• 2024-09-17 11:37:44
  • ព័ត៌មាន

កម្មវិធី Rap U Cambodia ក្លាយជាឱកាសបង្ហាញសមត្ថភាពរ៉េបពិតៗរបស់បេក្ខជន នៅផ្សារទំនើប U Mall

  • 2024-09-17 11:37:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៤ នៅផ្សារទំនើប U Mall មានការធ្វើពិធីបើកកម្មវិធី Rap U Cambodia ដែលជាកម្មវិធីប្រឡងចម្រៀងរ៉េប ដើម្បីជំរុញការអភិវឌ្ឍវប្បធម៌តន្រ្តីហ៊ីបហប ក្នុងប្រទេសកម្ពុជា ឱ្យកាន់តែរីកចម្រើន ជាពិសេសគឺជាការបង្ហាញសមត្ថភាពពិតៗរបស់បេក្ខជនដែលបានចូលរួមប្រកួត។

លោក Thai Daro អ្នកគ្រប់គ្រងផ្សារទំនើប U Mall បានថ្លែងក្នុងកម្មវិធីនេះថា លោកមានកិត្តយសខ្លាំងណាស់ដែលតំណាងឱ្យផ្សារ U Mall ក្នុងការរៀបចំព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ។ លោកបញ្ជាក់ថា ចំណុចសំខាន់ៗនៃការប្រកួតកម្មវិធី Rap U Cambodia រួមមាន៖

ទី១. ការបញ្ចេញសមត្ថភាពពិតពីបេក្ខជនចូលរួមប្រកួត ដោយក្នុងកម្មវិធីគឺតម្រូវឱ្យបេក្ខជនប្រកួតគ្នារ៉េប ដោយមិនមានតន្រ្តីនោះទេ។ ទម្រង់បែបនេះនឹងបង្ហាញពីសមត្ថភាពពិតរបស់បេក្ខជនក្នុងការតាក់តែងអត្ថបទចម្រៀង និងគ្រប់គ្រងចង្វាក់ រ៉េប។ ចង្វាក់ និងទំនុកច្រៀងមានសារៈសំខាន់ខ្លាំងណាស់ក្នុងការរ៉េប ហើយជាការឆ្លុះបញ្ចាំងពីជំនាញ មូលដ្ឋានពិតរបស់បេក្ខជននិមួយៗ។

ទី២. ក្នុងកម្មវិធីនេះ មិនមានគណៈកម្មការដាក់ពិន្ទុកំណត់អ្នកឈ្នះនោះទេ ពោលគឺបេក្ខជននឹងចូលរួមធ្វើជាគណៈកម្មការវិលជុំគ្នាតែម្តង។ គួរដឹងថា នៅក្នុងការប្រកួតរ៉េបដ៏ល្បីល្បាញអន្តរជាតិមួយចំនួន ក៏មិនមានគណៈកម្មការដាក់ពិន្ទុដែរ។ ដូច្នេះនៅក្នុងការប្រកួតនេះ មិនត្រឹមតែបង្ហាញពីសមត្ថភាពស្នូលរបស់បេក្ខជននីមួយៗប៉ុណ្ណោះទេ ប៉ុន្តែក៏តម្រូវឱ្យបេក្ខជនផ្សេងមានការពេញចិត្ត និងទទួលស្គាល់ពីស្ទីល និងគំនិតរបស់ពួកគេផងដែរ ដែលនឹងរួមចំណែកដល់ការរីកចម្រើននៃវប្បធម៌តន្ត្រីហ៊ីបហបរបស់ប្រទេសកម្ពុជា។

ទី៣. សមរភូមិសេរីដោយផ្អែកលើតន្ត្រី (Freestyle Battle)។ តន្ត្រីគឺមានថាមពល ហើយបេក្ខជននីមួយៗ នឹងច្នៃរ៉េបឱ្យប្លែកអមជាមួយតន្ត្រី បញ្ចេញបច្ចេកទេសផ្សេងៗគ្នាក្នុងការសម្តែងរបស់ពួកគេ។ សូមជម្រាបជូនថា កម្មវិធីប្រកួតចម្រៀងរ៉េបនេះ នឹងធ្វើឡើងពីថ្ងៃទី ២១ ខែកញ្ញា ដល់ថ្ងៃទី ១៣ ខែតុលា ឆ្នាំ២០២៤។ បន្ថែមលើសនេះ នៅរៀងរាល់ថ្ងៃសៅរ៍-អាទិត្យ ក៏នឹងមានការប្រកួតរ៉េបពិសេសៗផងដែរ សម្រាប់បងប្អូនទស្សនាកម្សាន្តនៅផ្សារទំនើប U Mall។

ជាមួយគ្នានោះ លោក Thai Daro បានបង្ហាញក្តីរំពឹងថា ក្នុងកម្មវិធី Rap U Cambodia នេះ បេក្ខជន និង បេក្ខនារីទាំងអស់នឹងបញ្ចេញស្ទីលរ៉េបប្លែកៗ និងភាពច្នៃប្រឌិតរបស់ពួកគេឱ្យអស់សមត្ថភាពនៅក្នុងការប្រកួត៕

អត្ថបទ៖ សេរី មង្គល

មតិយោបល់