• 2022-09-01 09:39:10
  • ភាពយន្ត

ក្រោយ​ជោគជ័យ​ជាមួយ​រឿង “Jail Break” ឥឡូវ Jimmy ប្រកាស​ផែន​ការ​រឿង​ថ្មី គឺ​រឿង "KTV”

  • 2022-09-01 09:39:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ដឹកនាំ​រឿង Jimmy Henderson ដែល​បាន​សាង​កេរ្តី៍​ឈ្មោះ​តាម​រយៈភាពយន្ត​ជា​ច្រើន​នៅ​កម្ពុជា ពិសេស​រឿង "Jail Break" នោះ ឥឡូវ​បាន​ប្រកាស​ផែន​ការ​ភាពយន្ត​ថ្មី​មួយ​រឿង​ទៀត​មាន​ចំណង​ជើង​ថា "KTV” ឬ “Killing Time Violently”។

"KTV” ឬ “Killing Time Violently” គឺ​ជា​ភាពយន្ត​ប្រភេទ Action ថ្មី​មួយ​ទៀត​របស់​កម្ពុជា សហការ​ផលិត​ឡើង​ដោយ M Picture ផលិតកម្ម K Two River Internationalព្រម​ទាំង​ស្រាបៀ ហនុមាន។ Jimmy Henderson ប្រាប់​ថា ចាប់​តាំង​ពី​លោក​បាន​រស់​នៅ​កម្ពុជា​រយៈ​ពេល ១១​ឆ្នាំ រហូត​មាន​គ្រួសារ​មួយ​នៅ​កម្ពុជា លោក​កាន់​តែ​មាន​អារម្មណ៍​ថា ខ្លួន​ឯង​ជា​ពលរដ្ឋ​កម្ពុជា​ម្នាក់។

ដូច្នេះ​ហើយ លោក​តែង​ចង់​ធ្វើ​អ្វី​មួយ​ដើម្បី​លើក​កម្ពស់​ឧស្សាហកម្មភាពយន្ត​កម្ពុជា ក៏​ដូច​គ្នា​ដែរ លោក​តែ​ខិត​ខំ​រិះរក​គំនិត​ថ្មី​ៗ​សម្រាប់​ការ​ផលិតភាព​យន្ត​ដាក់​បញ្ចូល​ទៅ​ក្នុង​ឧស្សាហកម្មភាពយន្ត​កម្ពុជា ហើយ "KTV” គឺ​អ្វី​ដែល​បរិយាយ​អំពី​អារម្មណ៍​ដិត​ដាម​មួយ​នោះ។ លោក​លើក​ឡើង​ថា តាម​រយៈ KTV លោក​ចង់​ឲ្យ​ប្រិយមិត្ត​កម្ពុជា​ទទួល​បាន​អារម្មណ៍​ថ្មី រួម​ទាំង​បទ​ពិសោធន៍​ថ្មី​ផង។

រឿង "KTV” ឬ “Killing Time Violently” នឹង​ត្រូវ​ដំណើរ​ការ​ផលិត​ឆាប់​ៗ ហើយ​រឿង​នេះ មិន​ត្រឹម​ត្រៀម​សម្រាប់​ទីផ្សារក្នុង​ស្រុក​នោះ​ទេ ប៉ុន្តែ​ក៏​មាន​ផែន​ការ​ក្នុង​ការ​ធ្វើ​យ៉ាង​ណា អាច​ឈាន​ចូល​ទៅ​ក្នុង​ទីផ្សារ​អន្តរជាតិ​ថែម​ទៀត។ នេះ​គឺ​ជា​ចក្ខុវិស័យ​មួយ​របស់ក្រុមហ៊ុន M Picture។

លោក ជី សិលា ថ្នាក់​ដឹកនាំ​ផលិតកម្ម បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា ជា​ផ្នែក​មួយ​នៃ​ការ​ផ្ដល់​ការ​កម្សាន្តតាម​រយៈ​ភាពយន្ត M Picture មាន​ផ្នែក​ចំនួន​២ ទី​១ គឺ​នាំ​ភាពយន្ត​បរទេស​ល្អ​ៗ​មក​ផ្ដល់​ជូន​ទស្សនិកជន​ក្នុង​ស្រុក តាម​រយៈ Sabay MVP។ ទី២ គឺ​ចក្ខុវិស័យ ចូល​រួម​ចំណែក​លើក​កម្ពស់​ឧស្សាហកម្មភាពយន្ត​ក្នុង​ស្រុក។

ទី​២​នេះ M Picture មាន​កញ្ចប់​ថវិកា​ខ្លះ សម្រាប់​សហការ​ផលិតភាពយន្ត​ក្នុង​ស្រុក​ជាមួយ​អ្នកផលិតករភាពយន្ត​នានា។ ជាក់​ស្ដែង​កិច្ចសហការ​ជាមួយ Jimmy Henderson នា​ពេល​នេះ ក្រោយ​ពី​បាន​ព្យាយាម​រក​ឱកាស​ទំនាក់ទំនង​គ្នា​ជា​យូរ​មកហើយ។

លោក ជី សិលា បន្ត​ថា ទាំង​លោក និង Jimmy Henderson គឺ​មាន​គំនិត​ដូច​គ្នា ចង់​ផ្ដល់​រសជាតិ​បន្ថែម​ទៅ​ក្នុង​ឧស្សាហកម្មភាពយន្ត​ក្នុង​ស្រុក រួម​ទាំង​ចង់​ផ្លាស់​ប្ដូរ​របៀប​នៃ​ការ​ទស្សនា​ភាពយន្ត​ក្នុង​ស្រុក​ទៅ​រក​អ្វី​ដែល​លើស​ពី​ការ​ដែល​មាន​នា​ពេល​កន្លង​មក។ ថ្នាក់​ដឹកនាំ​រូប​នេះ បន្ថែម​ទៀត​ថា ដោយ​មាន​ឆន្ទៈ​ខ្ពស់ ចក្ខុវិស័យ​ច្បាស់ ព្រម​ទាំង​ក្រុម​ការងារ​មាន​សក្ដានុពល លោក​មាន​ការ​ជឿជាក់​ថា "KTV” ឬ “Killing Time Violently” ពិត​ជា​អាច​ជ្រៀត​ចូល​ទីផ្សារ​អន្តរជាតិ​បាន។

លោក អ៊ូ តារា តួឯក​ប្រុស ក៏​បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ដែរ​ថា ពេល​នេះ ជា​វេលា​សម​ស្រប​មួយ ដែល​គួរ​បង្ហាញ​សក្ដានុពល​ភាពយន្ត​បែប Action របស់​កម្ពុជា​ទៅ​កាន់​ទីផ្សារ។ ដូច្នេះ​ហើយ​ជា​តួសម្ដែង​ម្នាក់ លោក​ពិត​ជា​រីករាយ និង​បាន​ត្រៀម​ខ្លួន​យ៉ាង​ល្អ។ លោក​ថា បាន និង​កំពុង​តម្លើង​គីឡូ ដើម្បី​ដើរ​តួ​ជា​ម៉ាហ្វៀ ដែល​លោក​មិន​ធ្លាប់​សោះ។

លោក​លើក​ឡើង​ថាថា ក្រុម​ការងារ​ទាំង​អស់ រួម​ទាំតួសម្ដែង​ទាំង​អស់ កំពុង​ស្ថិត​ក្នុង​ការ​ត្រៀម​ខ្លួន ក្នុង​ការ​ធ្វើ​ឲ្យ​រឿង​នេះ ឈាន​ដល់​កម្រិត​ខ្ពស់ និង​មាន​ជំនឿ​ថា អាច​ចូល​ទៅ​ទីផ្សារ​អន្តរជាតិ​បាន។

ភាពយន្ត "KTV” ឬ “Killing Time Violently” គឺ​ជា​ភាពយន្ត​ប្រភេទ វាយ​តប់​ថ្មី​បំផុត ចាប់​ពី Jimmy បាន​ធ្វើ​ឲ្យ​កក្រើក​ជាមួយ​រឿង "Jail Break”។ រឿង​នេះ ចូល​សម្ដែង​ដោយ​តារា​ក្បាច់​គុន អ៊ូ តារា និង សំ ថារ័ត្ន។ ក្រៅ​ពី​នេះ ឌីជេ ស្ដី កញ្ញា លោក រស់ មុន្នី ពិសេស​បំផុត​​នោះ គឺ​តួឯកស្រី ត្រូវ​បាន​អញ្ជើញ​ពី​ប្រទេស​ជប៉ុន​ថែម​ទៀត៕

អត្ថបទ៖ ទារិកា

មតិយោបល់