• 2021-10-01 07:52:02
  • ភាពយន្ត

តារាសម្ដែងល្បីឈ្មោះទសវត្ស៦០ លោក ម៉ក់ ហ៊ូ ធ្លាប់មានវិបត្ដិស្នេហា រហូតដល់បោះបង់ការសិក្សា

  • 2021-10-01 07:52:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នកដឹកនាំរឿង និងជាតារាសម្ដែងល្បីឈ្មោះម្នាក់នាទសវត្ស៦០ គឺលោក ម៉ក់ ហូ ត្រូវបានគេទម្លាយថា មុនប្រឡូកក្នុងវិស័យសិល្បៈរហូតដល់បានល្បីខ្ទរខ្ទា លោកគឺជាសិស្សអនុវិទ្យាព្រះស៊ីសុវត្ថិម្នាក់ដែលត្រៀមនឹងប្រឡងឌីប្លូមហើយ តែឈប់ទៅវិញដោយសារមានវិបត្ដិស្នេហា។

ត្បិតគេមិនដឹងថា គេមិនដឹងគូស្នេហ៍ ឬសង្សាររបស់អតីតតារាសម្ដែង និងជាអ្នកដឹកនាំរឿងល្បីឈ្មោះរូបនេះជានណា ប៉ុន្ដែយោងតាមការស្រាវជ្រាវមួយរបស់ចៅកម្ពុជា ដោយមានប្រភពបន្ថែមពីលោក Eav Pheng Sroy ឲ្យដឹងថា លោក ម៉ក់ ហ៊ូ បានចូលសិល្បៈដំបូងនៅចុងទសវត្សឆ្នាំ៥០ ក្រោយពេលដែលលោកបានបោះបង់ការសិក្សានៅសាលាស៊ីសុវត្ថិ មុនពេលប្រឡងឌីប្លូមដោយសារមានវិបត្តិស្នេហានាពេលនោះ។

ចៅកម្ពុជា បានរៀបរាប់ពីប្រវត្តិ នៃការចូលសិល្បៈទី៧ ផ្នែកភាពយន្ត ថា បន្ទាប់ពីជួបរឿងស្នេហាប្រែឆា លោក ម៉ក់ ហ៊ូ បានសុំបងស្រីរបស់ខ្លួនទៅរស់នៅជាមួយលោក នូ ហាច។ ខណៈពេលដែលលោក ទៅរស់នៅជាមួយលោក នូ ហាច លោកក៏បានបម្រើការងារនៅក្នុងភោជនីយដ្ឋានដ៏ទំនើបមួយនៅក្នុងក្រុងភ្នំពេញដែលមានឈ្មោះថា”ហាវ៉ៃ” រហូតបានជួបនឹងថៅកែផលិតកម្មម្នាក់។

ដោយមាននិស្ស័យ គេក៏នាំឱ្យលោកបានចូលរួមសម្ដែងនាចុងទសវត្ស៥០ តែម្ដងទៅ។ មុនពេលដែលលោកបានទៅរៀនផ្នែកភាពយន្តនាឆ្នាំ១៩៦២ នៅឯស្រុកបារាំង លោកម៉ក់ ហ៊ូ ក៏បានសម្ដែងជាតួឯកបាន៤ ទៅ៥ រឿងដែរ។ រឿងទាំងនោះ គឺមានដូចជារឿង “អារក្សទឹក” ជាដើម ដែលសម្ដែងជាតួឯកជាមួយរ៉ូហ្សាណារ៉ា។

អ្នកដឹកនាំរឿង និងតារាសម្ដែង ម៉ក់ ហ៊ូ ធ្លាប់សម្ដែងក្នុងរឿងដូចជា៖ រឿង អារក្សទឹក រឿង ក្បូនជីវិត រឿង បក្សីឋានសួគ៌ រឿង ម្កុដរាជកុមារ រឿង ពេលដែលត្រូវយំ រឿង ព្រះពាយផាត់។ ចំណែកស្នាដៃនិពន្ធ និងដឹកនាំរឿងវិញ គឺមានដូចជារឿង៖ ជ្រលងសេកមាស រឿង នាងល្វាចេក និងរឿង កន្លង់បាក់ស្លាប ជាដើម៕

ជិន សុភ័ក្ដ្រ

មតិយោបល់