• 2023-01-18 09:24:36
  • ភាពយន្ត

“ពលិកម្ម” អាចជាភាពយន្ដខ្នាតអន្ដរជាតិទី៣ ស្ដែងចេញពីរឿងពិតក្នុងរបបខ្មែរក្រហម តែជាផលិតករខ្មែរ

  • 2023-01-18 09:24:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

“ពលិកម្ម” អាចជាខ្សែភាពយន្ដសំដាប់អន្ដរជាតិទី៣ ដែលស្ដែងចេញពីសាច់រឿងពិតក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ឬខ្មែរក្រហម បន្ទាប់ពីរឿង "មុនដំបូងគេសម្លាប់ប៉ាខ្ញុំ” និងរឿង “វាលពិឃាត”។

ផលិតកម្ម Crown Meas កំពុងស្វែងរកការគំាទ្រផ្នែកថវិកា ឬដៃគូសហការ ដើម្បី អាចចាប់ផ្ដើមថតរឿងនេះនាចុងឆ្នាំ២០២៣ ខណៈដែលSCRIPT ឬសាច់រឿងត្រូវបានលោក សេក សុវណ្ណារេត ដែលលើកយកសាច់រឿងពិតរបស់ខ្លួនមកផលិតជារឿងនោះ ក៏សរសេររួចរាល់ ព្រមទាំងបានត្រៀមឧបករណ៍បច្ចេកទេសថតរួចទៀតផង។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននៅសណ្ឋាគារ ផាឡេសហ្គេត រាជធានីភ្នំពេញ នារសៀលថ្ងៃទី១៨ ខែមករា ចាងហ្វាងផលិតកម្មលោក សេក សុវណ្ណារេត បានបញ្ជាក់ជំហរថា ខ្លួន និងស្ថាបនិកផ្សេងទៀតដែលជាជនជាតិខ្មែរប្ដេជ្ញាផលិតរឿងនេះឲ្យបាន ដើម្បីបង្ហាញស្នាដៃដ៏អស្ចារ្យរបស់ខ្មែរនេះនៅលើឆាកអន្ដរជាតិ។

លោក សេក សុវណ្ណារេត៖ “សាច់រឿងនេះ គេហ៊ានទិញពីខ្ញុំរហូតដល់ទៅ ១,៥០០,០០០​ ដុល្លារ តែខ្ញុំអត់ទេ ខ្ញុំចង់ផលិតខ្លួនឯងឲ្យឃើញជាស្នាដៃរបស់ខ្មែរយើង ព្រោះរឿងល្បីៗ២មុននិយាយពីសាច់រឿងខ្មែរ តែផលិតករបរទេស អីចឹងខ្ញុំចង់ឲ្យរឿងបង្ហាញពីជីវិតខ្ញុំ និងជីវិតមនុស្ស២០០០នាក់ផ្សេងទៀតត្រូវរងគ្រោះក្នុងរបបខ្មែរក្រហមនៅខេត្ដក្រចេះ ត្រូវគេជម្លៀសពីកន្លែងមួយទៅកន្លែងមួយក្នុងគោលបំណងសម្លាប់ខ្មែរនោះ ត្រូវតែបង្កើតជាខ្សែភាពយន្ដឡើងដោយកូនខ្មែរយើង”។

តាមគម្រោងលោក សេក សុវណ្ណារេត និងស្ថាបនិករបស់ផលិតកម្ម Crown Meas ជិត ១០នាក់ផ្សេងទៀត បានរៀបចំពេលថតនៅខេត្ដមួយចំនួនដូចជា៖ ខេត្ដក្រចេះ ព្រះវិហារ កណ្ដាល និងខេត្ដកំពង់ឆ្នាំង ដោយចំណាយពេល ២ខែ និងថតនៅលើទឹកដីសហរដ្ឋអាមេរិក ត្រូវចំណាយពេលតែ តែ៣ថ្ងៃប៉ុណ្ណោះ។

ចំពោះតួសម្ដែងភាគច្រើនជាជនជាតិខ្មែរ ហើយមានតួជាជនជាតិអាមេរិកកាំងតែពីរ ឬបីនាក់ប៉ុណ្ណោះ។ បច្ចុប្បន្នក្រុមការងារប្រមាណ ១០នាក់ ដែលក្នុងនោះក៏មានជាតួសម្ដែងដែរនោះ កំពុងរៀបចំឯកសារផ្ទាល់ខ្លួន និងសុំច្បាប់អនុញ្ញាតិថតរឿងនេះនៅកម្ពុជាពីអាជ្ញាធរមានសមត្ថកិច្ច ហើយលោក សុវណ្ណារេត ជឿថានឹងពុំមានបញ្ហាអ្វីកើតឡើងធំដុំនោះទេ។

បើតាមផលិតករវ័យជ្រេរូបនេះ រឿងទាំងមូលនឹងត្រូវផលិតឡើងយ៉ាងយកចិត្ដទុកដាក់ជាមួយអ្នកដឹកនាំសម្ដែងខ្មែរ និងរូបលោកផ្ទាល់ ដោយគ្រោងចាយទុន ២លានដុល្លារ។ បច្ចុប្បន្នរូបលោកមានទុនក្នុងដៃ ប្រមាណ ១០% ហើយ ហើយដៃគូសហការមួយចំនួនក៏កំពុងទាក់ទងមកលោកជាបន្ដបន្ទាប់ដែរ ដើម្បីផលិតរឿងកាប់សម្លាប់ បង្កប់នូវឈុតឆាកមនោសញ្ចេតនាជ្រៀលជ្រៅមួយនេះឡើង៕

ជិន សុភ័ក្ដ្រ

មតិយោបល់
អត្ថបទពេញនិយម