- 2018-01-25 04:31:02
- ភាពយន្ត
ប្រធានសមាគមភាពយន្តទទូចសុំឲ្យមានការលើកលែងពន្ធលើកុនខ្មែរ
- 2018-01-25 04:31:02
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រធានសមាគមភាពយន្តទទូចសុំឲ្យមានការលើកលែងពន្ធលើកុនខ្មែរ
ចន្លោះមិនឃើញ
លោក ឆាយ បូរ៉ា ប្រធានសមាគមភាពយន្តខ្មែរ ទទូចសុំឲ្យមានការអនុគ្រោះពន្ធដល់ផលិតករខ្មែរ ដើម្បីឲ្យវិស័យភាពយន្តកាន់តែមានល្អប្រសើរ។ សំណើនេះលោក ឆាយ បូរ៉ា ស្នើសុំម្តងទៀត ស្របពេលដែលសម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ប្រកាសលើកលែងពន្ធបន្ថែមលើការនាំចូលភាពយន្តបរទេស មកចាក់ផ្សាយតាមស្ថានីយទូរទស្សន៍ថ្មីៗនេះ។
ដូចសព្វមួយដងប្រធានសមាគមភាពយន្តកម្ពុជា លោក ឆាយ បូរ៉ា នៅតែបន្តស្នើសុំឲ្យសម្ដេច ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងពាក់ព័ន្ធឲ្យជួយអនុគ្រោះទៅលើការបង់ពន្ធក្នុងវិស័យភាពយន្តខ្មែរ ដោយលើកលែងពន្ធពី១០ ទៅ១៥ ឆ្នាំចាំបង់ពន្ធ ធ្វើយ៉ាងណារង់ចាំឲ្យវិស័យនេះដើរទៅមុខបានល្អជាងនេះបន្តិចសិន។
លោកបានប្រាប់ថា លោកក៏ចង់ឲ្យសម្ដេចជួយអនុគ្រោះចំពោះពន្ធផលិតករក្នុងស្រុកផងដែរ។ ទន្ទឹមនឹងការត្រេកអរចំពោះការរក្សាម៉ោងមាសចាក់ផ្សាយភាពយន្តខ្មែរ លោកក៏បារម្ភថាខ្សែភាពយន្តបរទេសនឹងវាយលុកទីផ្សារខ្មែរកាន់តែខ្លាំង ដែលធ្វើឲ្យភាពយន្តខ្មែរកាន់តែពិបាកក្នុងការប្រកួតប្រជែងផ្នត់គំនិតទស្សនិកជនខ្មែរដែលតែងសរសើរភាពយន្តបរទេសស្រាប់។
«ពលរដ្ឋយើងគាត់តែងតែថា ភាពយន្តខ្មែរមិនសូវល្អមើល ចាញ់បរទេស ខ្ញុំចង់ឲ្យសម្ដេចលោកជួយចំពោះបញ្ហាពន្ធផង ព្រោះពេលពន្ធត្រូវបានកាត់បន្ថយ នោះផលិតករនឹងទទួលបានចំណេញសមរម្យ ដែលអាចពង្រឹងកាន់តែខ្លាំងលើការផលិត»។ ប្រធានសមាគមភាពយន្តខ្មែរ រៀបរាប់។
ក្នុងជំនួបនាយករដ្ឋមន្រ្តី និងអ្នកសារពត៌មានលើកទី២នេះ សមាគមន៍ទូរទស្សន៍ជាតិកម្ពុជា បានស្នើសុំការលើកលែងពន្ធបន្ថែមនេះ រហូតដល់៥ឆ្នាំ ដោយមើលឃើញថា ការដែលបន្ថែមពន្ធលើភាពយន្តភាគបរទេសរហូតដល់ ៤០ម៉ឺនរៀលក្នុង១ភាគទៀត បង្កើនហានិភ័យ ត្បិតចំណូលពីការផ្សព្វផ្សាយនៅមានកម្រិត ហើយភាពយន្តខ្មែរសម្រាប់ចាក់ផ្សាយ ក៏នៅមានកម្រិតដូចគ្នា។
ការពន្យារពេលបន្ថែមពន្ធនេះ ក៏ជួយធ្វើឱ្យស្ថានីយមានឱកាសគ្រប់គ្រាន់ដើម្បីពង្រឹងសេដ្ឋកិច្ចរបស់ខ្លួន និងជួយដល់ការបង្កើតវណ្ណកម្មភាពយន្តបន្ថែមទៀត ក្នុងន័យផលិតភាពយន្តភាគដែលមានគុណភាព សម្រាប់ចាក់ផ្សាយលើកញ្ចក់ទូរទស្សន៍។ តែទោះជាយ៉ាងណា សម្តេចនាយករដ្ឋមន្រ្តី ក៏បានរម្លឹកឡើងវិញថា ស្ថានីយទូរទស្សន៍ទាំងអស់ត្រូវគោរពតាមការរៀបចំចាក់ផ្សាយ ដោយលៃយ៉ាងណាឱ្យភាពយន្តខ្មែរបានចាក់ផ្សាយក្នុងម៉ោងពិសេស និងជៀសវាងការផ្សព្វផ្សាយគ្រឿងស្រវឹងក្នុងម៉ោងដែលបានហាមប្រាម។
បន្ទាប់ពីផ្តល់អនុសាសន៍ដើម្បីផ្សព្វផ្សាយព័ត៌មានឱ្យទទួលបានប្រសិទ្ធភាព សម្តេចនាយករដ្ឋមន្រ្តី ក៏លើកឡើងពីការផ្សព្វផ្សាយព័ត៌មានអំពីតារា ដែលមានអ្នកធំៗជាច្រើនតាមស្នេហ៍ ឱ្យបញ្ចេញឈ្មោះអ្នកធំៗ ឬឧកញ៉ាទាំងនោះឱ្យច្បាស់តែម្តង ដើម្បីកុំឱ្យមានការភាន់ច្រឡំ សង្ស័យលើបុគ្គលត្រឹមត្រូវ ពិសេសធ្វើឱ្យប៉ះពាល់កិត្តិយសរបស់មន្រ្តី អ្នកមុខអ្នកងារ ដែលមានគុណសម្បត្តិជូនរដ្ឋ ហើយសម្តេចក៏ស្នើឱ្យស្ថាប័នព័ត៌មាន ឈប់ផ្សព្វផ្សាយព័ត៌មានបែបចោទប្រកាន់បែបនេះ ព្រោះវាជារឿងបុគ្គល និងមិនច្បាស់លាស់ ខ្វះក្រមសីលធម៌៕