• សៅរ៍, 5 ឧសភា 2018 03:25
  • ព័ត៌មាន

Changmin តារាចិត្តធម៌​ឧបត្ថម្ភប្រាក់រាប់លាន ដល់​ក្មេងៗក្នុង​ទិវាសិទ្ធិកុមារ​នៅ​កូរ៉េ

  • សៅរ៍, 5 ឧសភា 2018 03:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រៅ​ពី​ជា​តារា​ប្រុស​មាន​រូបរាង​ស្រស់​សង្ហា​ជាទី​ប្រាថ្នា​របស់​នារីៗ​ជា​ច្រើន​ហើយ​ Changmin សមាជិក​ក្រុម​ TVXQ ក៏​ជា​បុគ្គល​ដែល​តែង​មាន​វត្តមាន​ជួយ​សង្គម​ មិនចាញ់​មិត្ត​រួម​ក្រុម Yunho ប៉ុន្មាន​ទេ។

ជាក់ស្ដែង​កាល​ពី​ថ្ងៃ​ទី​ ០៤ ខែ​ឧសភា​ម្សិលមិញ​ មាន​សេចក្ដី​រាយការណ៍​មក​ថា​ អ្នក​កំលោះ​រូប​នេះ​បាន​សម្រេច​បរិច្ចាគ​ទឹក​ប្រាក់​ផ្ទាល់​ខ្លួន​ចំនួន​ ៥៥លាន​វ៉ុន (ប្រហែល ៥១ ១៦០ដុល្លារ) ជូន​ទៅ​ដល់​មូលនិធិ​ស​ប្បុរសធម៌​ដើម្បី​សុខុមាលភាព​កុមារ​ពិភពលោក​ មាន​​​ឈ្មោះ​ថា​ "Green Umbrella Child Fund”។

ជាក់ស្ដែង​ ក្នុង​ប្រទេស​កូរ៉េ​ខាង​ត្បូង​ នៅថ្ងៃ​ទី​ ០៥ ខែ​ឧសភា​ ជា​ថ្ងៃ​នៃ​ទិវា​សិទ្ធិ​កុមារ។ ដូចនេះ​មាន​ន័យ​ថា​ ការ​ប្រគល់​ទឹកប្រាក់​ឧបត្ថម្ភ​របស់​ Changmin ធ្វើ​ឡើង​មុន​ថ្ងៃ​ពិសេស​នេះ​មួយ​ថ្ងៃ។

មួយ​វិញ​ទៀត​ គោល​បំណង​របស់​តារា​ប្រុស​រូប​នេះ​ គឺ​ដើម្បី​ជួយ​ទ្រទ្រង់​កុមារ​ដែល​រង​គ្រោះ​ដោយសារ​ជំងឺ​ និង​គ្រោះ​ថ្នាក់​ផ្សេងៗ។ លោក​បាន​និយាយ​ថា៖ "ទិវា​សិទ្ធិ​កុមារ​ជិត​មក​ដល់​ហើយ ខ្ញុំ​នឹក​ឃើញ​មុន​គេ​ គឺ​ក្មេងៗ​ដែល​កំពុង​មានជំងឺជាប់ខ្លួន។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ខ្ញុំ​ចង់​ឲ្យ​កុមារ​ទាំង​នោះ​ ទទួល​បាន​ភាព​សប្បាយ​រីករាយ​ដូច​ក្មេងៗ​ដទៃទៀត​ដែរ ក្នុង​ថ្ងៃពិសេស​នេះ ព្រមទាំង​សង្ឃឹម​ថា​ពួកគេ​អាច​សម្រេច​ក្ដី​សុបិន​របស់​ខ្លួន​ និង​ធំ​ឡើង​ប្រកប​ដោយ​សុភាព​ល្អ”។

សូម​រម្លឹក​ផងដែរ​ថា​ កាល​ពី​ពេល​កន្លង​ទៅ​ Changmin ក៏​ធ្លាប់​បាន​បរិច្ចាគ​ទឹក​ប្រាក់​ចំនួន​ ៥០​លាន​វ៉ុន​ (ប្រហែល ៤៦ ៥១០ដុល្លារ) ជាមួយ​មិត្ត​រួម​ក្រុម​ Yunho ជូន​ចំពោះ​ជន​រង​គ្រោះ​ពី​ការ​រញ្ជួយ​ដី​ក្នុង​ទីក្រុង​ Pohang កាល​ពី​ខែ​វិច្ឆិកា​ ឆ្នាំ​ ២០១៧។ ក្នុង​នោះ​គោល​បំណង​ធំ​របស់​អ្នក​ទាំង​ ២​ គឺ​កុមារ​ក្នុង​គ្រួសារ​ខ្សត់ខ្សោយ​ ដែល​ដង្ហោយ​រក​ជំនួយ​នា​ពេល​នោះ។

ក្រៅពី​នោះ​ តារា​ប្រុស​ចិត្ត​ធម៌​នេះ​ ក៏​នៅ​បន្ត​ជួយ​ជា​ទឹក​ប្រាក់​ដល់​ជន​រង​គ្រោះ​ កុមារ​ដទៃ​ទៀត​ជា​ហូរហែ​ផ្សេង​ទៀត​ដែរ។ សរុប​ជា​រួម​សកម្មភាព​មនុស្ស​ធម៌​របស់​លោក​ ភាគ​ច្រើន​ផ្ដោត​សំខាន់​ចំពោះ​កុមារ​ដែល​ខ្វះ​ទីពឹង៕

ប្រភព៖ Soompi ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់
អត្ថបទថ្មី