាលជំនាញ និងទទួលការផលិតភាពយន្ដបរទេសនៅកម្ពុជា លោក ជៀប សុវិជ្ជា ប្រាប់Sabay នៅថ្ងៃទី១១ ខែវិច្ឆិកា ថា រូបលោកទទួលបានដំណឹងនេះហើយ តែជាក់ស្ដែងខាងលោកមិនទទួលបាននៅឡើយ។ លោកមិនទាន់ អាចវាយតម្លៃពីលក្ខណៈពិសេស ឬថាវាចាប់អារម្មណ៍ជាងរឿងដទៃដែលលោកធ្លាប់ទទួលកម្រិតណានោះទេ ព្រោះលោកមិនទាន់ឃើញ។

លោក ជៀប សុវិជ្ជា៖”ឃើញគេទំនាក់ទំនងមកដែរ តែអត់បានច្រើនណាស់ណាទេ ហើយបើគេដាក់មកត្រូវមានគណៈកម្មការជ្រើសរើសទៀត មិនអាចដាក់មកយើងយកទាំងអស់ទេ។ ឥឡូវxខ្ញុំយល់យ៉ាងម៉េចក៏អត់កើត! ព្រោះអត់ទាន់ឃើញ ឮសូរតែគេនិយាយ តែខ្ញុំមិនសូវបានចូលមើលអាហ្វេសប៊ុកស្អីគេហ្នឹងផង"។

បើតាមលោក ជៀប សុវិជ្ជា សម្រាប់ការប្រកួត និងចាក់បញ្ចាំងភាពយន្ដក្នុងមហោស្របភាពយន្ដអន្ដរជាតិឆ្នាំ២០២២ គណៈកម្មការបានចាប់ផ្ដើមទទួលរឿងពីផលិតករពីខែកក្កដា រហូតដល់ខែធ្នូ ទើបបញ្ចប់ការទទួល។ លោកថា មហោស្រពដែលតែងតែប្រារព្ធនៅរៀងរាល់ដើមខែមីនា ត្រូវអាក់ខានធ្វើនៅឆ្នាំ២០២១ តែសម្រាប់ឆ្នាំ២០២២ មហោស្រពនឹងរៀបចំឡើងវិញជាធម្មតា។

លោក រំលឹកថា ក្នុងមួយឆ្នាំៗ ក៏មានផលិតករបរទេសចូលមកផលិតភាពយន្ដនៅស្រុកខ្មែរច្រើនដែរ ហើយក្នុងមួយឆ្នាំៗមានភាពយន្ដបរទេសប្រមាណ៥០០រឿង បានដាក់ចូលក្នុងមហោស្រព ប៉ុន្ដែគណៈកម្មការ សម្រេចរើសយកតែ១០០ ទៅ២០០រឿងប៉ុណ្ណោះ ដើម្បីចូលរួមប្រកួត ឬចាក់បញ្ចាំង។

អ្វីដែលមហាជនចាប់អារម្មណ៍លើរឿងនេះ គឺដោយសារលោក Paul Zagaris បានធ្វើដំណើរមកប្ររទេសកម្ពុជាក្នុងឆ្នាំ ២០១៨ ទិញយកវីដេអូឃ្លីបស្ដីពីហេតុការណ៍កើតឡើងលើមង្គលការរបស់កំលោះក្រមុំនៅខេត្តព្រៃវែង១គូដែលកូនកំលោះឈ្មោះ "បុល" និងកូនក្រមុំឈ្មោះ "រ៉ា" ដើម្បីផលិតជាខ្សែភាពយន្ដ។ កាលណោះ អំឡុងពេលសំពះផ្ទឹម កូនក្រមុំស្រាប់តែមានអាការប្លែកៗ ដែលគេហៅថាជាការចូលសណ្ឋិត នៃវិញ្ញាណអាក្រក់។

ពេលនោះ ស្រី រ៉ា បានធ្វើសកម្មភាពរញ៉េរញ៉ៃពេញរោងការ បន្តិចក្រោយនាងស្រាប់តែរត់ទៅឡើងដើមឈើ ហើយឈរសម្លក់មកអ្នកខាងក្រោមក្នុងក្រសែភ្នែកគួរឲ្យខ្លាច និងព្រឺព្រួច៕

ជិន សុភ័ក្ដ្រ

មតិយោបល់