• 2020-10-12 07:51:12
  • ភាពយន្ត

បែក​គ្នា​៤​ឆ្នាំ ស៊ីន យូប៊ីន និង​ក្រិច ណាខុន ទើប​ចាប់ដៃ​គ្នា​ថត​រឿង​ភាគ​មួយ

  • 2020-10-12 07:51:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង​ស្រី​វ័យក្មេង ស៊ីន យូប៊ីន បាន​ចាប់​យក​ឱកាស​ជា​តួ​អង្គ​ឯក​កាច​ឆ្នាសឆ្នើម ដើម្បី​សម្ដែង​ជាមួយ​តួ​អង្គ​ប្រុស​លោក ក្រិច ណា​ខុន ដែល​ធ្លាប់​ដើរ​ជា​តួអង្គ​ឯក​ជាមួយ​គ្នា​ម្ដង​ដែរ​ក្នុង​រឿង​មួយ​កាល​ពី​៤​ឆ្នាំ​មុន។ អ្នក​ទាំង​ពីរ នឹង​ប៉ះ​គ្នា​ជា​លើក​ទី២ ក្នុង​រឿង​ភាគ​របស់​ស្ថានីយ​ទូរទស្សន៍ ភី អិន អិន ក្រោម​ចំណង​ជើង​ថា"ព្រហ្ម​លិខិត​លំអៀង"។

កញ្ញា ស៊ីន យូប៊ីន និយាយ​ថា រូប​នាង​ត្រេកអរ និង​អគុណ​ដល់​ភី អិន អិន ព្រម​ទាំង​ផលិតកម្មPR ដែល​បាន​ផ្ដល់​ឱកាស​ឲ្យ​នាង​បាន​ភ្លក់​ស្ទើរ​គ្រប់​រសជាតិ នៃ​ការ​សម្ដែង ព្រោះ​នាង​មិន​ធ្លាប់​បាន​ដើរ​ជា​តួ​អង្គ​ឯក​កាច​​ឡើយ ក្រៅ​តែ​ពី​ដើរ​ជា​តួ​អង្គ​កម្សត់ ឬ​ស្រគត់ស្រគំ​ក្នុង​ចំណោម​រឿង​ភាគ​សរុប​ជាង​១០ ចាប់​តាំង​ពី​នាង​ប្រឡូក​ក្នុង​សិល្បៈ​មក។

ស៊ីន យូប៊ីន៖"គ្រាន់តែលឺចំណងជើង ហើយដើរតួកាចទៀតហ្នឹងក៏ដឹងថាលំបាក ហើយខ្ញុំធ្វើជាកូនភ្លោះទៀត តែខ្ញុំពេញចិត្ដនឹងសម្ដែង ដើម្បីបំពេញឲ្យបានគ្រប់រសជាតិ។ នៅតែដើរតួឆ្កួតមួយទៀតទេ អស់ហើយ"។

អ្នកស្រី ព្រំ រដ្ឋា ដែល​ជា​ម្ចាស់​ផលិតកម្ម PR និង​ជា​អ្នក​ដឹកនាំ​សម្ដែង​ដោយ​ផ្ទាល់ ឲ្យដឹងថា​ រឿង​"ព្រហ្ម​លិខិត​លំអៀង" គឺ​ចង់​បង្ហាញ​ពី​រសជាតិ​ជីវិត​ទៅ​តាម​កម្មផល និង​បុណ្យ​វាសនា​របស់​មនុស្ស​ម្នាក់​ៗ​ដែល​ជា​សម្ពាយ​ពី​ជាតិ​មុន។ ជាក់​ស្ដែង​តួ​អង្គ​ស្រី​ដែល​ជា​កូន​ភ្លោះ ថ្វី​ត្បិត​តែ​កើត​មក​ក្នុង​តំណក់​ឈាម​តែ​មួយ ប៉ុន្តែ​បែរ​ជា​មាន​វាសនា​ខុស​គ្នា​ទៅ​វិញ។ រឿង​នេះ មាន​៤០​ភាគ ដែល​ត្រូវ​ចំណាយ​ពេល​ថត​ពី​៤​ខែ ទៅ​៤​ខែ​កន្លះ ដោយ​ចាប់​ផ្ដើម​ថត​ពី​សប្ដាហ៍​ក្រោយ​ទៅ។

កាលពី​ព្រឹក​ថ្ងៃទី១២ ខែ​តុលា ឆ្នាំ២០២០ ស្ថានីយ​ទូរទស្សន៍ ភី អិន អិន បាន​ប្រារព្ធ​ពិធី​ក្រុងពាលី​ថត​រឿង​ភាគ​ថ្មី​មួយ​ទៀត​គឺ​រឿង"​ព្រហ្ម​លិខិត​លំអៀង"។ ទាំង​តំណាង​ពី​ខាង​ទូរទស្សន៍ និង​ផលិតកម្ម បានបញ្ជាក់​ថា រឿង​នេះ​​ឆ្លុះ​បញ្ចាំង​ពី​សង្គម​ពិត ហើយ​បង្កប់​នូវ​សារ​អប់រំ​ជា​ច្រើន ដែល​រឿង​ភាគ​ដ៏​សម្រិតសម្រាំង​មួយ​នេះ នឹង​ត្រូវ​ចាក់​បញ្ចាំង​នៅ​ពាក់​កណ្ដាល​ឆ្នាំ​២០២១ ខាង​មុខ៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ

មតិយោបល់