• 2020-02-18 03:25:58
  • ភាពយន្ត

ឡូយ​ហ្មង តារា​ជប៉ុន មក​ចូល​រួម​ថត​ភាពយន្ត​ខ្មែរ​ស្ដី​ពី​​អគារ​ចំណាស់​មួយ​កណ្ដាល​រាជធានី​ភ្នំពេញ

  • 2020-02-18 03:25:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផលិតកម្ម​ក្នុង​ស្រុក​មួយ ទើប​បាន​បញ្ចេញ​ឲ្យ​ដឹង​ថា ខ្លួន​បាន​សម្រេច​រើស​យក​អគារ​ចំណាស់​កណ្ដាល​ទីក្រុង​ភ្នំពេញ យក​មក​ធ្វើ​ជា​ឆ្អឹង​រឿង​នៃ​ខ្សែភាពយន្ត​របស់​ខ្លួន ដែល​មាន​ចំណង​ជើង​ថា "អ្នក​ស្នង​អគារ" ទើប​បើក​ពិធី​ក្រុង​ពាលី​ត្រៀម​ចេញ​ថត​ថ្មី​ៗ​នេះ។

នេះ​រាប់​ថា​ជា​លើក​ទី​១ ដែល​ភាព​ក្នុង​ស្រុក​បាន​រើស​យក​អគារ​ចំណាស់​ក្នុង​ក្រុង យក​មក​ផលិត​ជា​ខ្សែ​ភាពយន្ត។ ហើយ​ក៏​កាន់​តែ​ប្លែក​ថែម​ទៀត ដោយ​នៅ​ក្នុង​សាច់​រឿង​ខាង​លើ គឺ​មាន​ការ​ចូល​រួម​សម្ដែង​ដោយ​តួ​សម្ដែង​ខ្មែរ និង​ជប៉ុន​ជាមួយ​គ្នា​ផង។ សាច់​រឿង​នេះ​ផលិត​ដោយ​ផលិតកម្ម "កងចក្រ​ភីកឈ័រ" របស់​ផលិតករ​លោក តែ ឡូយ និង​ក្រុមហ៊ុន​វេសតិចមេឌាលីមីតធីត។

រឿង​នេះ ដឹកនាំ​ដោយ​អ្នក​ដឹកនាំ​រឿង​ពីរ​រូប​ គឺ​លោក នេត ឥន្ទនរាសុទ្ធីដ្ឋេព និង​អ្នក​នាង ជា សុខយូ។ លោក សុទ្ធីដ្ឋេព បាន​ឲ្យ​ដឹង​ថា តាម​ផែន​ការ គឺ​លោក និង​ដៃគូ​ដឹកនាំ​នឹង​សម្រិត​សម្រាំង​ជា​ពិសេស​សម្រាប់​រឿង​នេះ អោយ​បាន​ល្អ​បំផុត ព្រោះ​ថា នេះ​ជា​ការ​ចូល​ខ្លួន​លើក​ដំបូង​បំផុត​ក្នុង​ការ​ផលិត​កុន ខណៈ​កន្លង​មក ធ្លាប់​តែ​ផលិត​រឿង​ប្រភេទ​ខ្នាត​ខ្លី​តែ​ប៉ុណ្ណោះ។

លោក ជឿ​ថា រឿង​នេះ នឹង​ក្លាយ​ជា​ការ​ចង​ចាំ​មួយ​របស់​អ្នក​រស់​នៅ​ក្នុង​រាជធានី​អំពី​អគារ​ចំណាស់​មួយ​នេះ​។ ដូច្នេះ​ហើយ ទើប​លោក​តាំង​ចិត្ត​ថា នឹង​ធ្វើ​វា​ឲ្យ​បាន​ល្អ​ទុក​ជា​ចំណង​ដៃ​របស់​ប្រិយមិត្ត​និយម​គាំទ្រ​ភាពយន្ត​ក្នុង​ស្រុក​ទាំង​អស់។ ងាក​មក​ដៃគូ​ដឹកនាំ​អ្នក​នាង សុខយូ ក៏​បាន​ឯកភាព​ចំពោះ​មិត្ត​រួម​ការងារ អំពី​ផែន​ការ​ផលិត​ភាពយន្ត​ទី​១​ដែល​លើក​យក​អគារ​ចំណាស់​កណ្ដាល​មក​ផលិត​ជា​កុន​នេះ ឲ្យ​បាន​ល្អ។

ចំណុច​ពិសេស​មួយ​ទៀត គឺ​រឿង​នេះ​មាន​ការ​ចូល​រួម​សម្ដែង​ដោយ​តារា​ប្រុស​ជនជាតិ​ជប៉ុន​ផង។ ដូច្នេះ​ច្បាស់​ហើយ​ថា រឿង​នេះ ត្រូវ​បាន​តែ​ផលិត​ឲ្យ​បាន​ល្អ តម្រូវ​តាម​ទីផ្សារ​ទាំង​ពីរ។

រឿង "អ្នក​ស្នង​អគារ" មាន​ការ​ចូល​រួម​សម្ដែង​ដោយ​តារា​កម្ពុជា​ជា​ច្រើន​រូប និង​តារា​ជនជាតិ​ជប៉ុន​ផង ក្នុង​នោះ តារា​ក្នុង​ស្រុក​មាន អ្នក​នាង ស្វែង សុជាតា អ្នក​នាង ថន ថាណែត លោក រស់ មុន្នី និង​កុមារី ម៉ានីកា។ ដោយ​តារា​ជប៉ុន គឺ​សម្ដែង​ដោយ​លោក យូស៊ីហីកូ ហូសូដា ហៅ ហូសូដា។ តាម​គម្រោង អ្នក​ដឹកនាំ​បាន​គ្រោង​នូវ​សេណារីយ៉ូ ឲ្យ​តារា​ខ្មែរ​ប្រើ​ប្រាស់​ភាសា​ជប៉ុន​ផង​សម្រាប់​ទំនាក់ទំនង​ជាមួយ​តួ​ប្រុស​ជប៉ុន ដែល​អ្នក​នាង ថន ថាណែត ប្រាប់​ថា មាន​ការ​លំបាក​មួយ​ចំនួន​លើ​ការងារ​នេះ។ ប៉ុន្តែ​នាង​តាំង​ចិត្ត​ដូច​គ្នា​នឹង​អ្នក​ដឹកនាំ ថា​នឹង​ប្រឹង​ឲ្យ​អស់​លទ្ធភាព។

រូបថត៖សហការី

ក្រោយ​ពី​ធ្វើ​ពិធី​ក្រុង​ពាលី​ចេញ​ថត​ថ្មី​នេះ អ្នក​ដឹកនាំ មិន​ទាន់​បញ្ចេញ​កាល​បរិច្ឆេទ​សម្រាប់​ថ្ងៃ​ចាក់​បញ្ចាំង​នៅ​ឡើយ។ ប៉ុន្តែ​លោក​ថា ការ​ចាក់​បញ្ចាំង​អាច​មិន​ប្រញាប់​ពេក​ទេ ព្រោះ​ដូច​បញ្ជាក់​ពី​ខាង​លើ គឺ​លោក​ចង់​ប្រើ​ពេល​វេលា​ឲ្យ​សម​ស្រប​សម្រាប់​ការ​ផលិត​ដើម្បី​បាន​គុណភាព​ល្អ៕

អត្ថបទ៖ ទារិកា

មតិយោបល់