• 2018-09-20 03:25:00
  • ភាពយន្ត

ឆ្ងល់​អត់​ ហេតុអ្វី​បាន​ជា​ Captain Marvel ដាល់​យាយ​ចាស់​មួយ​ដៃ​កណ្ដាល​មុខ (វិភាគ​ Trailer)

  • 2018-09-20 03:25:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Captain Marvel គឺ​ជា​តួអង្គ​ដ៏​សំខាន់​មួយ​រូប​នៅ​ក្នុង​​ពិភព​​ Superhero របស់​ផលិតកម្ម Marvel។ ម្សិល​មិញ​​នេះ Disney ទើប​តែ​បញ្ចេញ​ Trailer រយៈ​ពេល​ជិត​២​នាទី​ ដែល​បង្ហាញ​ពី​ចំណុច​សំខាន់ៗ​ខ្លះ​នៅ​ក្នុង​សាច់​រឿង​ដែល​អ្នក​គាំទ្រ​ជា​ច្រើន​បាន​រំពឹង​ទុក។

១. ភាពយន្ត​ "Captain Marvel” និយាយ​ពី​ហេតុ​ការណ៍​មុន​ "Avengers: Infinity War”

តួអង្គ Captain Marvel នឹង​ដើរ​តួ​ដ៏​សំខាន់​មួយ​​នៅ​ក្នុង​រឿង​​ "Avengers 4” នេះ​ដោយ​សារ​តែ​នៅ​ចុង​បញ្ចប់​នៃ​សាច់​រឿង "Infinity War” យើង​បាន​​ដឹង​ថា​ Nick Fury បាន​បញ្ជូន​ដំណឹង​ទៅ​កាន់ Captain Marvel ដើម្បី​ឲ្យ​មក​ជួយ​ផែន​ដី​ ក្រោយ​រង​គ្រោះ​ដោយ​សារ​ Thanos។

យ៉ាង​ណា​មិញ​ភាពយន្ត​នេះ នឹង​និយាយ​ពី​ហេតុការណ៍​កើត​ឡើង​នៅ​ទសវត្ស​ទី​៩០ ដើម្បី​បង្ហាញ​ថា​តើ​​ហេតុ​អ្វី​ Carol Danvers និង Fury ស្គាល់​គ្នា​​នឹង​ពន្យល់​ថា​តើ​ហេតុ​អ្វី​បាន​ជា​នាង​មិន​នៅ​ផែន​ដី​ បន្ទាប់​ពី​ភាពយន្ត​នេះ​បាន​បញ្ចប់។

២. Nick Fury មាន​ភ្នែក​ទាំង​សងខាង​កាល​ពី​នៅ​វ័យ​ក្មេង

តារា​សម្ដែង Samuel L. Jackson បាន​បង្ហាញ​ជា​តួអង្គ​មាន​វ័យ​ក្មេង​បន្ទាប់​ត្រូវ​បាន​កែច្នៃ​ដោយ​បច្ចេកទេស​កំព្យូទ័រ​ CGI។​ នេះ​មិន​មែន​ជា​លើក​ទី​១​នោះ​ទេ ដែល​ Marvel ប្រើ​វិធីសាស្ត្រ​នេះ​ ព្រោះ​តារា​សម្ដែង Kurt Russell ឬ Robert Downey Jr. ក៏​ធ្លាប់​ត្រូវ​សម្ដែង​ជា​តួអង្គ​របៀប​នេះ​ដូច​គ្នា​ នៅ​ក្នុង​ភាពយន្ត​មុនៗ។ អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​បំផុត​នោះ​គឺ​ Nick នៅ​មាន​ភ្នែក​ទាំង​សង​ខាង ដូច្នេះ​ភាពយន្ត​នេះ​អាច​បង្ហាញ​ពី​មូលហេតុ​ថា​តើ​ ហេតុ​អ្វី​លោក​បាត់​បង់​ភ្នែក​ម្ខាង។

៣. តួអង្គ Ronan The Accuser នឹង​ត្រលប់​មក​វិញ

Ronan បាន​បង្ហាញ​ខ្លួន​ម្ដង​រួច​ទៅ​ហើយ​ក្នុង​រឿង "Guardians of the Galaxy” នេះ​ដោយ​សារ​តែ​ភាពយន្ត "Captain Marvel” ផ្ដោត​សំខាន់​ទៅ​លើ​បណ្ដា​ជាតិ​សាសន៍​ Kree ហើយ​វា​មាន​ទំនាក់ទំនង​ខ្លាំង​ជាមួយ Ronan។

៤. កង​ទ័ព​ Kree នឹង​ដើរ​តួ​សំខាន់​នៅ​ក្នុង​រឿង

Captain Marvel មាន​ទំនាក់​ទំនង​ជា​ច្រើន​​ ជាមួយ​នឹង​បណ្ដា​ពួក​ Kree ដែល​ជា​ទ័ព​ដ៏​ខ្លាំង​មួយ​ប្រចាំ​កាឡាក់ស៊ី​​ របស់ Marvel Universe។ គូស​បញ្ជាក់​ដែរ​ថា​មេ​បញ្ជាការ​កង​ទ័ព​នេះ Mar-Vell សម្ដែង​ដោយ​លោក Jude Law នឹង​ក្លាយ​ជា​ត្រួសត្រាយ​ផ្លូវ​និង​បង្ហាត់​បង្រៀន​ Captain Marvel ជា​ច្រើន។

៥. ពពួក Skrulls បាន​បង្ហាញ​ខ្លួន​ជា​លើក​ដំបូង

ពពួក​ Skrulls គឺ​ជា​បណ្ដា​សត្រូវ​របស់​បណ្ដា​ជាតិ​សាសន៍ Kree ហើយ​ក៏​ជា​ពពួក​ជាតិសាសន៍​ដ៏​សំខាន់​នៅ​ Marvel ផង​ដែរ។ សមត្ថភាព​របស់​ពពួក​ Skrulls នេះ​មាន​សមត្ថភាព​ប្រែក្រឡា​ជា​មនុស្ស​តាម​ចិត្ត​ខ្លួន​ចង់​បាន។ ដូច្នេះ​ហើយ​ទើប​ឈុត​មួយ​ពេល Captain Marvel វាយ​យាយ​ចាស់​ម្នាក់​ចំ​កណ្ដាល​មុខ​នោះ គឺ​មិន​មែន​យាយ​ចាស់​ទេ គឺ​ពពួក​ Skrulls នេះ​ឯង។

៦. Coulson នឹង​ត្រលប់​មក​វិញ

តួអង្គ​សំខាន់​មួយ​នៅ​ក្នុង​ Marvel គឺ Coulson នឹង​បង្ហាញ​ខ្លួន​នៅ​ក្នុង​រឿង​នេះ​ ក្រោយ​ពី​បាត់​បង់​ជីវិត​និង​លែង​បង្ហាញ​ខ្លួន​បន្ទាប់​ពី​រឿង​ "Avengers”។ នេះ​ដោយ​សារ​​រឿង​ "Captain Marvel” និយាយ​ពី​ហេតុការណ៍​ពី​អតីតកាល​ ដូច្នេះ Culson នៅ​សកម្ម​និង​ធ្វើ​ការ​ជាមួយ Nick Fury នៅ​ឡើយ។

៧. ភាពយន្ត​នេះ​នឹង​មិនមែន​សាច់​រឿង​ដូច​នៅ​ក្នុង​សៀវភៅ​ថ្លុក​ទេ

ភាពយន្ត​នេះ​នឹង​បង្ហាញ​ពី​ហេតុការណ៍​ថ្មី​មួយ​សរសេរ​ឡើង​សម្រាប់​តែ​ភាពយន្ត​ នឹង​មិន​ពឹង​ផ្អែក​លើ​ហេតុការណ៍​ដែល​បាន​និពន្ធ​ទុក​ស្រួច​ជា​ស្រេច​លើ​សៀវភៅ​ថ្លុក​នោះ​ទេ។

៨. ការ​បង្ហាញ​ខ្លួន​លើក​ដំបូង​របស់​តួអង្គ Monica Rambeau

Monica Rambeau គឺ​ជា​អ្នក​បន្ត​វេន​ពី​ Captain Marvel នៅ​ក្នុង​សៀវភៅ​ថ្លុក ចំពោះ​ហេតុការណ៍​នៅ​ក្នុង​ភាពយន្ត​គឺ​មិន​ទាន់​ដឹង​ច្បាស់​នៅ​ឡើយ។ ភាពយន្ត​នេះ​នឹង​ចាប់​ដាក់​បញ្ចាំង​នៅ​ថ្ងៃ​ទី​៨​ខែ​មិនា​ឆ្នាំ​ ២០១៩​ទូទាំង​ពិភពលោក។

ទស្សនា​វីដេអូ​ Trailer ខាង​ក្រោម​៖

​​

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ ធារ៉ូ

មតិយោបល់