ណុប បាយ៉ារិទ្ធ ចេះ Design តាំងពីអាយុ ១៦ – ១៧ ឆ្នាំមុនចូល....?
តារាចម្រៀងសំឡេងស្រទន់ និង ជា Judge ម្នាក់ក្នុងចំណោមបួននាក់ ក្នុងកម្មវិធី Cambodian Idol ណុប បាយ៉ារិទ្ធ បានឲ្យដឹងថាលោកចេះច្នៃម៉ូដសំលៀកបំពាក់នេះតាំងពីអាយុ ១៦-១៧ ឆ្នាំមុនចូលសិល្បៈម្ល៉េះ។
“ខ្ញុំមិនធ្លាប់បានរៀននៅសាលាអីនោះទេ តែកើតចេញពីស្រមើស្រមៃរបស់ខ្ញុំផ្ទាល់ ព្រោះតែបែបនេះហើយទើបសំលៀកបំពាក់របស់ខ្ញុំមានភាពស្អាតប្លែកពីគេ។ ដោយសារតែម៉ូដខោអាវកើតចេញពីការស្រមើស្រមៃបូកជាមួយការមើលឃើញរបស់ខ្ញុំផ្ទាល់បន្ថែមទៀត”។
តារាចម្រៀងទទួលបានងារបុរសស្បែកស្អាតរូបនេះ គឺជា ម្ចាស់សម្អាងការល្បីឈ្មោះគួរសមមួយកន្លែងនៅក្នុងរាជធានីភ្នំពេញនេះ។ មិនត្រឹមតែប៉ុណ្ណោះ លោកជាអ្នកច្នៃម៉ូដផ្ទាល់សម្រាប់សម្អាងថែមទៀតផង។ "បាទ ខ្ញុំគឺជាអ្នក Design ផ្ទាល់តែម្ដង ហើយខ្ញុំក៏ច្នៃម៉ូដខោអាវផ្សេងៗទៀតសម្រាប់ខ្លួនឯងសម្រាប់ទៅចូលរួមកម្មវិធី ឬថតជា MV ដទៃទៀតដែរ”។
ចំពោះសំណួរថា តើរាល់សំលៀកបំពាក់ដែលលោកស្លៀក គឺសុទ្ធតែត្រូវបានច្នៃដោយខ្លួនឯងឬ? បាយ៉ារិទ្ធ បានឆ្លើយបដិសេធថា "អត់ទេអូន! ខោអាវបងស្លៀកទាំងអស់មាន ៥០ ភាគរយគឺបងបានទិញពីហាងគេដែរ ហើយ ៥០ ភាគរយទៀតគឺបងច្នៃខ្លួនឯង។ មូលហេតុដែលធ្វើឲ្យខ្ញុំមិនស្លៀកខោអាវដែលច្នៃដោយខ្លួនឯងបានទាំងអស់ ព្រោះរវល់ខ្លាំងពេកគ្មានគ្រប់គ្រាន់ធ្វើសម្រាប់ខ្លួនឯង”។
គណៈកម្មការ Cambodian Idol ខាងលើបានឲ្យដឹងទៀតថាការច្នៃម៉ូដខោអាវនេះ លោកចេះដោយខ្លួនឯងតាំងពីមានមុនចូលសិល្បៈ ហើយសំលៀកបំពាក់ក្នុងសម្អាងការគឺលោកបានរួមបញ្ចូលគ្នានូវគំនិត និងការមើលឃើញផ្កា ឬអ្វីម្យ៉ាងថ្មី ប្លែក ដែលអាចបញ្ចូលគ្នាជាក្បាច់ថ្មីមួយទៀតបាន៕
អត្ថបទ៖ ទ្រី រ៉ាវី