
- ច័ន្ទ, 28 កញ្ញា 2020 03:05
- ព័ត៌មាន
ចូលវ័យជិត៤០ឆ្នាំ អ៊ី ណូ មានអាជីវកម្មធំផ្ទាល់ខ្លួន ហើយប្រកាសជួយសង្គមកាន់តែច្រើន
- ច័ន្ទ, 28 កញ្ញា 2020 03:05
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចូលវ័យជិត៤០ឆ្នាំ អ៊ី ណូ មានអាជីវកម្មធំផ្ទាល់ខ្លួន ហើយប្រកាសជួយសង្គមកាន់តែច្រើន
តារាចម្រៀងប្រចាំផលិតកម្មសាន់ដេ លោក អ៊ី ណូ ប្រកាសបរិច្ចាគថវិកាប្រមាណ១០% នៃប្រាក់ចំណេញពីការធ្វើអាជីវកម្មជួសជុល និងលក់រថយន្ត ដើម្បីជួយដល់ជនងាយរងគ្រោះ និងចូលរួមក្នុងមូលនិធិមន្ទីរពេទ្យគន្ធាបុប្ផា។
នៅក្នុងថ្ងៃខួបកំណើតគម្រប់អាយុ៣៨ឆ្នាំ និងសម្ពោធបើកយានដ្ឋានជួសជុល និងលក់រថយន្តសេរីទំនើបសាខាទី៤ នៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ កាលពីយប់មិញ អ៊ី ណូ បញ្ជាក់ថា យានដ្ឋានទី៤ ដែលមានឈ្មោះថា ENO AUTO CAR គឺជាកម្មសិទ្ធិផ្ទាល់ខ្លួនដែលរូបលោក និងគ្រួសារបានដាក់ទុនរួមគ្នាជាង៥០ម៉ឺនដុល្លារ។
តារាចម្រៀងមាឌធំ និងសម្បូរវោហាររូបនេះ បន្ថែមថា ឆ្លងកាត់បទពិសោធន៍លក់រថយន្តជាមួយយានដ្ឋានដៃគូសហការទាំងបី បានធ្វើឲ្យលោកមានជំនឿកាន់តែខ្លាំងថានឹងទទួលជោគជ័យជាមួយសាខាថ្មីនេះ ហើយលោកនឹងចាប់ផ្ដើមគិតគូរបញ្ជីស្នាមទាក់ទងនឹងចំណូល-ចំណាយ ដើម្បីរកឲ្យឃើញប្រាក់ចំណេញរួចចែកទៅសង្គម។
នៅគ្រាហ៍ដែលយានដ្ឋានទាំងបីសាខា កំពុងដំណើរការជោគជ័យ អ៊ី ណូ មិនអល់អែកបន្ថែមអាជីវកម្មថ្មីនេះឡើយ ព្រោះលោកថា ប្រភពចំណូលពីសិល្បៈ និងអាជីវកម្មផ្ទាល់ខ្លួន គឺត្រូវដើរទន្ទឹមគ្នា។ ហេតុផលនេះហើយទើបធ្វើឲ្យតារាចម្រៀងរូបនេះ ធ្វើពិធីសម្ពោធបើកអាជីវកម្មថ្មី ចំថ្ងៃខួបកំណើតរបស់ខ្លួន ដោយបានអញ្ជើញសិល្បករ-សិល្បការិនី និងអ្នកមានមុខមានមាត់ក្នុងសង្គមឲ្យចូលរួមជាភ្ញៀវកិត្ដិយសជាង ៣០តុ យប់មិញ៕
អត្ថបទ៖ ជិន សុភ័ក្ដ្រ