
- សុក្រ, 19 តុលា 2018 08:00
- ជីវិតតារា
ក្រុមគ្រួសារ Ariana Grande ព្រួយបារម្ភពីសុខភាពផ្លូវចិត្តនាងក្រោយបែកបាក់សង្សារ
- សុក្រ, 19 តុលា 2018 08:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រុមគ្រួសារ Ariana Grande ព្រួយបារម្ភពីសុខភាពផ្លូវចិត្តនាងក្រោយបែកបាក់សង្សារ
ក្រុមគ្រួសារតារាចម្រៀង Ariana Grande ពិតជាព្រួយបារម្ភខ្លាំងពីបញ្ហាសុខភាពផ្លូវចិត្តរបស់តារារូបនេះ បន្ទាប់ពីទើបតែបែកបាក់ជាមួយគូស្នេហ៍តារាកំប្លែង Pete Davidson។
តារាវ័យ២៥ឆ្នាំរូបនេះ បានប្រកាសផ្ដាច់ទំនាក់ទំនងស្នេហ៍ជាមួយគូដណ្ដឹងថ្មីៗ បន្ទាប់ពីនាងត្រូវការពេលវេលា ដើម្បីធ្វើចិត្តក្រោយការស្លាប់របស់អតីតសង្សារ តារារ៉េប Mac Miller។ ទោះបីជានាងមានកិច្ចការរវល់ច្រើន ដើម្បីបំភ្លេចរឿងរ៉ាវទាំងនោះក៏ដោយ ក្រុមគ្រួសារនាងនៅតែមានការព្រួយបារម្ភច្រើន។
បើតាមប្រភពមួយបានឲ្យដឹងថា Ariana Grande កំពុងតែធ្វើចិត្តឲ្យមាំមួន និងខិតខំបំពេញភារកិច្ចការងារ ប៉ុន្តែក្រុមគ្រួសារនិងមិត្តភ័ក្ដិជិតស្និទ្ធនាងពិតជាមានការព្រួយបារម្ភជាខ្លាំង។ សម្រាប់ពេលនេះ នាងទើបតែបង្ហាញខ្លួនសម្ដែងបទ "The Wizard and I” ពីរឿងល្ខោន "Wicked” ក្នុងខួបគម្រប់១៥ឆ្នាំ ដែលជាលើកទី១នាងបង្ហាញខ្លួននៅខាងក្រៅ ក្រោយបែកបាក់ជាមួយអតីតគូដណ្ដឹង Pete Davidson។
បើតាមប្រភពមួយប្រាប់ទស្សនាវដ្ដី Peopel បានឲ្យដឹងថា Ariana ទទួលរងការឈឺចាប់ផ្នែកអារម្មណ៍យ៉ាងច្រើនតាំងពីឆ្នាំមុនមកម្ល៉េះ ពោលគឺតាំងពីករណីភេរវកម្មចំពោះការប្រគំតន្ដ្រីរបស់នាង ព្រមទាំងការស្លាប់របស់អតីតសង្សារ Mac Miller ហើយថ្មីៗនេះស្រាប់តែបែកបាក់គូដណ្ដឹងទៀត។ ជុំវិញការបែកគ្នានេះ បើតាម TMZ គេសង្ស័យថា Pete បានផ្ញើរូបស្និទ្ធស្នាលរបស់ខ្លួននិង Ariana Grande ទៅឲ្យ Mac Miller មើលដើម្បីកុំឲ្យមកទាក់ទងនឹងនាងទៀត ដោយមិនបានដឹងថា Mac កំពុងតែមានអារម្មណ៍បាក់ទឹកចិត្ត។
សម្រាប់ពេលនេះ Ariana បានចាកចេញពីបណ្ដាញសង្គមមួយរយៈ រហូតដល់នាងមានអារម្មណ៍ល្អឡើងវិញ ហើយអាចប្រកបការងារបានដូចដើមវិញ ដោយនាងក៏បានបង្ហាញការអរគុណទៅកាន់អ្នកគាំទ្រផងដែរ៕
ប្រភព៖ entertainment.toggle ប្រែសម្រួល៖ ធារ៉ូ