• 2019-07-01 08:43:52
  • ភាពយន្ត

ដើរលេងក្នុងសុបិន្តជាមួយលោកមីយ៉ាហ្សាគី

  • 2019-07-01 08:43:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

  • អត្ថបទ៖ Vayo
  • សហការជាមួយ wapatoa.com

តើប្រាសាទហោះ ព្រះនាងចចក និងព្រលឹងនៃព្រៃឈើមានអ្វីដូចគ្នាទៅ?

ស្តាប់ទៅដូចខុសគ្នាខ្លាំងណាស់ តែតាមពិតទៅ ពួកវាសុទ្ធតែចេញមកពីគំនិតរបស់លោកហាយ៉ៅ មីយ៉ាហ្សាគី ដែលជាអ្នកបង្កើតគំនូរជីវចលដ៏ប៉ិនប្រសប់ម្នាក់ និងអ្នកនិទានរឿងដ៏មានថ្វីដៃមួយរូបផងដែរ។

គ្រប់ភាពយន្តដែលគាត់បានបង្កើត នឹងនាំទស្សនិកជនឆ្លងកាត់ដំណើររឿងខុសប្លែកពីគេ ដែលយើងមិនអាចរកបាននៅក្នុងភាពយន្តគំនូរជីវចលផ្សេងៗនោះទេ។

ហើយម៉្យាងវិញទៀត ដឹងអត់ថា មីយ៉ាហ្សាគីមិនដែលបានរៀនគូរនៅសាលាណាទេ។ គាត់រៀនគូរ និងបង្កើតគំនូរជីវចលដោយខ្លួនឯងទាំងអស់។ ណាមួយ គាត់ចូលចិត្តបង្កើតភាពយន្តដោយគូររូបមួយផ្ទាំងៗដោយផ្ទាល់ដៃ ជាជាងប្រើប្រាស់កុំព្យូទ័រដូចគេផ្សេងទៀតផង។

នៅទីនេះ យើងមានភាពយន្តដ៏ល្បីបីរឿងដែលអ្នកត្រូវតែមើល!

Howl’s Moving Castle (ប្រាសាទហោះរបស់ហោល)

ដំណើររឿង៖ ក្មេងកំព្រាអាយុ ១៨ ឆ្ម្នាក់នាំ ឈ្មោះ សូហ្វុី ត្រូវបណ្តាសារឲ្យក្លាយទៅជាយាយចាស់ម្នាក់។ ពេលដែលនាងកាន់តែអស់សង្ឃឹមទៅៗ នាងក៏បានប្រទះជួបជាមួយប្រាសាទចម្លែកមួយដែលមានជើងចេះដើរ។ តាមពិតទៅ ប្រាសាទម៉ាស៊ីនដ៏ចម្លែកនេះជាផ្ទះរបស់គ្រូមន្តអាគមក្មេង តែសម្បូរបញ្ហាម្នាក់ដែលមានឈ្មោះថា ហៅរូ។ សូហ្វុីជាមួយនឹងមិត្តភក្តិដែលវេទមន្តរបស់នាងក៏ចាប់ផ្តើមនាំគ្នារុករកប្រាសាទដ៏ធំនេះ ហើយក៏ប្រហែលនឹងអាចរកឃើញអាថ៍កំបាំងរបស់ ហៅរូផងដែរ។

ហេតុអីបានជាអ្នកគួរមើលរឿងនេះ? ក៏ដោយសារ សូហ្វុីបានក្លាយខ្លួនជាយាយចាស់ក៏ពិតមែន តែនាងមិនបោះបង់ជីវិតចោលឡើយ។ តាមពិត ពេលយើងចាស់ទៅៗ ពីមួយឆ្នាំទៅមួយឆ្នាំ មិនគួរធ្វើឲ្យយើងពិបាកចិត្តឡើយ។ ផ្ទុយទៅវិញ យើងគួរទទួលស្គាល់ផ្នែកធម្មជាតិមួយនេះនៃជីវិត ហើយបើកចិត្តឲ្យទូលាយជាមួយនឹងរឿងថ្មីៗដែលកើតឡើងជានិច្ច។

My Neighbor Totoro (តូតូរ៉ូ អ្នកជិតខាងខ្ញុំ)

ដំណើររឿង៖ ជារឿងមួយដូចក្នុងសុបិន្តយើងអញ្ចឹង ដោយសារវាយឺត ហើយពោរពេញដោយភាពស្ងប់ស្ងាត់។ យើងនឹងតាមដានជីវិតធម្មតាៗរបស់ សាត់ស៊ូគី និង ម៉ី ដែលរស់នៅជាមួយគ្រួសារពួកគេនៅក្នុងផ្ទះចាស់មួយដែលស្ថិតនៅស្រុកស្រែប្រទេសជប៉ុន។ នៅជិតផ្ទះរបស់ពួកគេ មានព្រៃមួយដែលពោរពេញទៅដោយព្រលឹង និងសត្វដែលមានមន្តអាគម ក៏ដូចជាតូតូរ៉ូផងដែរ។

ហេតុអីបានជាអ្នកគួរមើលរឿងនេះ? ដោយសារពេលខ្លះ ទាំងគេទាំងយើង ចង់តែឃ្លុំភួយ ហើយមើលរឿងដែលសប្បាយៗ តួរគួរឲ្យខ្នាញ់តែប៉ុណ្ណោះ។ យើងធានាថា គ្រប់តួក្នុងរឿងនេះសុទ្ធតែគួរឲ្យខ្នាញ់ស្រឡាញ់ទាំងអស់!នរណាគេក៏ស្រឡាញ់តូតូរ៉ូដែរ ឲ្យតែមើលរឿងនេះចប់!

Princess Mononoke (ព្រះនាងម៉ូណូណូគេ)

ដំណើររឿង៖ ក្រោយពេលដែលភូមិខ្លួនត្រូវបានបិសាចជ្រូកមួយលុកលុយ អាស្សុីតាកា បានចាកចេញពីផ្ទះដើម្បីទៅរកព្រះក្តាន់ ដោយសារមានតែទ្រង់ទេអាចមានសមត្ថភាពលួងលោមបិសាចនោះបាន។ នៅតាមផ្លូវនៅក្នុងព្រៃដែលសម្បូរដោយវេទមន្តនោះ គាត់បានប្រទះនឹងសង្គ្រាមរវាងមនុស្ស និងព្រះក្នុងព្រៃ។ មិនត្រឹមតែប៉ុណ្ណោះ គាត់ជួបជាមួយក្មេងស្រីម្នាក់ ដែលត្រូវបានសត្វចចកចិញ្ចឹមហើយព្យាយាមវាយសម្លាប់មនុស្សដែលប៉ុនប៉ងចង់កាប់ព្រៃ និងដេញព្រះចេញពីជម្រកព្រៃនោះ។ ក្មេងស្រីហ្នឹងហើយដែលជា ព្រះនាងម៉ូណូណូគេនេះឯង។

ហេតុអីបានជាអ្នកគួរមើលរឿងនេះហ៎? យើងគិតថា ពេលមើលរឿងនេះហើយ អ្នកនឹងឃើញថា ទោះជាតិចតួចប៉ុណ្ណា យើងម្នាក់ៗសុទ្ធតែអាចធ្វើរឿងអ្វីម៉្យាងដើម្បីឲ្យពិភពលោករបស់យើងក្លាយជាកន្លែងមួយដែលមានយុត្តិធម៌ជាងមុន។ ព្រះនាងម៉ូណូណូគេ កំពុងជួយព្រៃ និងព្រលឹងដែលនៅក្នុងនោះ។ ចុះអ្នកវិញ?

តោះក្លាយទៅជាចោរសមុទ្រទាំងអស់គ្នា ហើយមើលរឿងទាំងនេះ!

តែមុននឹងអ្នកទៅ នេះជារង្វាន់បន្ថែមសម្រាប់អ្នក៖

មិត្តរបស់យើង ស៊ូ សុខហេង ដែលជាសិល្បករវ័យក្មេងមួយរូប ក៏ចូលចិត្តរឿងទាំងនេះដែរ។ នេះជាស្នាដៃមួយរបស់គាត់ ដែលបានគំនិតមកពីរឿងព្រះនាងម៉ូណូណូគេ។

អត្ថបទនេះ គឺមកពីវ៉ិបសាយវប្បធម៌ Wapatoa.com ជាវិបសាយ​ផ្តោត​លើ​ចំណេះ​ដឹង​ចិត្ត​វិទ្យា សិល្បៈ និងការ​អភិវឌ្ឍ​ខ្លួន

បើចង់អានអត្ថបទល្អៗដូចនេះទៀត សូមចូលទៅកាន់៖ wapatoa.com

អត្ថបទ៖ Vayo

មតិយោបល់