• 2020-07-15 02:58:35
  • ភាពយន្ត

ឡូយ​មិន​ស្ទើរ ល្បី​ថារឿង "កម្ម" របស់ "ស្រី​អូន" ថត​ដោយ​កាមេរ៉ា​ដែល​ប្រើ​ក្នុង​ឧស្សាហកម្ម​ហូលីវូដ​ឯណោះ!

  • 2020-07-15 02:58:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាម​លោក ភីជិត ឬទ្ធា ​ជា​អ្នក​ដឹកនាំ​រឿង "កម្ម" ដែល​ជា​ភាពយន្ត​ខ្នាត​ធំ​ដំបូង​របស់​ផលិតកម្ម "រាម" របស់​ស្រី​អូន ល្បី​លើ​ហ្វេសប៊ុក បាន​ឲ្យ​ដឹង​ថា ក្រុម​ការងារ​ផលិត ពិសេស​ថ្នាក់​ដឹកនាំ​ផលិតកម្ម​បាន​សម្រេច​នាំ​យក​កាមេរ៉ា​ប្រភេទ​ទំនើប​បំផុត​ដែល​មាន​ប្រើ​ក្នុង​ឧស្សាហកម្ម​ភាពយន្ត​ហូលីវូដ មក​ប្រើ​ក្នុង​ការ​ផលិត​រឿង​នេះ​ដែរ។

"ប្រសិន​បើ​ទាំង​អស់​គ្នា​ចូល​ចិត្ត​រឿង​ហូលីវូដ ហើយ​ចាប់​អារម្មណ៍​គុណភាព​រូប​ពី​អេក្រង់ នោះ​ខ្ញុំ​អាច​ប្រាប់​ថា គឺ​មក​ពី កាមេរ៉ា ARRIនេះ​ឯង"។ លោក ភីជិត ឬទ្ធា ថ្លែង។

ដោយ​សារ​តែ​ប្រភេទ​កាមេរ៉ា ARRI ហាក់​ជា​រឿង​ថ្មី​ពេក អ្នក​ដឹកនាំ​រឿង​ខាង​លើ​ឲ្យ​ដឹង​ថា ថ្មី​ៗនេះ "ដានស៊ីងរ៉េន" (DancingRains) ដែល​ជា​ក្រុមហ៊ុន​ចែក​ចាយ ភាពយន្ត​ខ្នាត​ធំ​រឿង "កម្ម" របស់​ផលិតកម្ម "រាម" ក៏​បាន​រៀប​ចំ​សិក្ខាសាលា​ពិសេស​មួយ​នៅ ទីតាំង​ថត​ផ្ទាល់​របស់​រឿង​រន្ធត់​ខាង​លើ​តែ​ម្តង ដល់​សមិទ្ធិករ​ភាពយន្ត​នៅ​ក្រុង​បាត់ដំបង ដើម្បី​ពង្រឹង​ចំណេះ​ដឹង​របស់​ពួក​គេ​លើ​ការ​ផលិត​ភាពយន្ត ដោយ​កាមេរ៉ា​ទំនើប​កម្រិតហូលីវូឌ ហៅថាARRI (អានថា «អេរី»)នេះ។

លោក ភីជិត ឬទ្ធា អ្នក​ដឹកនាំ​រឿង "កម្ម"

លោក ឬទ្ធា ដែល​មិន​ត្រឹម​ជា​អ្នក​ដឹកនាំ​​រឿង តែ​ក៏​ជា​តំណាង​ចែកចាយARRI Cambodia ​ដែរ​នោះ បាន​មាន​ប្រសាសន៍​ថា ក្រុម​ការងារ​លោក​សម្រេច​ប្រើ​កាមេរ៉ា ARRI Alexa Mini LF ដែល​ជា​ម៉ូដែល ARRI ALEXA MINI ចុង​ក្រោយ​គេ ដើម្បី​ជួយ​លើក​គុណភាព រូបភាព​បាន​កម្រិត​ខ្ពស់ ក្នុង​នោះ​ក៏​ព្រោះ​តែ​វា​ផ្ដល់​ភាព​ងាយ​ស្រួល​លើ​ការ​កែ​សម្រួល​ទាំង​ក្រាហ្វិច និងការរចនាប្លង់ផ្សេងៗ ដែល​វា​នឹង​ផ្ដល់​មក​វិញ នូវ​គុណភាព​រូបភាព និង​សម្លេង​កាន់​តែ​មាន​គុណភាព​ខ្ពស់។

ក៏​ដូច​គ្នា​ដែរ​លោក នៅ សុវណ្ណារ័ត្ន ប្រធាន​ផ្នែក​រូបភាព (Director of Photography) បាន​ឲ្យ​ដឹង​ថា មាន​៣​ចំណុច​សំខាន់​ដែល​ចាំ​បាច់​ក្រុម​ការងារ​ផលិត សម្រេច​យក ARRI មក​ប្រើ។ ទី១ ផលិតកម្ម​ចង់​ពង្រឹង​គុណភាព ភាពយន្តឱ្យខ្លាំង។ ទី២ ចង់​នាំ​ចេញ​ស្នាដៃ​ដំបូង​នេះ ឱ្យ​បាន​លក់​ចេញ​ទៅ​ក្រៅ​ស្រុក និង​ទី៣ គឺ​ដើម្បី​ទាក់​ចិត្ត​ទស្សនិកជន​ក្នុង​ស្រុក​ជាមួយ​គុណភាព​ដ៏​ខ្ពស់​ទាំង​រូប​ភាព និង​សំឡេង ក្រោម​ការ​គាំទ្រ​ដោយ​ឧបករណ៍​មាន​បច្ចេកវិទ្យា​ទំនើប​នេះ​ដែរ។

បច្ចេកវិទ្យា​របស់ ARRI បាន​ធ្វើ​ឲ្យ​លោក ប៉ោយ ឈុនលី សិក្ខាកាម​ម្នាក់​ដែល​មាន​វត្តមាន​បាន​មាន​ការ​ភ្ញាក់​ផ្អើល​ ​លោក​ថា មិន​នឹក​ស្មាន​ថា កាមេរ៉ា​មួយ​នេះ ផ្តល់​រូបភាព​អស្ចារ្យ​យ៉ាង​នេះ។ ដូច្នេះ​ហើយ លោក​បញ្ជាក់​ថា លោក​ក៏​នឹង សាក​ប្រើ​កាមេរ៉ា​មួយ​នេះ សម្រាប់​ភាពយន្ត​ខ្លី​របស់​លោក​នៅ​ពេល​ក្រោយ​ដែរ។

រឿង "កម្ម" ត្រូវ​បានផលិតកម្ម "រាម" ដែល​គេ​ដឹង​ថា ស្រី​អូន ជា​បុគ្គល​ល្បី​ឈ្មោះ​តាម​ហ្វេសប៊ុក​ជា​ចាងហ្វាង​នោះ បាន​ប្រកាស​ចេញ​ផលិត​កាល​ពី​សប្ដាហ៍​មុន ដោយ​ក្នុង​នោះ សាច់​រឿង​ស្ទើរ​ទាំង​ស្រុង​ត្រូវ​ថត​នៅ​ខេត្ត​បាត់ដំបង។ ក្រោយ​ពី​ថត​ចប់ បើ​តាម​តម្រុយ​ខ្លះ​ៗ​ពី "ដានស៊ីងរ៉េន" ថា ប្រសិន​បើ​ស្ថានភាព​អំណោយ​ផល ខ្សែភាពយន្ត ខ្នាត​ធំ​រន្ធត់​១​នេះ នឹងបង្ហាញជូនទស្សនិកជន នៅ​គ្រប់​រោង ភាពយន្តក្នុងស្រុក នៅដើមឆ្នាំ ២០២១នេះ៕

អត្ថបទ៖ ទារិកា

មតិយោបល់