• 2018-10-24 02:53:29
  • ជីវិតតារា

ជីវិតមិន​សូវ​បើក​ចំហ! ​តែបើដឹង បានភ្ញាក់ថា​ Emma Watson ​ប្ដូរ​សង្សារ​ច្រើន​មិន​ចាញ់ Taylor ទេ

  • 2018-10-24 02:53:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​នាម​ជា​តារា​សម្ដែង​វ័យ​ក្មេង​ដ៏​ល្បី​ល្បាញ​មួយ​រូប​ក៏​ពិត​មែន​ ប៉ុន្តែ Emma Watson មិន​សូវ​​ជា​ត្រូវ​បាន​ក្រុម​អ្នក​កាសែត​ចាប់​អារម្មណ៍​លើ​រូប​នាង​ប៉ុន្មាន​នោះ​ទេ ខណៈ​នាង​រស់​នៅ​ជីវិត​បែប​សាមញ្ញ​ស្ងប់ស្ងាត់។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ដោយ​សារ​នាង​ជា​តារា​ស្រី​ដ៏​ល្បី​មួយ​រូប​ដែរ​នោះ រឿង​រ៉ាវ​ទំនាក់ទំនង​ស្នេហា​ជាមួយ​មិត្ត​ប្រុស​ គឺ​នៅ​តែ​មិន​អាច​លាក់​បាំង​ផុត​ពី​កញ្ចក់​កាមេរ៉ា​អ្នក​តាម​ប្រមាញ់​រូប។ បើ​ត្រឡប់​ទៅ​ជីវិត​តារា​សម្ដែង​ស្រី​សញ្ជាតិ​អង់គ្លេស​រូប​នេះ​ពី​មុន​វិញ អាច​និយាយ​បាន​ថា នាង​ធ្លាប់​មាន​មិត្ត​ប្រុស​ជា​ច្រើន មិន​ចាញ់​តារា​ចម្រៀង Taylor Swift ឡើយ។

១. Tom Ducker

ក្នុង​ឆ្នាំ ២០០៦ ក្នុង​វ័យ ១៦ ឆ្នាំ តារា​សម្ដែង Emma Watson បាន​បង្ហាញ​ទំនាក់ទំនង​ស្នេហា​របស់​នាង​ជា​សាធារណៈ​ជាមួយ​កីឡាករ​លេង​បាល់​ឱប Tom Ducker។ ពួកគេ​ទាក់ទង​គ្នា​បាន​រយៈពេល ១ ឆ្នាំ ក្រោយ​មក Emma បាន​សម្រេច​ចិត្ត​ចែក​ផ្លូវការ ដោយ​សារ​តែ​ចង់​​ផ្ដោត​លើ​ការ​សិក្សា​វិញ។

២. Angus Willoughby

មិត្ត​ប្រុស​បន្ទាប់​របស់​នាង គឺ​ជា​សិស្ស​ផ្នែក​ល្ខោន​សញ្ជាតិ​អូស្ត្រាលី​ម្នាក់។ ពួកគេ​បាន​ទាក់ទង​គ្នា​ក្នុង​ឆ្នាំ ២០០៧ នៅ​ពេល​ជួប​គ្នា​នៅ​សាលា Royal Academy of Dramatic Art London។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ទំនាក់ទំនង​របស់​ពួកគេ​បាន​បញ្ចប់​ទៅ​យ៉ាង​ណា​នោះ គ្មាន​នរណា​បាន​ដឹង​ឡើយ។

៣. Francis Boulle

Francis ​ត្រូវ​បាន​ស្គាល់​ថា ជា​កូន​អ្នក​មាន​ដ៏​ល្បីល្បាញ​មួយ​រូប​ក្នុង​ប្រទេស​អង់គ្លេស។ Emma បាន​ចាប់​ផ្ដើម​ទាក់ទង​ជាមួយ Francis នៅ​​កម្មវិធី​ជប់លៀង Cartier ក្នុង​រដូវ​ក្ដៅ​នៅ​ឆ្នាំ ២០០៨។

៤. Jay Barrymore

នៅ​ចន្លោះ​ឆ្នាំ ២០០៨ ទៅ ២០០៩ តារា​សម្ដែង Emma Watson មាន​ទំនាក់ទំនង​ស្នេហា​សា​ជា​ថ្មី ជាមួយ​អ្នក​ជំនាញ​ផ្នែក​ហិរញ្ញវត្ថុ​សញ្ជាតិ​អង់គ្លេស​ Jay Barrymore។ លោក Jay មាន​វ័យ​បង​តារា​សម្ដែង Emma រហូត​ដល់​ទៅ ៧ ឆ្នាំ ប៉ុន្តែ​គម្លាត​អាយុ​នេះ មិន​មែន​ជា​មូលហេតុ​ដែល​ពួកគេ​សម្រេច​ចិត្ត​ចែក​ផ្លូវ​គ្នា​ឡើយ។ ពួកគេ​បាន​ចែក​ផ្លូវ​គ្នា ដោយ​សារ​តែ​ពួកគេ​នៅ​តំបន់​ឆ្ងាយ​ពី​គ្នា​ពេក។

៥. Rafael Cebrián

មិត្ត​ប្រុស​បន្ទាប់​របស់​នាង គឺ​ជា​តន្ត្រីករ​សញ្ជាតិ​អេស្ប៉ាញ​ Rafael Cebrián ដែល​បាន​ចូល​រៀន​សាលា Brown College ជាមួយ​នាង។ គូ​ស្នេហ៍​មួយ​គូ​នេះ បាន​ជួប​​គ្នា​ក្នុង​ការ​ប្រកួត​​កីឡា Hockey ក្នុង​ទីក្រុង​ញូវយ៉ក នៅ​ខែ​វិច្ឆិកា ឆ្នាំ ២០០៩។ ពួកគេ​បាន​ចែក​ផ្លូវ​គ្នា ក្រោយ​ទាក់ទង​គ្នា​បាន​ត្រឹម ៦ ខែ។

៦. George Craig

ក្នុង​ឆ្នាំ ២០១០ Emma Watson បាន​ជួប​តារា​ម៉ូដែល George Craig ខណៈ​ពេល​នាង​កំពុង​ថត​យុទ្ធនាការ​មួយ។ នៅ​ខែ​មិថុនា ក្នុង​ឆ្នាំ​ដដែល ពួកគេ​បាន​ចូលរួម​កម្មវិធី​បុណ្យ Glastonbury Festival ជាមួយ​គ្នា។ ទាក់ទង​គ្នា មិន​បាន​ប៉ុន្មាន​ខែ​ផង ពួកគេ​ក៏​សម្រេច​ចិត្ត​ចែក​ផ្លូវ​គ្នា។

៧. Johnny Simmons

Emma និង Johnny បាន​ចាប់​ផ្ដើម​ទាក់ទង​គ្នា​​នៅ​រដូវ​ក្ដៅ​ក្នុង​ឆ្នាំ ២០១១។ ប៉ុន្មាន​ខែ​ក្រោយ​មក ពួកគេ​បាន​បែក​បាក់​គ្នា ដោយ​សារ​តែ Johnny មិន​ចង់​ផ្លាស់​ទី​ទៅ​រស់​នៅ​ប្រទេស​អង់គ្លេស។

៨. Will Adamowicz

Emma និង Will បាន​ជួប​គ្នា ខណៈ​ពួកគេ​រៀន​ក្នុងមហាវិទ្យាល័យ Oxford ជាមួយ​គ្នា​​ក្នុង​ឆ្នាំ ២០១១។ បើ​ទោះ​ជា​ទំនាក់ទំនង​របស់​ពួកគេ មិន​ដឹង​ចាប់​ផ្ដើម​តាំង​ពី​ពេល​ណា​ក៏​ដោយ ប៉ុន្តែ​គូ​ស្នេហ៍​មួយ​គូ​នេះ ត្រូវ​គេប្រទះ​ឃើញ​បាន​ឱប​ថើប​គ្នា​ក្នុង​កម្មវិធី Coachella នៅ​ខែ​មេសា ឆ្នាំ ២០១២។ ២ ឆ្នាំ​ក្រោយ ពួកគេ​ក៏​បាន​សម្រេច​ចិត្ត​ចែក​ផ្លូវ​គ្នា។

៩. Matthew Janney

Emma ត្រូវ​បាន​ប្រទះ​ឃើញ​ទាក់ទង​គ្នា​ជាមួយ​និស្សិត Oxford មួយ​រូប​ទៀត ក្នុង​ខែ​មករា ឆ្នាំ ២០១៤ នៅ​ពេល​ពួកគេ​កំពុង​អង្គុយ​ឱប​គ្នា អំឡុង​ពេល​ធ្វើ​ដំណើរ​កម្សាន្ត​​នៅ​កោះ Caribbean។ ស្នេហា​របស់​ពួកគេ​ត្រូវ​បាន​បញ្ចប់ ក្រោយ​ទាក់ទង​គ្នា​បាន​ត្រឹម ១០ ខែ។

១០. William “Mack” Knight

តារា​សម្ដែង Emma Watson បាន​ទាក់ទង​គ្នា​​ស្ងាត់​ៗ​ជាមួយ​សហគ្រិន​បច្ចេកវិទ្យា Silicon Valley លោក William “Mack” Knight អស់​រយៈពេល​ជិត ២ ឆ្នាំ។ ទំនាក់ទំនង​របស់​ពួកគេ​បាន​ចាប់​ផ្ដើម​ឡើង អំឡុង​ឆ្នាំ ២០១៥។

១១. Chord Overstreet

ក្នុង​ខែ​កុម្ភៈ ឆ្នាំ ២០១៨​ នេះ Emma ត្រូវ​បាន​ប្រទះ​ឃើញ​ទាក់ទង​គ្នា​ជាមួយ​តារា​សម្ដែង Chord Overstreet។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ក្នុង​ខែ​ឧសភា ព័ត៌មាន​​ថា​ពួកគេ​បាន​ចែក​ផ្លូវ​គ្នា​ក៏​បាន​ផ្ទុះ​ឡើង។ មួយ​ខែ​ក្រោយ ពួកគេ​នៅ​តែ​ប្រទះ​ឃើញ​ឈរ​ថើប​គ្នា​នៅ​តាម​ដង​ផ្លូវ ប៉ុន្តែ​ទំនាក់ទំនង​មួយ​នេះ នៅ​តែ​មិន​អាច​បន្ត​បាន​យូរ​ដដែល។

១២. Brendan Wallace

បច្ចុប្បន្ន​នេះ តារា​សម្ដែង Emma Watson កំពុង​ទាក់ទង​គ្នា​ជាមួយ​នាយក​ប្រតិបត្តិ​ដ៏​ស្រស់​សង្ហា​មួយ​រូប​ឈ្មោះ Brendan Wallace។ គូ​ស្នេហ៍​មួយ​គូ​នេះ ត្រូវ​បាន​ប្រទះ​ឃើញ​ថើប​គ្នា កាល​ពី​ប៉ុន្មាន​សប្ដាហ៍​កន្លង​ទៅ​នេះ​ទេ៕ ​

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ អន សុភក្ត្រា

មតិយោបល់