• 2020-03-10 02:51:00
  • ជីវិតតារា

ដើម្បី​សិល្បៈ លោក សុខ សុធន់ សុខចិត្ត​លះបង់​វត្ថុ​ម្យ៉ាង​ដែល​លោកត្រូវការ​បំផុត!

  • 2020-03-10 02:51:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជា​អ្នក​ដឹកនាំ​ថត និង​ជា​តារា​សម្ដែង​ជំនាន់​ថ្មី តែ​មាន​វ័យ​ចំណាស់ លោក សុខ សុធន់ បាន​ប្រាប់​ថា កំពុង​ព្យាយាម​កាត់​បន្ថយ​ការ​ទម្លាប់​ម្យ៉ាង​ដែល​លោក​បាន​ធ្វើ​វា​តាំង​ពី​អាយុ ១២​ឆ្នាំ​មក នោះ​គឺ​ "បារី"។

ទម្លាប់​អំពី​ការ​ជក់​បារី លោក សុខ សុធន់ ប្រាប់​ថា លោក​ធ្លាប់​ជក់​អស់​១​កញ្ចប់ ឬ​២៤​ដើម​ក្នុង​១​ថ្ងៃ ប៉ុន្តែ​បច្ចុប្បន្ន​លោក​កាត់​បន្ថយ​មក​នៅ​ត្រឹម​បី​ថ្ងៃ​មួយ​កញ្ចប់ប៉ុណ្ណោះ ហើយ​លោក​គ្រោង​នឹង​ផ្ដាច់​ទាំង​ស្រុង​ឲ្យបាន​នៅ​ចុង​ឆ្នាំ​នេះ។

លោក សុខ សុធន់ ដែល​ទស្សនិកជន​ស្គាល់​តាម​រយៈ​រឿង​អប់រំ​ខ្លីៗ និង​ជា​តារា​សម្ដែង​មុខស្ងួត​នៅ​ក្នុង​ខ្សែភាពយន្ត​ជាច្រើន​ទៀត បាន​ប្រាប់​Sabay ថា រូប​លោក​តែងតែ​ពិនិត្យ​សុខភាព​នៅ​រៀងរាល់​បី​ខែ​ម្ដង ឃើញ​ថា​សុខភាព​លោក​នៅ​ល្អ​នៅ​ឡើយ​ តែ​គ្រូពេទ្យ​បាន​ណែនាំ​ឲ្យ​ផ្ដាច់​បារី ព្រោះ​វា​ប្រឈម​ខ្លាំង​ចំពោះ​សុខភាព​លោក​ដែល​វ័យ​ចាស់ ​តែ​លោក​មិន​ទាន់​អនុវត្ដ​បានទាំង​ស្រុង​នៅ​ឡើយ។

លោក សុខ សុធន់៖ "កូន​ៗ​ស្ដី​ឲ្យ​អ៊ុំ​ច្រើន​ដែរ...អីចឹង​បាន​អ៊ុំ​ថា​យ៉ាង​យូរ​នៅ​ឆ្នាំ​ក្រោយ​ផ្ដាច់​មែនទែន​ហើយ​ទោះ​ដោយ​វិធី​ណា​ក៏​ដោយ ព្រោះ​អ៊ុំ​ចង់​នៅ​មាន​ឱកាស​ច្រើន​ទៀត​បម្រើ​វិស័យ​សិល្បៈ ជា​ពិសេស​ថត​រឿង​អប់រំ​ខ្លី​ដែល​អ៊ុំ​ធ្លាប់​ធ្វើ​ហ្នឹង​បន្ដ​ទៀត"។

ចំពោះ​គ្រឿង​ស្រវឹង​គ្រប់​ប្រភេទ​លោក សុខ សុធន់ មិន​សូវ​ទទួល​ទាន​ទេ លើក​លែង​តែ បារី ដែល​​លោក​មិន​អាច​ខ្វះ​បាន​ឡើយ ព្រោះ​តែ​លោក​ចេះ​ជក់​បារី​តាំង​ពី​អាយុ​១២​ឆ្នាំ គ្រា​ដែល​លោក​រស់នៅ​ជា​ក្មេង​វត្ត​ម្ល៉េះ ហើយ​រហូត​មក​ដល់​ពេល​នេះ​ ទោះ​មាន​វ័យ​៦០​ឆ្នាំ​ហើយ​នោះ ក៏​នៅ​តែ​មិន​ទាន់​អាច​ផ្ដាច់​បាន​ទាំង​ស្រុង​នៅ​ឡើយ៕

អត្ថបទ៖ ជិន សុភ័ក្រ្ត

មតិយោបល់